អន្តរជាតិ
អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតដ្រូនចិនពាក់ព័ន្ធនឹងសំណុំរឿងវីហ្គ័រ
17, Dec 2021 , 11:17 am        
រូបភាព
ក្រុមហ៊ុនផលិតដ្រូនរបស់ចិន DJI។ រូបភាព៖ Bloomberg
ក្រុមហ៊ុនផលិតដ្រូនរបស់ចិន DJI។ រូបភាព៖ Bloomberg
ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុអាម៉េរិក នៅថ្ងៃទី១៦ ខែធ្នូ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន៨ ដោយក្រុងវ៉ាស៊ីនតោន បានចោទថា ចូលរួមក្នុង តាមដានសកម្មភាពជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត។ ក្រុមហ៊ុនផលិតដ្រូនដ៏ល្បីរបស់ចិន DJI ក៏ស្ថិតក្នុងបញ្ជីខ្មៅនេះដែរ។ ក្រៅពីនេះ អាម៉េរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនហ្សកស៊ី ម៉ាឡេស៊ី និងតួកគី ក្រោមហេតុផលថាបង្វែរសម្ភារអាម៉េរិកទៅក្នុងកម្មវិធីយោធារបស់អ៊ីរ៉ង់។


 
បន្ទាប់ពីទើបតែចាត់វិធានការលើក្រុមហ៊ុនចិនមួយកញ្ចប់នៅថ្ងៃទី១០ ធ្នូ ក្រសួងពាណិជ្ជកម្ម ជាមួយនឹងក្រសួងហិរញ្ញវត្ថុអាម៉េរិក បានដាក់ក្រុមហ៊ុនចិនចំនួន៨ទៀតទៅក្នុងបញ្ជីខ្មៅនៅថ្ងៃទី១៦ ខែធ្នូទៀត។ ចំណាត់ការចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងហិរញ្ញវត្ថុអាម៉េរិក បានកំណត់អត្តសញ្ញាណក្រុមហ៊ុនទាំង ៨នោះ មានពាក់ព័ន្ធនឹងការតាមដានជនជាតិភាគតិចវីហ្គ័រនៅក្នុងតំបន់ស៊ីនជាំង។ 
 
«សកម្មភាពថ្ងៃនេះ បង្ហាញពីក្រុមហ៊ុនឯកជននៅក្នុងវិស័យបច្ចេកវិទ្យាឃ្លាំមើល និងការពារជាតិរបស់ចិន សហការជាមួយរដ្ឋាភិបាលចិន លើការបង្រ្កាបជនជាតិវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត»។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបន្ទុភេវរកម្ម និងចារកិច្ចហិរញ្ញវត្ថុអាម៉េរិក លោក Brian E. Nelson បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃទី១៦ ខែធ្នូ មុនបន្ថែមថា ក្រសួងហិរញ្ញវត្ថុ នឹងប្តេជ្ញាធានាប្រព័ន្ធហិរញ្ញវត្ថុ និងអ្នកវិនិយោគអាម៉េរិក មិនឱ្យពាក់ព័ន្ធសកម្មភាពមិនល្អទាំងនោះឡើយ។ 
 
ក្រោមទណ្ឌកម្មនេះ អាម៉េរិកហាមឃាត់ប្រជាជនខ្លួន មិនឱ្យទិញភាគហ៊ុន ឬវិនិយោគលើក្រុមហ៊ុនចិនទាំងនោះឡើយ។ ក្រុមហ៊ុនចិន ទាំង៨នោះ មានដូចជា ក្រុមហ៊ុន Cloudwalk Technology, ក្រុមហ៊ុន Dawning Information Industry, ក្រុមហ៊ុន Leon Technology Company, ក្រុមហ៊ុន Megvii Technology, ក្រុមហ៊ុន Netposa Technologies, ក្រុមហ៊ុន SZ DJI Technology, ក្រុមហ៊ុន Xiamen Meiya Pico Information និងក្រុមហ៊ុន Yitu។ 
 
ក្រៅពីក្រុមហ៊ុនចិន អាម៉េរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ហ្សកស៊ី ម៉ាឡេស៊ី និងតួកគីដែរ ដែលក្រុងវ៉ាស៊ីនតោន បានចោទថា បានបង្វែរសម្ភារអាម៉េរិក ទៅក្នុងកម្មវិធីយោធារបស់អ៊ីរ៉ង់។ ក្រោមចំណាត់ការនេះ ក្រសួងពាណិជ្ជកម្មអាម៉េរិក បានរឹតត្បិតមិនឱ្យនាំចេញ ឬផ្ទេរសម្ភាររបស់ខ្លួន ទៅបរទេស ដែលអាចធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ និងផលប្រយោជន៍គោលនយោបាយការបរទេសអាម៉េរិក៕ 

អត្ថបទទាក់ទង
 
 

Tag:
 អាម៉េរិក
  ចិន
  ម៉ាឡេស៊ី
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com