កីឡាអន្តរជាតិ
អន្តរជាតិ
Smith​ ដែលទើបត្រូវ Aston Villa បញ្ចប់តំណែង ត្រូវបាន Norwich តែងតាំងជាអ្នកចាត់ការ
15, Nov 2021 , 6:39 pm        
រូបភាព
Norwich City នៅថ្ងៃទី១៥ ខែវិច្ឆិកាបានតែងតាំងលោក Dean Smith ជាគ្រូបង្គោលថ្មី ជំនួសលោក Daniel Farke។ Smith ដែលត្រូវ Aston Villa បញ្ចប់តំណែង យល់ព្រមចុះកិច្ចសន្យាដឹកនាំរយៈពេលពីរឆ្នាំកន្លះជាមួយ Norwich។


បើតាមការផ្សាយរបស់ BBC លោក Craig Shakespeare ដែលធ្លាប់ធ្វើការជាមួយលោក Smith កាលនៅដឹកនាំ Aston Villa នឹងចូលរួមជាជំនួយការនៅ Norwich ផងដែរ។
អ្នកចាត់ការសញ្ជាតិអង់គ្លេសវ័យ៥០ឆ្នាំរូបនេះ នៅថ្ងៃទី៧ ខែវិច្ឆិកា ត្រូវបាន Aston Villa បញ្ចប់តំណែង បន្ទាប់ពីដឹកនាំក្រុមចាញ់ ៥ប្រកួតជាប់ៗគ្នា។ ៧ ថ្ងៃក្រោយលោក Smith ទទួលបានការងារថ្មីជាមួយក្លិបនៅ Premier League ដដែល។
លោក Smith បានរៀបរាប់ក្រោយបានតំណែងថ្មីថា៖ «ខ្ញុំពិតជារីករាយដែលបានត្រឡប់មកធ្វើការឱ្យ Norwich City ក្នុងក្របខណ្ឌ Premier League ។ ជាការពិតណស់ យើងធ្លាប់មានការងារដ៏អស្ចារ្យក្នុងក្លិបបាល់ទាត់មួយ [Aston Villa] ក្នុងរយៈពេល៤ឆ្នាំកន្លះចុងក្រោយ។ តែនៅពេលនេះការងាររបស់ខ្ញុំ និងលោក Shakespeare គឺចូលខ្លួនទៅកែលម្អក្រុម Norwich ដើម្បីគេចផុតពីតំបន់ត្រូវកាត់ចោលពីលីគកំពូលអង់គ្លេស»។
Norwich កំពុងស្ថិតបាតតារា ដែលជាតំបន់ត្រូវកាត់ចោលទៅកាន់លីគទី២ Championship រដូវកាលក្រោយ។ ឆ្លងកាត់១១ប្រកួត Norwich រកបានតែ៥ពិន្ទុប៉ុណ្ណោះ អំឡុងក្រោមការដឹកនាំរបស់លោក Daniel Farke។
ការប្រកួតដំបូងរបស់ Norwich ក្រោមការដឹកនាំរបស់លោក Smith នឹងត្រូវទទួលភ្ញៀវ Southampton នៅថ្ងៃទី២០ ខែវិច្ឆិកា នាជំនួបក្របខណ្ឌលីគកំពូលអង់គ្លេសសប្តាហ៍ទី១២៕
អត្ថបទទាក់ទង
 
 

Tag:
 Dean Smith
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com