ជាតិ
ក្រុម​ការងារអន្តរក្រសួង​ ទុកពេល​ឱ្យ​កសិករនៅពោធិ៍សាត់ប្រមូលផលស្រូវ និង​ប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ
05, Dec 2021 , 11:29 pm        
រូបភាព
រូបភាព​ពី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​
រូបភាព​ពី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រោយចុះពិនិត្យ​ទីតាំងដី​ដែល​ត្រូវ​បាន​ទន្រ្ទាន​ក្នុង​ដែនព្រៃលិចទឹក​នៃ​តំបន់ទន្លេសាប ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី៥ ធ្នូនេះ ក្រុមការងារអន្តរក្រសួង​ សម្រេច​ទុក​ពេល​ឱ្យ​កសិករ​ប្រមូលផលដំណាំស្រូវ និង​ត្រូវ​ប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។ ក្រៅពី​ទុកពេល​ឱ្យ​ប្រជាកសិករប្រមូលផល ក្រុម​ការងារ​អន្តរក្រសួង ក៏​ណែនាំ​ដល់​អាជ្ញាធរឃុំ ស្រុក នៃខេត្ត​ពោធិ៍សាត់​ បញ្ឈប់ការពិនិត្យ​បញ្ជាក់​លើ​លិខិត​សុំ​កាន់កាប់ដី និងបញ្ជាឱ្យជនល្មើស​រំលោភដីព្រៃលិចទឹក ត្រូវ​ដាំដើម​ឈើឡើងវិញ។


 
នៅថ្ងៃទី៥ ធ្នូនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​ក្រុម​ការងារអន្តរក្រសួងចុះ​ពិនិត្យ​ទីតាំងដី​ដែល​ត្រូវ​បាន​ទន្រ្ទាន​ក្នុង​ដែនព្រៃលិចទឹក​នៃ​តំបន់ទន្លេសាប ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ពោធិ៍សាត់។ ក្នុងដំណើរចុះពិនិត្យ​នៅទីតាំងខាងលើ ប្រតិភូ​ក្រុម​ការងារ​អន្តរក្រសួង បាន​ជួប​ប្រជុំពិភាក្សាគ្នា ប្រមូលធាតុចូល និង​ដាក់ចេញ​នូវវិធានការចំនួន ៧ចំណុច។
 
បើតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ វិធាការទី១ តម្រូវឱ្យ​រដ្ឋបាលខេត្តពោធិ៍សាត់​ចេញ​លិខិតណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំ បញ្ឈប់​ការ​ពិនិត្យ​បញ្ជាក់​លើ​លិខិតសុំ​កាន់​កាប់ដី និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់ដី​ក្នុង​ដែន​ព្រៃលិចទឹក​ ព្រមទាំង​ចេញ​លិខិត​បដិសេធលើរាល់​លិខិត​ដែល​បាន​ចេញ​ពី​ពេល​មុន។ បន្ថែម​លើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវ​ចាត់វិធានការ​បញ្ឈប់​ការ​ចូល​ទន្រ្ទាន​ដីដែន​ព្រៃ​លិចទឹក​ ធ្វើ​អត្តសញ្ញាណ​អ្នក​ដែល​បាន​ចូលទន្រ្ទាន​ និង​កសាងសំណុំរឿងទៅ​តុលាការ។


ប្រតិភូ​ក្រុម​ការងារ​អន្តរក្រសួង​​ ក្នុងដំណេីរ​ចុះ​ពិនិត្យ​ទីតាំង​ដែល​បាន​ទន្រ្ទានដី​ព្រៃលិច​ទឹក​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍សាត់​។ រូបភាព​ពី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។ 
 
ក្រៅពី​អនុវត្ត​វិធានការផ្លូវច្បាប់ ជន​ល្មើស​ដែល​ទន្រ្ទាន​ដី​ព្រៃលិចទឹក ត្រូវ​ដាំ​ដើម​ឈើឡើងវិញ ជាពិសេសដើមឫស្សីលើ​ទីតាំង​ដែលបាន​ទន្រ្ទាន។ សេចក្ដី​ប្រកាសព័ត៌មានខាងលើ បន្តថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ត្រូវ​ចាត់​កម្លាំងចុះ​ល្បាតតាម​គោលដៅ​ ដើម្បី​ទប់ស្កាត់​ការ​ទន្រ្ទាន​ដី​ព្រៃលិចទឹក។ 
 
ជាមួយគ្នានេះ ក្រុម​ការងារអន្តរក្រសួង ​សម្រេចឱ្យ​ក្រសួង​ធនធានទឹក និងឧតុនិយម ចុះដាំបង្គោល​ព្រំដែន​ព្រៃលិចទឹក​ ដែល​ខ្វះ​ និងដួលរលំ​ ដោយ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​ដីរដ្ឋ​នូវ​ដី​ព្រៃ​លិច​ទឹក​តំបន់​ទន្លេសាប។ ដោយឡែក​ ប្រជាពលរដ្ឋ​ដែល​បាន​ដាំដំណាំ ពិសេសដំណាំស្រូវ ត្រូវ​បានក្រុម​ការងារ​អន្តរក្រសួង​​ទុក​ពេល​ឱ្យ​ប្រមូលផល​ និង​ស្នើ​ឱ្យ​ធ្វើ​លិខិតទទួលកំហុស រួច​ប្រគល់ដី​ជូនរដ្ឋវិញ។
 
អត្ថបទទាក់ទង
 
សូមបញ្ជាក់ថា តាមរយៈ​សារ​សំឡេង​ពិសេស ពាក់ព័ន្ធនឹងបញ្ហាបឹងទន្លេសាប នៅ​ថ្ងៃទី​២៨ វិច្ឆិកា សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដកហូតយក​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​អ្នកមានអំណាច និង​ជនខិលខូច កាប់​ទន្ទ្រាន​ខុសច្បាប់​យកមក​វិញ​ទាំងអស់​។ សម្ដេច ហ៊ុន សែន បានប្រកាសមិនអត់ឱនឱ្យមន្ត្រីណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើលោភលន់ខុសច្បាប់ ខណៈរដ្ឋាភិបាល កំពុងរវល់ប្រឹងប្រែងប្រយុទ្ធ​ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះទេ។ 
 
«អ្នកទាំងនេះ មិនសាកសមធ្វើជាមន្ត្រីតទៅទៀត ពួកគេដេកគុកប្រសើរជាងនៅធ្វើមន្ត្រី។ ហើយសុំកុំនិយាយថា ធ្វើការជួយបក្ស(ប្រជាជនកម្ពុជា) ជូនរដ្ឋយូរហើយ​ បែរជារដ្ឋ និងគណបក្សគ្មានការយោគយល់។ យើងគ្មានការយោគយល់ណា ចំពោះអំពើទុច្ចរិតបែបនេះ សម្រាប់មន្ត្រីរបស់យើងនោះទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលនៅតែរក្សាជំហរបញ្ជាឱ្យសមត្ថកិច្ចចេញទៅអនុវត្តច្បាប់ លើករណីទន្ទ្រានដីព្រៃលិចទឹកនេះ ដោយម៉ឹងម៉ាត់ និងគ្មានការលើកលែង៕

រូបភាព​ពី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​៖





Tag:
 ព្រៃលិចទឹក
  ពោធិ៍សាត់
  កសិករ
  ​ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com