ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យការបរទេសចិន៖«ចិន ឈរនៅជាមួយប្រជាជនកម្ពុជាជាប់ជានិច្ច»
10, Dec 2021 , 8:59 pm        
រូបភាព
លោក វ៉ាង វិនពីង អ្នកនាំពាក្យការបរទេសចិន ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ រូបពីក្រសួងការបរទេសចិន
លោក វ៉ាង វិនពីង អ្នកនាំពាក្យការបរទេសចិន ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ រូបពីក្រសួងការបរទេសចិន
ដោយ: ថ្មីៗ
ស្រពពេលមហាអំណាចអាម៉េរិក ដាក់ទណ្ឌកម្មពីរលើកផ្ទួនៗគ្នាលើកម្ពុជា មហាអំណាចចិន ចេញមកប្រកាសបន្តឈរនៅជាមួយកម្ពុជា។

 

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ អ្នកកាសែតពីទូរទស្សន៍ដ្រាហ្កិនធីវី (Dragon TV) របស់ចិន បានឈ្លេចសួរលោក វ៉ាង វិនពីង (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន អំពីទណ្ឌកម្មរបស់អាម៉េរិក ដែលដាក់លើកម្ពុជា តាមរយៈការរឹតបន្តឹងការលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជា។ 
 
លោក វ៉ាង វិនពីង តបថា កម្ពុជា-ចិន គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ អ្នកនាំពាក្យការបរទេសចិនរូបនេះ មានប្រសាសន៍ដូច្នេះថា៖«ចិន គាំទ្រយ៉ាងមុតមាំដល់កម្ពុជា ក្នុងការការពារអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយចិន នឹងឈរនៅជាមួយប្រជាជនកម្ពុជាជាប់ជានិច្ច»។

អត្ថបទទាក់ទង
  
ការរឹតបន្តឹងការលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជា ធ្វើឡើងតាមរយៈសេចក្តីសម្រេចរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ ហេតុផលធំៗ ដែលនាំឲ្យអាម៉េរិក សម្រេចរឹតបន្តឹងការលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជា គឺដោយសារអាម៉េរិក យល់ថា អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយមន្រ្តីក្នុងជួររដ្ឋាភិបាលកម្ពុជា នៅតែបន្តកើតមាន ហើយរដ្ឋាភិបាលកម្ពុជា ថែមទាំងបណ្តោយឲ្យកងទ័ពចិន ជះឥទ្ធិពលលើទឹកដីកម្ពុជាទៀតផង។  
 
លោក វ៉ាង វិនពីង ថ្លែងថា កម្ពុជា-ចិន ពេញចិត្តជាមួយគ្នាលើចំណងមិត្តភាពជាប្រពៃណី ដែលមិនអាចបំបែកបាន ហើយមិត្តភាពកម្ពុជា-ចិន បានឆ្លងកាត់ការសាកល្បងជាច្រើនលើកមកហើយ។ លោក បន្តថា ការប៉ុនប៉ងរបស់អាម៉េរិក ក្នុងការធ្វើឲ្យកម្ពុជា-ចិន បែកបាក់គ្នា នឹងត្រូវបរាជ័យ។ 
 
លើសពីនេះ អ្នកនាំពាក្យការបរទេសចិន មើលឃើញថា អាម៉េរិក នៅតែរក្សាការលាបពណ៌លើកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈការគំរាមកំហែង ការដាក់សម្ពាធ និង ការដាក់ទណ្ឌកម្មលើកម្ពុជា។ លោក ចាត់ទុកទង្វើបែបនេះរបស់អាម៉េរិក ថាផ្ទុយនឹងមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ លោក សង្កាត់ធ្ងន់ថា៖«ចិន ជំទាស់ដាច់ខាតនឹងទង្វើបែបនេះ»។ 
 
ការរឹតបន្តឹងលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជា គឺជាការដាក់ទណ្ឌកម្មមួយជំហានទៀត បន្ថែមពីលើការដាក់ទណ្ឌកម្មមន្រ្តីយោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា គឺ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកកាន់អគ្គយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក។ 
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ទៅកាន់អ្នកកាសែត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ថា ការមិនលក់អាវុធឲ្យកម្ពុជា មិនមែនជាទណ្ឌកម្មឡើយ ដោយសារកម្ពុជា មិនត្រូវការទិញអាវុធ យកមកធ្វើសង្គ្រាមនោះទេ។ 
 
នាយឧត្តមសេនីយ៍ ចៅ ភិរុណ និងនាយឧត្តមនាវី ទៀ វិញ ត្រូវអាម៉េរិក សម្រេចដាក់ទណ្ឌកម្ម ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្អែកលើហេតុផលថា បានពាក់ព័ន្ធនឹងអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស។ ទណ្ឌកម្ម ដែលអាម៉េរិក ដាក់នោះ គឺហាមមិនឲ្យលោកទាំងពីរ ចូលទឹកដីអាម៉េរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកលោក ដែលមាននៅលើទឹកដីអាម៉េរិក។ 
 
ចំពោះការអះអាងរបស់អាម៉េរិកថា កងទ័ពចិន ជះឥទ្ធិពលលើកម្ពុជា ព្រោះអាម៉េរិក សំអាងថា កងទ័ពជើងទឹកចិន មានមូលដ្ឋាន នៅកំពង់ផែរាម ខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បកស្រាយស្ទើររាប់ភ្លេចទៅហើយ ថា គ្មានកងទ័ពជើងទឹកចិននៅកំពង់ផែរាម ដូចការចោទប្រកាន់នោះទេ។ ដោយសារធុញទ្រាន់ និងហត់នឿយនឹងការបកស្រាយជាដដែលពេក ប្រមុខរដ្ឋាភិបាលកម្ពុជា បានកាសចេញពីកម្មវិធីមួយក្នុងខេត្តព្រះសីហនុ នៅដើមខែធ្នូ ឆ្នាំ២០២១ ថា ឈប់និយាយ ឬបកស្រាយអ្វីទាំងអស់ អំពីរឿងកំពង់ផែរាមនេះ។ 
 
មិនមែនតែរដ្ឋាភិបាលកម្ពុជាទេ រដ្ឋាភិបាលចិន និងស្ថានទូតចិនប្រចាំកម្ពុជា ក៏ធ្លាប់បដិសេធច្រើនលើកដែរ ចំពោះការចោទប្រកាន់របស់អាម៉េរិកថា ចិន បង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម៕ 

 

Tag:
 កម្ពុជា-ចិន
  មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com