ជាតិ
សេដ្ឋកិច្ច
«មៀនប៉ៃលិន»របស់កសិករនៅតែជួបបញ្ហាទីផ្សារ បើការចរចាបើកទីផ្សារចិនបន្តអូសបន្លាយ
27, Oct 2021 , 2:34 pm        
រូបភាព
មៀនប៉ៃលិន របស់ប្រជាកសិករ នៅក្នុងខេត្តប៉ៃលិន
មៀនប៉ៃលិន របស់ប្រជាកសិករ នៅក្នុងខេត្តប៉ៃលិន
ភ្នំពេញ៖ កសិករដែលដាំដុះមៀនប៉ៃលិន ឬតាង៉ែន នៅតែប្រឈមនឹងបញ្ហាទីផ្សារ​ បើកម្ពុជាចរចាជាមួយចិន នៅតែអូសបន្លាយពេល ដោយសារតែរបាំងអនាម័យ និងភូតគាមអនាម័យ(SPS)។ មៀនប៉ៃលិនរបស់កសិករ បានជួបបញ្ហាទីផ្សារ តាំងមកពីដើមខែសីហា ឆ្នាំ២០២១មក ដោយសារវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែសម្តេច ហ៊ុន សែន បានចេញមុខដោះស្រាយបញ្ហាទីផ្សារក្នុងរយៈពេលខ្លី ជូនកសិករ។

 
បច្ចុប្បន្ន ប្រជាកសិករដែលដាំដុះមៀនប៉ៃលិន នៅតែប្រឈមខ្លាំងចំពោះបញ្ហាទីផ្សារ ព្រោះតែប្រទេសថៃ មិនអនុញ្ញាតឱ្យនាំចូល​ ខណៈការប្រមូលផលនៃដំណាំនេះ មានយ៉ាងហោចណាស់ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។ លោក សារ​ ចំរើន ​ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន បានលើកឡើងថា ការអន្តរាគមន៍ទីផ្សាររបស់សម្តេច ហ៊ុន សែន ជួយដោះស្រាយបញ្ហាកកស្ទះមៀនប៉ៃលិនរបស់កសិករ បានតែមួយខែប៉ុណ្ណោះ​។ ប៉ុន្តែក្រោយយុទ្ធនាការចុះប្រមូលមៀនប៉ៃលិននេះ ​ត្រូវបានបញ្ចប់នៅថ្ងៃទី៣១សីហា ឆ្នាំ២០២១ ប្រជាកសិករ  នៅតែជួយបញ្ហាទីផ្សារដដែល។ 
 
«កាលប្រមុខរដ្ឋាភិបាលចេញមុខដោះស្រាយ បញ្ហាទីផ្សារមៀនប៉ៃលិន គឺយើងធូរស្រាលបានតែមួយខែទេ នៃរដូវកាលប្រមូលផលដំបូងហ្នឹង»។ នេះជាការលើកឡើងរបស់លោក សារ ចំរើន ដោយបានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នាថ្ងៃទី២៦តុលា​ថា ទិន្នផលមៀនប៉ៃលិនរបស់កសិករនាពេលនេះ គឺមានច្រើនជាងរដូវកាលប្រមូលផលដំបូងទៅទៀត។ 
 
ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិនរូបនេះ បន្តនិយាយដូច្នេះ៖ «ខ្ញុំគិតថា បើរដ្ឋាភិបាលយកលុយមកដោះស្រាយបញ្ហាហ្នឹងទៀត ក៏វាខាតច្រើនដែរ។ បើយើងនិយាយពីការអន្តាគមន៍របស់រដ្ឋាភិបាល គឺកសិករលក់មៀន​គឺបានលុយហើយ ប៉ុន្តែ​រដ្ឋាភិបាលដែលចុះមកប្រមូលទិញមៀនពីកសិករហ្នឹង គឺដូចយកលុយច្រើនមកហែកចោលអ៊ីចឹង ព្រោះផ្លែមៀន​ឥឡូវនេះ មិនមែនមានចំនួនតិចដូចកាលពីមុនទេ​ គឺមានច្រើនមែនទែន ហើយតម្រូវការមៀនប៉ៃលិននៅក្នុងយើង មានទំហំតូចណាស់​​»។ 
 
អត្ថបទទាក់ទង
បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ការប្រមូលទិន្នផលផ្លែមៀនប៉ៃលិន ចាប់ពីខែតុលា ដល់ដំណាច់ឆ្នាំ២០២១នេះ កសិករមិនសូវជួបបញ្ហាអ្វីច្រើន គួរឱ្យបារម្ភនោះទេ។ លោកបានបញ្ជាក់ថា បច្ចុប្បន្ន​ ក៏មានឈ្មួញមួយចំនួន លួចនាំមៀនប៉ៃលិន ចូលទៅប្រទេសថៃតាមច្រករបៀង បានប្រមាណ១០តោន ក្នុងមួយសប្តាហ៍ដែរ។ ប្រធានមន្ទីរកសិកម្មរូបនេះ បាននិយាយដូច្នេះ៖«ដ្បិតថានាំចេញនោះមិនច្រើនដូចកន្លងទៅ តែវាអាចដោះស្រាយបញ្ហាកកស្ទះមៀនប៉ៃលិន នៅក្នុងចម្ការរបស់កសិករបានមួយកម្រិតដែរ»។ ​
 
សម្រាប់ លោក ឈឹម វជិរា បញ្ហាកកស្ទះមៀនប៉ៃលិននៅក្នុងចម្ការ ដែលគួរឱ្យបារម្ភខ្លាំងនោះ គឺការប្រមូលផលនៅក្នុងខែមករា និងខែកុម្ភៈ ព្រោះវាជារដូវប្រមូលផលធំប្រចាំឆ្នាំរបស់កសិករ។​ លោកបានអះអាងថា  អ្វីដែលអាចដោះស្រាយបញ្ហាទីផ្សារជូនកសិករ​បានដោយចីរភាព គឺមានតែការសម្រេចបាននូវកិច្ចចរចា ជាមួយភាគីប្រទេសចិន ក្នុងការនាំចេញកសិផលប្រភេទនេះ  ខណៈភាគីចិន បានទទួលយក​សំណាកនៃសមាសភាពចង្រៃចំនួន៨ប្រភេទ នៅលើផ្លែមៀនប៉ៃលិនពីកម្ពុជា កាលពីថ្ងៃទី២៥សីហា ឆ្នាំ២០២១។
 
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងិន ឆាយ ​អគ្គនាយកនៃអគ្គនាយកដ្ឋាន​កសិកម្ម បានលើកឡើងថា មកទល់ថ្ងៃទី២៦ ខែតុលានេះ  ភាគីប្រទេសចិន មិនទាន់បានឆ្លើយតបអ្វីឡើយ ពីការលទ្ធភាព នៃសិក្សាលើសមាសភាពចង្រៃទាំង៨ប្រភេទ នៅលើផ្លែមៀនប៉ៃលិនដែលទទួលយកពីកម្ពុជាកន្លងមកនេះ។ 
 
លោក ងិន ឆាយ បាននិយាយប្រាប់សារព័ត៌មាន ThmeyThmey ដូច្នេះ៖«បើភាគីចិនមិនឯកភាព ក្នុងការនាំចូលមៀនប៉ៃលិនពីកម្ពុជាទេ នោះកសិករនៅតែជួបបញ្ហាទីផ្សារដដែល​ព្រោះដំណាំនេះ ត្រូវបានផលិតមក គឺពីលើសតម្រូវការក្នុងស្រុកហើយ»។ អគ្គនាយកកសិកម្មរបស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា​៖ «ចំពោះទីផ្សារនៅបរទេសរាល់ឆ្នាំកន្លងមក គឺមានការនាំចេញទៅប្រទេសថៃ [តែក្រៅផ្លូវការ ឬខុសច្បាប់] ហើយប្រទេសថៃហ្នឹង ក៏បានចេញបន្តទៅប្រទេសចិន។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ​​ភាគីចិនបានរឹតបន្តឹងការនាំចូលផ្លែមៀនពីថៃ ដោយសារផលិតផលនោះ មានសមាសភាពចង្រៃ ទើបបណ្តាឱ្យភាគីថៃហ្នឹង រឹតបន្តឹងការនាំចូលផ្លែមៀនពីយើង មកទល់សព្វថ្ងៃនេះ»។ 
 
ទន្ទឹងនឹងការពន្លឿនភាគីចិន​ ឱ្យពិនិត្យលើឯកសារបច្ចេកទេស និងវាយតម្លៃលើសមាសភាពចង្រៃ លើផ្លែមៀនប៉ៃលិននោះ ក្រសួងកសិកម្ម រួមទាំងភាគីពាក់ព័ន្ធ បានខិតខំបើកទីផ្សារក្នុងស្រុក, ជំរុញការវិនិយោគ ឬការកែច្នៃក្នុងស្រុក និងបើកទីផ្សារនៅប្រទេសវៀតណាម តាមរយៈកិច្ចចរចា រវាងប្រទេសជាប់ព្រំដែន ដើម្បីដោះស្រាយបញ្ហាកកស្ទះមៀនប៉ៃលិនរបស់កសិករ។ នេះបើតាមការលើកឡើងរបស់លោក ងិន ឆាយ។ 
 
លោក វេង សាខុន ដែលជារដ្ឋមន្ត្រីកសិកម្ម  ធ្លាប់លើកឡើងថា កម្ពុជាបានស្នើសុំនាំចេញមៀនប៉ៃលិន ទៅទីផ្សារចិនតាំងពីឆ្នាំ២០១៩ ប៉ុន្តែមកទល់បច្ចុប្បន្ន គឺមិនទាន់មានការអនុញ្ញាតឡើយ។ លោក អះអាងថា នីតិវិធីក្នុងការនាំចេញមៀនប៉ៃលិនមាន ៧ដំណាក់កាល និងចំណាយពេលវេលាយូរ គឺយ៉ាងហោចណាស់២ឆ្នាំ បន្ទាប់ពីការលើកសំណើបើកទីផ្សារផលិតផលផ្លែឈើជាផ្លូវការ។
 
លោក​ វេង សាខុន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន​ កាលពីថ្ងៃទី៣០សីហា ឆ្នាំ២០២១ កន្លងទៅថា៖«ក្នុងករណីស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនរបស់កម្ពុជាទៅកាន់ប្រទេសចិន មកទល់ពេលនេះ ទើបតែ​ឈាន​ដល់​ដំណាក់កាលទី២តែប៉ុណ្ណោះ នៅសល់៥ដំណាក់កាល ដែលត្រូវឆ្លងកាត់បន្តបន្ទាប់ទៀត»។
 
បើតាមរដ្ឋមន្រ្តីកសិកម្មរូបនេះ ៥ដំណាក់កាលទៀតដែលត្រូវឆ្លងកាត់ជាបន្តបន្ទាប់ក្នុងការនាំចេញមៀនប៉ៃលិនចូលទីផ្សារចិនបាន មាន ការចុះត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម, ការរៀបចំសេចក្តីព្រាងច្បាប់ពិធីសារ និងចុះហត្ថលេខា, ការបំពេញលក្ខខណ្ឌតម្រូវដូចមានចែកក្នុងពិធីសារ, ការចុះត្រួតពីនិត្យមើលលទ្ធផលនៃការបំពេញលក្ខខណ្ឌតម្រូវ និងការសម្រេចចិត្តបើកទីផ្សារ។​
 
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះមៀនប៉ៃលិនទូទាំងប្រទេស សរុប ១៣ ៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ដោយឡែក ខេត្តដែលមានកសិករដាំដុះប្រភេទនេះច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនគិរី និងបន្ទាយមានជ័យ។ លោក វេង សាខុន បានបញ្ជាក់ថា ក្នុងចំណោមផ្ទៃដីដាំដុះមៀនប៉ៃលិនទូទាំងប្រទេសនេះ គឺមាន៦ ៩២៧ហិកតា​ ដែលកសិករ ត្រូវទទួលបានទិន្នផលនៅក្នុងឆ្នាំ២០២១​។
 
តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២០សីហា រដ្ឋមន្ត្រីកសិកម្មរូបនេះ មានប្រសាសន៍ដូច្នេះ ៖ «តាមអ្វីដែលយើងប៉ាន់ស្មាន ផ្ទៃដីដែលអាចប្រមូលផល [ផ្លែតាង៉ែន] បាននៅក្នុងឆ្នាំ២០២១នេះ  គឺមានប្រមាណ១១ម៉ឺនតោន ដែលយើងត្រូវប្រមូលផល»៕ 

Tag:
 ពាណិជ្ជកម្ម
  កសិកម្ម
  មៀនប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com