ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន រំពឹងថា សេដ្ឋកិច្ចជាតិឆ្នាំ២០២១ អាចកើនបាន២,៦ភាគរយ ក្រោយបើកប្រទេសឡើងវិញ
02, Nov 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ​សម្តេច ហ៊ុន សែន រំពឹងថាសេដ្ឋកិច្ចកម្ពុជា អាចកើនបាន២,៦ភាគរយ នៅក្នុងឆ្នាំ២០២១ ក្រោយ បើកដំណើរការសង្គមនិងសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញទាំងអស់ ចាប់ពីថ្ងៃទី១វិច្ឆិកានេះ។  បើតាមប្រសាសន៍សម្តេច អត្រាកំណើននេះ អាចបានពីការចូលរួមចំណែកច្រើនពីវិស័យទេសចរណ៍ផ្ទៃក្នុង។



សម្តេច ហ៊ុន សែន សម្រេចបើកដំណើរការប្រទេសពេញលេញឡើងវិញគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ចាប់ពីថ្ងៃទី១វិច្ឆិកា តទៅ។ ការសម្រេចបើកដំណើរការសង្គមនិងសេដ្ឋកិច្ចទាំងអស់ក្នុងប្រទេសឡើងវិញនេះ សម្តេច ហ៊ុន សែន រំពឹងថា សេដ្ឋកិច្ចកម្ពុជា អាចនឹងកើនបាន២,៦ភាគរយ នៅក្នុងឆ្នាំ២០២១។ ​
បើតាមសម្តេច ហ៊ុន សែន ​ដែលថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១វិច្ឆិកា អត្រាកំណើននេះ គឺអាចបានពីវិស័យទេសចរណ៍ផ្ទៃក្នុង ខណៈរដ្ឋាភិបាលលើកទឹកចិត្តដល់ពលរដ្ឋ ឱ្យចេញធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងបណ្តាខេត្តផ្សេងៗនៅក្នុងស្រុក។  
 
ប្រមុខរដ្ឋាភិបាលមានប្រសាសន៍ដូច្នេះ៖ «ទេសចរផ្ទៃក្រៅក្នុងមួយឆ្នាំៗ អាចមាន៥ទៅ៦លាននាក់»។ សម្តេច បានបន្តថា៖ «កុំមើលស្រាលទេសចរខ្មែរឱ្យសោះ។ ទេសចរខ្មែរចាយលុយធំជាងទេសចរមកពីបរទេស ហើយហា៊នដេកនៅសណ្ឋាគារផ្កាយ៥ទៀត»។​
 
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២១ កម្ពុជាទទួលបានទេសចរណ៍ផ្ទៃក្នុងប្រមាណ២,៤២លាននាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិមានជាង២,២៦លាននាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានប្រមាណ ១៦ ម៉ឺននាក់។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា  ភ្ញៀវទេសចរជាតិដែលទទួលបាននេះ គឺថយចុះ៥១ភាគរយ ​ និងភ្ញៀវទេសចរបរទេស ធ្លាក់ចុះរហូតដល់ ៩០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនេះ សម្តេច ហ៊ុន សែន ក៏បានសម្រេចបើកទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០តុលា ឆ្នាំ២០២១​ដើម្បីទាក់ទាញចំណូលសម្រាប់សេដ្ឋកិច្ចជាតិ និងពលរដ្ឋ ផងដែរ។ 
 
កាលពីថ្ងៃទី២៨កញ្ញា  ធនាគារពិភពលោក(World Bank)បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២១ ពី៤ភាគរយមកត្រឹមកំណើន២​,២ភាគរយ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី(ABD) រំពឹងថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចត្រឹម១,៩ភាគរយប៉ុណ្ណោះ៕ 

Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com