ជាតិ
សេដ្ឋកិច្ច
សមាគមសុវត្ថិភាពត្រី និងសមាគមវារីវប្បករកម្ពុជា ទទូចឱ្យអាជ្ញាធររឹតត្បិតការនាំចូលត្រីក្លាសេ្សពីថៃ
09, Nov 2021 , 9:59 pm        
រូបភាព
ត្រីប្រាដែលនាំចូលពីប្រទេសថៃ។ រូបថត៖ ពីសមាគមសុវត្ថិភាពត្រី​ សាច់ ​បន្លែ កម្ពុជា
ត្រីប្រាដែលនាំចូលពីប្រទេសថៃ។ រូបថត៖ ពីសមាគមសុវត្ថិភាពត្រី​ សាច់ ​បន្លែ កម្ពុជា
ភ្នំពេញ៖ ខណៈដែលក្រុមអ្នកចិញ្ចឹមត្រីនៅក្នុងស្រុក កំពុងជួបបញ្ហាទីផ្សារ ការនាំចូលត្រីគ្រប់ប្រភេទ ពីប្រទេសវៀតណាម ហាក់មិនថមថយសោះ។ ទន្ទឹមនឹងគ្នា ការនាំចូលប្រភេទត្រីក្លាស្សេ ជាពិសេសត្រីប្រា ពីប្រទេសថៃ ក៏មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ នារយៈពេលជិត១ខែចុងក្រោយនេះ។ ជុំវិញបញ្ហានេះ សមាគមវារីវប្បករនៅកម្ពុជា ក៏ដូចសមាគមសុវត្ថិភាព ត្រី សាច់ បន្លែ កម្ពុជា បានទាមទារយ៉ាងទទូច ដល់គ្រប់ភាគី ឱ្យបន្តការរឹតត្បិតការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាទីផ្សារជូនដល់កសិករស្រុក។

 
នៅទីផ្សារខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនដែលជាប់ព្រំដែនប្រទេសថៃ កំពុងវាយលុកដោយត្រីក្លាស្សេដែលនាំចូលពីប្រទេសថៃ ដូចជាប្រភេទត្រីអណ្តែង ត្រីឆ្ពិន ជាពិសេសគឺប្រភេទត្រីប្រា ដែលមានចំនួនច្រើនលើសលុបតែម្តង។ បើតាមលោក សុខ យ៉ុង  ដែលអនុប្រធានសមាគមសុវត្ថិភាពត្រី សាច់ បន្លែកម្ពុជា ត្រីប្រាដែលនាំចូលពីប្រទេសថៃ មកចែកចាយនៅលើទីផ្សារមួយចំនួននៅកម្ពុជានាបច្ចុប្បន្ន ភាគច្រើនឈ្មួញទិញយកទៅកែច្នៃធ្វើផ្អក និងធ្វើជាត្រីងៀតជាដើម។ 
 


«សព្វថ្ងៃការនាំចូលត្រីប្រាក្លាស្សេពីថៃនាំមកទីផ្សារយើង គឺមានច្រើន! ច្រើនមែនទែន ដោយសារប្រភេទត្រីប្រាហ្នឹង ដែលសហគមន៍គេចិញ្ចឹមបាន គេមិនឱ្យចែកចាយ ឬលក់នៅលើទីផ្សារ សម្រាប់ពលរដ្ឋគេបរិភោគទេ។ ត្រីទាំងនោះនាំចូលភាគច្រើន តាមច្រកប៉ោយប៉ែត និងឡែម»។ នេះជាការលើកឡើងរបស់ លោក  សុខ យ៉ុង  ដោយបានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey ថា៖ «ត្រីបា្រនៅថៃហ្នឹង គឺគេចិញ្ចឹមឡើងសម្រាប់កសិករគេ ធ្វើជាចំណីសត្វប៉ុណ្ណោះ»។ 
 
បើតាមលោក សុខ យ៉ុង ក្នុងមួយថ្ងៃនៅខេត្តសៀមរាប មានត្រីបា្រក្លាស្សេយ៉ាងហោចណាស់ចំនួន១៥តោន ត្រូវបានឈ្មួញនាំចូលពីថៃ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ខណៈទីផ្សារនៅខេត្តកំពង់ចាម កំពង់ធំ  និងនៅទីផ្សារមួយចំនួននៅរាជធានីភ្នំពេញ ក៏កំពុងវាយលុកដោយការនាំចូលត្រីប្រាក្លាស្សេនេះផងដែរ។ អនុប្រធានសមាគមសុវត្ថិភាព ត្រី សាច់ បន្លែ កម្ពុជារូបនេះ បាននិយាយថា ការនាំចូលប្រភេទត្រីទាំងនេះ បានធ្វើឱ្យក្រុមវារីវប្បករ ឬកសិករចិញ្ចឹមត្រីក្នុងស្រុក កាន់តែប្រឈមបញ្ហានៃការប្រកួតប្រជែងតម្លៃខ្លាំង ជាមួយត្រីនាំចូលទាំងនេះ។ «ឥឡូវហ្នឹង ត្រីប្រារបស់កសិករយើងលក់តែមួយគីឡូក្រាមតម្លៃ ៤ ៥០០រៀល ក៏លក់អត់ចេញផង។ ព្រោះតែត្រីដែលនាំចូលពីថៃហ្នឹង មានតម្លៃត្រឹម៣ ៧០០រៀលទេក្នុងមួយគីឡូក្រាម ឬតម្លៃក្រោមនេះក៏មានដែរ»។ លោក សុខ យ៉ុង បានបន្ថែមដូច្នេះ។ 
 


ពាក់ព័ន្ធនឹងនាំចូលត្រីក្លាស្សេពីប្រទេសថៃនេះ លោក សុខ យ៉ុង បានទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅព្រំដែន រឹតត្បិតនៃការនាំចូលដោយត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ នូវគុណភាពត្រីដែលនាំចូល ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ នៅក្នុងស្រុក។ ជាមួយគ្នា លោក សុខ រ៉ាដែន ដែលជាប្រធានសមាគមរវារីវប្បករនៅកម្ពុជា បានលើកឡើងថា វារីវប្បករមួយចំនួននៅក្នុងស្រុក ហាក់បាក់ទឹកចិត្ត ក្នុងការប្រកបមុខរបរនេះបន្តទៀត ព្រោះតែមិនអាចមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយនឹងត្រីនាំចូលពីប្រទេសថៃ និងវៀតណាមបាន។ 
 
លោក សុខ រ៉ាដែន បានប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖ «មួយរយៈចុងក្រោយនេះកសិករទទួលបានបទពិសោធន៍ និងខ្លាចរអា [ក្នុងការប្រកបមុខរបរចិញ្ចឹមត្រីនេះ] គឺដោយសារត្រីដែលពួកគាត់ចិញ្ចឹមបានហ្នឹង មិនត្រឹមតែមានតម្លៃថោកទេ គឺថែមទាំងលក់មិនចេញទៀត ដែលធ្វើឱ្យគាត់ [កសិករ] ពន្យារពេលចិញ្ចឹមត្រីរបស់គាត់ហ្នឹង ដោយត្រូវចំណាយថ្លៃដើមបន្ថែម កាន់តែខ្ពស់ថែមទៀត»។ 
 
បើតាម លោក សុខ រ៉ាដែន បច្ចុប្បន្ន អ្នកចិញ្ចឹមត្រីលក្ខណៈគ្រួសារមួយចំនួនធំ បានបោះបង់មុខរបរនេះ ព្រោះកសិករទាំងនោះ មិនមានលទ្ធភាព ឬទុនសម្រាប់បន្តទៅមុខទៀត ខណៈអ្នកចិញ្ចឹមត្រីខ្នាតធំ និងមធ្យម ក៏បានកាត់បន្ថយបរិមាណចិញ្ចឹមផងដែរ។ ប្រធានសមាគមវារីវប្បករកម្ពុជា បន្តនិយាយដូច្នេះ៖« បើកម្ពុជានៅតែមិនពង្រឹង ឬបន្តឹងការនាំចូលត្រី ពីប្រទេសជិតខាងទេ នោះវិស័យវារីវប្បកម្មយើងនឹងដួលហើយ»។  
 
ជុំវិញនៃការនាំចូលត្រីក្លាស្សេពីប្រទេសថៃនេះ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានទទួលស្គាល់ថា គឺពិតជាមានការនាំចូលកម្ពុជា ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ លោក បានបញ្ជាក់ថាយ៉ាងខ្លីថា៖«ការនាំចូលត្រីតាមច្រកឡែម គឺមានមិនច្រើន ដូចនាំចូលតាមច្រកប៉ោយប៉ែតឡើយ»។ សម្រាប់លោក ប៉ាង វណ្ណសេដ្ឋ ដែលជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សុំមិនអត្ថាធិប្បាយជុំវិញការនាំត្រីក្លាហ្សេពីថៃ ចូលទីផ្សារកម្ពុជានេះ ទេ។  លោក វណ្ណសេដ្ឋ បាននិយាយដូច្នេះ៖«ព័ត៌មានហ្នឹង ខ្ញុំក្តាប់មិនបានទេ»។
 


ពាក់ព័ន្ធនឹងការនាំចូលត្រីពីប្រា ពីប្រទេសថៃ និងប្រទេសវៀតណាម ចូលទីផ្សារកម្ពុជានេះ លោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងប្រាប់សារព័ត៌មាន ThmeyThmeyថា តាំងពីដើមឆ្នាំ២០២១មក រដ្ឋបាលជលផល មិនទាន់ចេញលិខិតអនុញ្ញាត ឱ្យមានការនាំត្រីប្រា ត្រីពោ ត្រីឆ្តោ ចូលកម្ពុជាឡើយ។ លោក ពុំ សុថា បាននិយាយដូច្នេះ៖« ចំពោះករណីនៃការនាំចូលត្រីក្លាស្សេពីថៃនេះ យើងនឹងសហការជាមួយស្ថាប័នជំនាញ ដើម្បីទប់ស្កាត់»។ 
 
បើតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ អនុវិស័យនេសាទឆ្នាំ២០២២ ត្រូវបានរំពឹងថា នឹងមានកំណើនថមថយ ធៀបនឹងឆ្នាំ២០២១ ដោយសារការថមថយផលិតកម្មវារីវប្បកម្ម ដែលបណ្ដាលមកពីការរាំងស្ទះ ក៏ដូចជាភាពលំបាកក្នុងការចូលមកកាន់ទីផ្សារផ្គត់ផ្គង់៕ 

Tag:
 កសិកម្ម
  ត្រី
  វារីប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com