ជាតិ
សេដ្ឋកិច្ច
៦ខែហើយ ដែលកម្ពុជា នៅមិនទាន់អាចយកប្រេង ៣០ម៉ឺនបារ៉ែល មកវិញបាន
21, Dec 2021 , 8:59 pm        
រូបភាព
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergyកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergyកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
ភ្នំពេញ៖ មកទល់ពេលនេះ កម្ពុជាមិនទាន់បានប្រងឆៅជិត៣០ម៉ឺនបារ៉ែលមកវិញឡើយ ក្រោយពីនាវឹក​ MT Strovolos លួចដឹក​ប្រេងទាំងនោះ ចេញពីកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១។ នេះបើតាមលើកឡើងរបស់លោក ជៀប សួរ ​អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល។

 
 
កម្ពុជាបានដាក់ឯកសារបន្ថែមជាបន្តបន្ទាប់ លើបណ្ដឹងទាមទារប្រេងឆៅប្រមាណ៣០​ម៉ឺន​បារ៉ែល ត្រលប់មកវិញ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ អាជ្ញាធរឥណ្ឌូណេស៊ី បានឃាត់មនុស្សជិត២០នាក់ និងនាវា MT Strovolos បានលួចដឹកប្រេងឆៅរបស់កម្ពុជាចេញពីសមុទ្រ កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១។
 
អស់រយៈពេល៦ខែហើយ ការប្តឹងទាមទារយកប្រេងរបស់កម្ពុជាមកវិញនេះ គឺមិនបានសម្រេចឡើយ ខណៈក្រុមមេធាវីកំពុងដោះស្រាយ។ «យើងពុំទាន់ទទួលបានប្រេងឆៅមកវិញនៅឡើយទេ»។ លោក ជៀប សួរ បានប្រាប់សារព័ត៌មានThmeyThmey តាមប្រព័ន្ធតេលេក្រាម នាថ្ងៃទី២១ធ្នូ យ៉ាងដូច្នេះ ដោយបានបញ្ជាក់យ៉ាងខ្លីថា បច្ចុប្បន្នក្រុមមេធាវីកំពុងធ្វើការងារនេះ ជាមួយភាគីពាក់ព័ន្ធមិនទាន់ចប់។
 
ពាក់ព័ន្ធនឹងរយៈពេលក្នុងការទាមទារយកប្រេងឆៅរបស់កម្ពុជាមកវិញនេះ លោក ជៀប សួរ ​ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល គឺមិនអាចកំណត់បានឡើយ ដោយលោកបាននិយាយដូច្នេះ៖« ខ្ញុំមិនអាចប៉ាន់ស្មានដឹងទេ ព្រោះវាពាក់ព័ន្ធផ្នែកច្បាប់»។
 
សូមរម្លឹកថា នាវឹក MT Strovolos បានលួចដឹកប្រេងឆៅរបស់កម្ពុជាចេញពីសមុទ្រ កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥សីហា អាជ្ញាធរប្រទេសឥណ្ឌូណេស៊ីផ្តល់ដំណឹងឱ្យកម្ពុជា ថា ខ្លួន​បាន​ចាប់​នាវា​ដឹក​ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល និងប្រធាន​ក្រុម​នាវាដែលជា​ជនជាតិ​បង់​ក្លា​ដែ​ស និង​សមាជិក​នាវិកចំនួន១៨​នាក់ផ្សេងទៀត​។
 
ក្រោយ​ពី​​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី​ រឹបអូស​បាននាវា​MT Strovolos ទៅតាមការស្នើសុំ​របស់អាជ្ញាធរ​កម្ពុជា។ ក្រុមហ៊ុន World Tankers Management ដែលជាគ្រប់គ្រងនាវា MT Strovolos នោះ បានចេញមុខបដិសេធលើការចោទប្រកាន់នេះភ្លាមៗថា នាវានេះ មិនបានលួចប្រេងពីកម្ពុជាឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនWorld Tankers Management នៅថ្ងៃទី២៧ សីហា បានបញ្ជាក់ថា នាវា MT Stro​vo​los ដែលនៅលើដែនទឹករបស់ឥណ្ឌូណេស៊ី ធ្វើឡើងក្រោមហេតុផលមនុស្សធម៌ និងធ្វើប្រតិបត្តិការតាមកិច្ចសន្យាតែប៉ុណ្ណោះ។ តែក្រសួងរ៉ែ និងថាមពល ចាត់ទុកការបកស្រាយរបស់ម្ចាស់នាវា MT Strovolos នេះ គឺផ្ទុយពីការពិត៕

អត្ថបទទាក់ទង

 

Tag:
 ប្រេង
  លោក ជៀប សួរ
© រក្សាសិទ្ធិដោយ thmeythmey.com