ជាតិ
សេដ្ឋកិច្ច
អាម៉េរិក នឹងពិចារណាផ្តល់GSPឱ្យកម្ពុជាឡើងវិញ ដោយរង់ចាំការសម្រេចពីសភា
11, Nov 2021 , 4:13 pm        
រូបភាព
ភ្នំពេញ៖ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងពិចារណាក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះទូទៅGSP ឱ្យកម្ពុជាឡើងវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា ការវាយតម្លៃនេះនឹងធ្វើឡើង បន្ទាប់មានការអនុញ្ញាតពីសភាអាម៉េរិក។

 
 
ក្រសួងការបរទេសអាម៉េរិក បានលើកឡើងថា តំណាងពាណិជ្ជកម្មអាមេរិក នឹងវាយតម្លៃក្នុងការបន្តផ្តល់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅGSP ​(Generalized System of Preferences) ឱ្យកម្ពុជា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិក កាលពីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ «ការវាយតម្លៃនេះនឹងធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាតឡើងវិញនូវអត្ថប្រយោជន៍នៃកម្មវិធីអនុគ្រោះពន្ធGSP ហើយរួមបញ្ចូលនូវលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានឬវិសោធនកម្មសារជាថ្មី ពីសភាអាម៉េរិក»។
 
ខណៈស្ថិតនៅក្នុងការពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធGSPសារជាថ្មី ឱ្យកម្ពុជានេះ សហរដ្ឋអាម៉េរិកតាមរយៈក្រសួងការបរទេស ក្រសួងរតនាគារ និងក្រសួងពាណិជ្ជកម្មរបស់ខ្លួន ក៏បានព្រមានដល់ធុរជនអាម៉េរិកទាំងអស់ ដែលកំពុងប្រតិបត្តិការ ឬចង់វិនិយោគនៅកម្ពុជា កុំឱ្យជាប់ពាក់ព័ន្ធនឹងការអនុវត្តអាជីវកម្មពុករលួយ សកម្មភាពឧក្រិដ្ឋកម្ម និងការរំលោភសិទ្ធិមនុស្ស រួមទាំងសកម្មភាពហិរញ្ញវត្ថុខុសច្បាប់ និងហានិភ័យនានា ដែលពាក់ព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
 
«ការវិវឌ្ឍន៍ថ្មីៗនៅកម្ពុជា រួមទាំងអំពើពុករលួយជាប្រព័ន្ធ ឧក្រិដ្ឋកម្មឆ្លងដែន និងការរំលោភសិទ្ធិមនុស្ស បានគំរាមកំហែង ទាំងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដដែលរបស់អាម៉េរិក ដោយបានរៀបរាប់ដូច្នេះ៖« មន្ត្រីរបស់អាម៉េរិក បានលើកឡើងពីការព្រួយបារម្ភទាំងនេះ ជាទៀងទាត់ជាមួយមេដឹកនាំរបស់កម្ពុជា ប៉ុន្តែគួរឱ្យសោកស្តាយ គឺមិនមានការផ្លាស់ប្តូរប្រកបដោយអត្ថន័យ»។ 
 
ក្រសួងការបរទេសអាម៉េរិក បានអះអាងថា សហរដ្ឋអាម៉េរិកនឹងបន្តតាមដានសកម្មភាពឧក្រិដ្ឋកម្ម ការអនុវត្តអាជីវកម្មពុករលួយ និងការរំលោភសិទ្ធិមនុស្ស តាមរយៈកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន និងសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរបស់ខ្លួន។ 
សារព័ត៌មានThmeyThmey មិនទាន់អាចទាក់ទងលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដើម្បីឆ្លើយតបនឹងព័ត៌មាននេះទេ។ ចំណែកលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយថា ខ្លួនរង់ចាំរបាយការណ៍ផ្លូវការពីតំណាងពាណិជ្ជកម្មសិន។
 
កន្លងមកលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជា ក៏ដូចបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ចំនួន២៦ផ្សេងទៀត បានលិខិតស្នើទៅអាមេ៉រិក សុំឱ្យបន្តប្រព័ន្ធអនុគ្រោះពន្ធGSP កន្លងមក។ សភាអាម៉េរិកបានទទួលយកសេចក្តីស្នើ​សុំបន្តប្រព័ន្ធអនុគ្រោះពន្ធGSP តាំងពីអំឡុងខែមិថុនា ឆ្នាំ២០២១មក ខណៈបណ្តាវិស័យឯកជនរបស់អាម៉េរិក ដែលមានទាំងក្រុមហ៊ុន និងសហគមន៍ពាណិជ្ជកម្ម ចំនួន៣០៨ ក៏បានធ្វើញ្ញត្តិមួយ ដាក់ទៅសភាអាម៉េរិកផងដែរ។ 
 
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការដាក់ញ្ញត្តិនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យសភាអាម៉េរិក​ពិភាក្សា ឬអនុម័តឱ្យបានឆាប់ ក្នុងការបន្តកម្មវិធីអនុគ្រោះពន្ធGSPនេះ ពីព្រោះក្រុមហ៊ុនអាម៉េរិកទាំងនោះ កំពុងរងផលប៉ះពាល់ ក្នុងការនាំទំនិញចូលអាម៉េរិក។
 
តាមរយៈកិច្ចខំប្រឹងប្រែង ជំរុញដល់សភាអាម៉េរិកឱ្យអនុម័តលើកម្មវិធីអនុគ្រោះពន្ធប្រព័ន្ធGSPនេះ  លោក ប៉ែន សុវិជាតិ សង្ឃឹមថា កម្ពុជានឹងបន្តទទួលបានកម្មវិធីនេះ៕

Tag:
 ពាណិជ្ជកម្ម
  GSP
© រក្សាសិទ្ធិដោយ thmeythmey.com