ជាតិ
ក្រុម​ប្រឹក្សាជាតិកម្ពុជា​ដើម្បី​កុមារ​ ស្នើ​ឱ្យតុលាការដាក់ទោសយ៉ាងតឹងរឹងលើ​មេប៉េអឹមក្រុងក្រចេះ
31, Oct 2021 , 5:07 pm        
រូបភាព
ភ្នំពេញ៖ គណៈ​កម្មការ​ការពារ​កុមារ​ថ្នាក់​ជាតិ នៃ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍ និង​ថ្កោលទោស​ជុំវិញ​ករណី​ហិង្សា​ដោយ​ចេតនា​របស់​លោក ទេព ហ៊ុយ មេប៉េអឹម​ក្រុង​ក្រចេះ លើ​កុមារី​២រូប ជា​កូន​ឈ្នួល។ បើតាម​សេចក្ដី​ថ្លែងការណ៍ចេញ​ផ្សាយ​​ថ្ងៃទី​៣១ តុលានេះ គណៈ​កម្មការ​ការពារ​កុមារ​ថ្នាក់​ជាតិ នៃ ក.ជ.ក អំពាវនាវ និង​ទទូច​ដល់​សមត្ថកិច្ច​ ពិសេស​ស្ថាប័ន​អយ្យការតុលា បន្ត​បណ្ដឹង​អាជ្ញា​លើ​ករណី​ហិង្សា​ស្ថានទម្ងន់នេះ និង​ដាក់ទោសយ៉ាងតឹងរឹងបំផុតចំពោះជនល្មើស​។
 
ក្រោយ​ទទួល​បាន​ព័ត៌មានជុំវិញ​ករណី​ហិង្សា​លើ​កុមារី​អាយុ​១២ឆ្នាំចំនួន ២រូប ​នៅខេត្ត​ក្រចេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បាន​ថ្កោលទោសនូវ​ទង្វើ​ឃោរឃៅ​របស់​លោក ទេព ហ៊ុយ ដែលជា​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ក្រចេះ។ គណៈកម្មការការពារកុមារថ្នាក់ជាតិ មាន​ការ​​តក់ស្លុត​ និង​អាណិត​អាសូរ​ចំពោះ​កុមារី​ទាំង២ ដោយ​ចាត់ទុក​ទង្វើនេះ ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិកុមារ​។ 
 
​សេចក្ដី​ថ្លែង​ការណ៍​ខាងលើ លើក​ឡើងយ៉ាងដូច្នេះ៖ «គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូម​ថ្កោល​ទោស​ដាច់​អហិង្សា មិន​អាច​ទទួល​យក​បាន​ដាច់​ខាត់​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​យ៉ាង​ឃោរឃៅ​ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ ដែល​បង្កឡើងដោយ​ឈ្មោះ ទេព ហ៊ុយ ទៅ​លើ​កុមារី​២នាក់»។
 
ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កុមារីរងគ្រោះទាំង​២រូប គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ពិសេសស្ថាប័នអយ្យការតុលា សូម​បន្តបណ្ដឹងអាជ្ញាលើករណីហិង្សាស្ថានទម្ងន់នេះ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់។ សេចក្ដី​ថ្លែងការណ៍ដដែល​ បន្តថា ត្រូវដាក់​ទោស​យ៉ាងតឹង​រឹង​បំផុត​ចំពោះ​ជន​ល្មើស​ ដើម្បី​កុំ​ឱ្យ​អំពើ​ដ៏​អាក្រក់នេះ កើតមាន​ក្នុង​សង្គម​បន្ត​ទៀត៕ 
 

Tag:
 អំពើ​ហិង្សា
  ក្រចេះ
  កងរាជអាវុធហត្ថ
© រក្សាសិទ្ធិដោយ thmeythmey.com