អន្តរជាតិ
ប្រធានាធិបតីបារាំង៖ ព្រឹត្តិការណ៍អូឡាំពិក មិនគួរយកធ្វើជារឿងនយោបាយឡើយ
10, Dec 2021 , 10:21 am        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៩ ខែធ្នូ បានលើកឡើងថា ព្រឹត្តិការណ៍កីឡាអូឡាំពិក មិនគួរយកមកធ្វើជារឿងនយោបាយឡើយ។ ក្នុងន័យនេះ បារាំងនឹងមិនធ្វើពហិការការទូត ដូចបណ្តាប្រទេសមួយចំនួនឡើយ។

 
 
អាម៉េរិក, អង់គ្លេស, កាណាដា និងអូស្រ្តាលី សុទ្ធតែបានប្រកាសថា ពួកគេនឹងមិនបញ្ជូនអ្នកតំណាងរដ្ឋាភិបាលទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលចិនធ្វើជាម្ចាស់ផ្ទះ នាខែកុម្ភៈឆ្នាំ២០២២ ខាងមុខឡើយ។ ការធ្វើពហិការការទូតនេះ គឺដោយសារតែប្រទេសទាំង៤ បារម្ភពីបញ្ហាសិទ្ធិមនុស្ស, ការបង្រ្កាបសេរីភាពនៅហុងកុង និងបារម្ភពីសុវត្ថិភាព លោកស្រី Peng Shuai ដែលជាកីឡាការីវាយកូនបាល់របស់ចិន។ 
 
ខុសពីបណ្តាប្រទេសខាងលើ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានអះអាងថា បារាំងនឹងមិនធ្វើពហិការការទូតក្នុងកីឡាអូឡាំពិកឡើយ ព្រោះវាជារឿងមិនចាំបាច់។ «ខ្ញុំគិតថា យើងមិនគួរធ្វើនយោបាយលើប្រធានបទទាំងនេះឡើយ»។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ការដាក់ចេញចំណាត់ការផ្សេងទៀត គឺល្អជាងការធ្វើពហិការ។ 
 
ក្នុងន័យនេះ មេដឹកនាំបារាំង បានបញ្ជាក់ថា ប្រទេសមួយចំនួន គួរជ្រើសយកជម្រើសផ្សេង ដើម្បីការពារកីឡាករ។ សម្រាប់បារាំង រដ្ឋាភិបាលបានសម្រេចសហការជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លើការការពារអត្តពលិក។ 
 
ចំណែករដ្ឋមន្រ្តីកីឡា និងអប់រំបារាំង លោក Jean-Michel Blanquer វិញ ក៏មានជំហរដូចលោកប្រធានាធិបតីដែរ។ ថ្លែងប្រាប់វិទ្យុ RMC និងទូរទស្សន៍BFM រដ្ឋមន្រ្តីរូបនេះ បានពន្យល់ថា ប្រទេសមួយចំនួន ត្រូវតែបែងចែកឱ្យដាច់រវាងកីឡា និងនយោបាយ ហើយកីឡាក៏គួរតែត្រូវបានការពារពីការជ្រៀតជ្រែកពីនយោបាយ។ លោក Blanquer បានព្រមានថា បើមិនអាចទប់ស្កាត់ ឬដោះស្រាយបញ្ហានេះបាន វានឹងនាំឱ្យមានការលុបបំបាត់ការប្រកួតប្រជែងដ៏ធ្ងន់ធ្ងរ។ 
 
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ ចិន ក៏បានអញ្ជើញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ដែរ។ ជាការឆ្លើយតប ប្រមុខអង្គការអន្តររដ្ឋាភិបាលមួយនេះ ថាលោកនឹងចូលរួម៕ 
អត្ថបទទាក់ទង

 

Tag:
 បារាំង
  អូឡាំពិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com