កីឡាអន្តរជាតិ
អន្តរជាតិ
កាសែតរដ្ឋចិន៖ ចិន នឹងមិនអញ្ជើញមន្រ្តីបស្ចិមលោកដែលគំរាមធ្វើពហិការអូឡាំពិកប៉េកាំងឡើយ
30, Nov 2021 , 10:29 pm        
រូបភាព
ចិនមិនមានគម្រោងអញ្ជើញអ្នកនយោបាយលោកខាងលិចទៅចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ឡើយ ក្រោយពួកគេគំរាមធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡានេះ។ នេះបើតាមការផ្សាយរបស់កាសែតរដ្ឋចិន Global Times នៅថ្ងៃទី២៩ ខែវិច្ឆិកា។



ការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយចិន កើតមានបន្ទាប់ពីប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន រួមទាំងអូស្ត្រាលីផង អះអាងថាប្រទេសរបស់ពួកគេអាចនឹងធ្វើពហិការផ្លូវការទៅកាន់អូឡាំពិកនៅចិននេះ។ 
 
គម្រោងធ្វើពិហិការការទូតនៅអូឡាំពិករដូវរងាក្នុងខែកុម្ភៈឆ្នាំក្រោយរបស់ប្រទេសមហាអំណាចខាងលើ គឺដើម្បីប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញរបស់ចិនលើជនជាតិភាគតិចនៅស៊ីនជាំង។ យ៉ាងណាក៏ដោយភាគីចិនថា ការពិចារណារបស់ប្រទេសលោកខាងលិចមិនសក្តិសមចំពោះប្រទេសចិនឡើយ ហើយទង្វើនេះកាន់តែធ្វើឱ្យពិភពលោកគិត​អវិជ្ជមានលើ​ចិនកាន់តែខ្លាំង។
 
កាសែត Global Times ផ្សាយថា ម្ចាស់ផ្ទះចិនក៏នឹងមិនមានគ្រោងអញ្ជើញអ្នកនយោបាយអាម៉េរិកឱ្យចូលរួមការប្រកួតរដូវរងានេះដូចគ្នា ខណៈការអញ្ជើញភ្ញៀវបរទេសមួយចំនួនសម្រាប់ពិធីបើកនឹងលុបចោលវិញដោយសារបារម្ភពីជំងឺកូវីដ-១៩។
 
ចិនបានថ្កោលទោស ចំពោះការអំពាវនាវឱ្យមានការធ្វើពហិការការទូត តាមរយៈការមិនបញ្ជូនមន្ត្រីទៅចូលរួមពិធីបើកអូឡាំពិកប៉េកាំង ហើយថែមទាំងហៅទង្វើនោះថា«ជាការបំផ្លើសនិងព្យាបាទ»។
 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាមេដឹកនាំសំខាន់តែមួយគត់ក្នងចំណោមប្រទេសមហាអំណាច ដែលទទួលយកការអញ្ជើញពីសំណាក់ម្ចាស់ផ្ទះចិន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២៕

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com