ជាតិ
អគ្គនាយក ILO ស្នើឲ្យសម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍លើការឃុំខ្លួន មេដឹកនាំសហជីពណាហ្គាវើលដ៍
10, Jan 2022 , 4:31 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍តវ៉ានៅខាងមុខស្ថានទូតអូស្រ្តាលីកាលពីថ្ងៃទី៤មករា។ រូបដោយ លោក វ៉ានថា
បុគ្គលិកណាហ្គាវើលដ៍តវ៉ានៅខាងមុខស្ថានទូតអូស្រ្តាលីកាលពីថ្ងៃទី៤មករា។ រូបដោយ លោក វ៉ានថា
ភ្នំពេញ៖ លោក Guy Ryder អគ្គនាយកនៃអង្គការពលកម្មអន្តរជាតិ (ILO) ស្នើឲ្យសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តជួយអន្តរាគមន៍ ឲ្យមានការដោះលែងមេសហជីពណាហ្គាវើលដ៍​ ដែលត្រូវបានតុលាការឃុំខ្លួន។ ចំណែកបុគ្គលិកណាហ្គាវើលដ៍ នៅតែបន្តការតវ៉ា ហើយទាមទារឲ្យភាគីក្រុមហ៊ុនចូលដោះស្រាយ។

 
 
អគ្គនាយកនៃ ILO បានប្រតិកម្មចំពោះការចាប់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ជាបន្តបន្ទាប់ ពិសេសឃុំខ្លួនមេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាកាវើលដ៍(LRSU)។ លើសពីនេះ លោកព្រួយបារម្ភពីការបំពានលើអនុសញ្ញា ILO ដែលកម្ពុជា បានស្ម័គ្រចិត្តផ្ដល់សច្ចាប័ន និងព្រមគោរពសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងសហជីព។ 
 
ក្នុងលិខិតផ្ញើទៅសម្ដេច ហ៊ុន សែន ថ្ងៃទី៧មករា ឆ្នាំ២០២២ លោក Guy Ryder បានលើកឡើងថា មូលដ្ឋានសំខាន់នៃការគោរពសិទ្ធិសេរីភាពបង្កើតសមាគម គឺការការពារសន្តិភាព និងយុត្តិធម៌សង្គម ដែលកម្ពុជាបានទទួលស្គាល់យ៉ាងពេញលេញ អស់ជាង២០ឆ្នាំ តាមរយៈអនុសញ្ញា ILO។ លោកសង្កត់ធ្ងន់ថា៖ «ការចាប់ខ្លួននិងដាក់ពន្ធនាគារពាក់ព័ន្ធនឹងសកម្មភាពធ្វើកូដកម្ម ដោយសន្តិវិធី គឺជាការជៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់សេរីភាពស៊ី​វិល និងសិទ្ធិសហជីព»។ 
 
ដើម្បីទប់ស្កាត់ការឃុំខ្លួនមេដឹកនាំសហជីព និងសកម្មភាពពាក់ព័ន្ធការអនុវត្តសិទ្ធិរបស់ពួកគេ អគ្គនាយកនៃ ILO បានអំពាវនាវដល់សម្ដេច ហ៊ុន សែន ឲ្យជួយអន្តរាគមន៍លើករណីនេះ។ «អំពាវនាវដល់នាយករដ្ឋមន្រ្តី ប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីធានាឲ្យមានការដោះលែងជាបន្ទាន់ សកម្មជននិងមេហជីពណាហ្គាវើលដ៍ទាំងអស់»។ 
 
លើសពីនេះ អគ្គនាយកនៃ ILO ក៏ស្នើឱ្យទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ ដែលទាក់ទងនឹងសកម្មភាពពួកគេដែរ។
 
ជាង២០ថ្ងៃហើយ ដែលបុគ្គលិកណាហ្គាវើលដ៍បន្តតវ៉ា ទាមទារឲ្យភាគីក្រុមហ៊ុន ទទួលពួកគេ៣៦៥ នាក់ចូលធ្វើការវិញ រួមទាំងដោះលែងមេដឹកនាំសហជីពទាំង៨រូប។ នៅព្រឹកថ្ងៃទី១០មករានេះ បុគ្គលិកណាហ្គាវើលដ៍ បានយកសេចក្ដីបំភ្លឺនិងការឆ្លើយតប ទៅដាក់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវិៈវិញ បន្ទាប់ពីក្រសួងបានចេញលិខិតឲ្យតំណាង ឬពួកគេចូលពិនិត្យផ្ទៀងផ្ទាត់ ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ 
 
ពួកគេអះអាងប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខ​ក្រសួងថា ការចាប់ឃុំខ្លួនអ្នកតំណាងពួកគេ ហើយចេញលិខិតឲ្យអ្នកតំណាង ឬពួកគេចូលចរចា គឺជារឿងមិនអាចដោះស្រាយបានឡើយ។ ពួកគេនៅតែទាមទារឲ្យភាគីក្រុមហ៊ុនចេញមុខដោះស្រាយ ទទួលយកសំណើខ្លួនដដែល។ 
 
កញ្ញា សៀក បញ្ញា ដែលបម្រើការងារនៅណាហ្គាវើលដ៍ អស់រយៈពេលជាង១០ឆ្នាំមកហើយ បាននិយាយដូច្នេះថា៖«ភាគីក្រុមហ៊ុនណាហ្គាវើលដ៍ គ្មានទំនួលខុសត្រូវក្នុងការបញ្ចប់វិវាទនេះឡើយ ព្រោះពេលជួបចរចាគ្នាត្រឹមតែមួយចំណុ​ច គឺបុគ្គលិកចូលធ្វើ់ការវិញ តំណាងក្រុមហ៊ុននៅតែឆ្លើយថាមិនព្រម»។ 
 
ចំណែកកញ្ញា មៀច ស្រីអូន ដែលជាបុគ្គលិកណាហ្គាវើលដ៍ដែរនោះ បានប្រាប់អ្នកសារព័ត៌មាននៅខាងមុខក្រសួងការងារថា ភាគីក្រុមហ៊ុនមានចតនាបំបាត់សំឡេងសហជីពនៅកន្លែងការងារ។ កញ្ញា ស្រីអូនបញ្ជាក់ថា បុគ្គលិកជាង៣០០នាក់ ដែលមានឈ្មោះឈប់នោះ គឺភាគច្រើនសុទ្ធតែជាមេដឹកនាំសហជីព និងសមាជិក(LRSU)។ 
 
កញ្ញា ស្រីអូន លើកឡើងយ៉ាងដូច្នេះ៖ «បញ្ឈប់ការរើសអើងស្រី្ត សហជីព ត្រូវតែទទួលបុគ្គលិក៣៦៥នាក់ចូលធ្វើការវិញ…យើងត្រូវការសហជីព សហជីពជាអាណាព្យាបាលនៅកន្លែងការងាររបស់ពួកខ្ញុំ»។
 
កញ្ញាទាំងពីររូប បានបញ្ជាក់ថា ការទាមទារឲ្យមានសហជីពនៅកន្លែងការងារ ដើម្បីការពារសិទ្ធិរបស់ពួកគេ ខណៈភាគីក្រុមហ៊ុនតែងតែរំលោភបំពាន និងកេងចំណេញកម្លាំងពលកម្មរបស់ពួកគេកន្លងមក។
 
ជុំវិញការលើកឡើង រួមទាំងការបន្តតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍នេះ សារព័ត៌មានថ្មីៗ(Thmey Thmey) មិនអាចសុំការឆ្លើយតបពី លោក Mike Ngai Wai-yip នាយកប្រតិបត្តិការកាស៊ីណូ និងអចលនទ្រព្យ និងលោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឡើយ។ អ្នកទាំងពីរ មិនបានឆ្លើយតបអ៊ីម៉ែលនោះទេ។ 
 
ទន្ទឹមនឹងនេះ បុគ្គលិកណាហ្គាវើលដ៍ទាំងពីររូប ក៏បានស្នើឲ្យមន្រី្តក្រសួងការងារ និងអ្នកពាក់ព័ន្ធផ្សេងទៀត បញ្ឈប់ការលាបពណ៌ថា ការតវ៉ាធ្វើឡើងដោយមានអ្នករៀបចំ និងបដិវត្តពណ៌ជាដើម។ ពួកគេអះអាងថា ទោះបីគ្មានមេដឹកនាំសហជីពពួកគេ ក៏ពួកគេបន្តតវ៉ារហូតមានដំណោះស្រាយដែរ។ 
 
នៅព្រឹកនេះដែរ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឆ្លើយតបវិញថា ក្រសួងការងារបានខិតខំផ្សះផ្សារវិវាទនេះ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ដល់បច្ចុប្បន្ន។ លើសពីនេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏បានបើកសវនាការ និងសេចក្ដីបង្គាប់រួចហើយ។ ដូច្នេះ តាមនីតិវិធីច្បាប់ ភាគីទាំងពីរត្រូវបន្តនីតិវិធីទៅតុលាការ។  
 
កន្លងមកមន្រី្តក្រសួងបានចេញលិខិតអញ្ចើញពួកគេ ចូលពិនិត្យផ្ទៀងផ្ទាត់ប្រាក់សំណង បើភាគីក្រុមហ៊ុនគណនាមិនត្រឹមត្រូវ ក្រសួងនឹងណែនាំ។ «បើបងប្អូនម្នាក់ៗមិនមកដោះស្រាយផ្ទាល់ទេ គឺមន្ត្រីបច្ចេកទេសរបស់យើង មិនអាចធានាលើសុក្រឹតភាពនៃព័ត៌មាន ដែលផ្តល់ដោយភាគីនិយោជកតែម្ខាងនោះឡើយ»។ នេះបើតាមលោក ហេង សួរ ដែលសរសេរប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១០មករា ។ 
 
«ក្រសួងការងារនឹងបន្តដោះស្រាយ និងបន្តអំពាវនាវដល់បងប្អូនដែលពាក់ព័ន្ធឱ្យចូលរួមដោះស្រាយជាមួយគ្នានូវអ្វីដែលស្ថិតនៅក្រោមវិសាលភាពច្បាប់ស្តីពីការងារ។ រីឯ អ្វីផ្សេងទៀត ដែលមិនពាក់ព័ន្ធច្បាប់ការងារគឺសូមបងប្អូនសិក្សាស្វែងយល់អំពីនីតិវិធីនៃបញ្ហាទាំងនោះ»។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ ដែលបន្ដែមថា ខាងមន្ត្រីក្រសួងការងាររងចាំជានិច្ចក្នុងការ ជួយពន្យល់ និងសម្របសម្រួលដល់ភាគីវិវាទាំងពីរ ដែលមានឆន្ទៈចង់ជួបនិងបញ្ចប់វិវាទ៕ 
 
អត្ថបទទាក់ទង
 

Tag:
 ណាហ្គាវើលដ៍
  ILO
  សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com