ជាតិ
សង្គមជាតិ
រដ្ឋ បន្តទៅសាងសង់ស្តូបនយោបាយឈ្នះឈ្នះមួយបន្ថែមទៀត នៅឧត្តរមានជ័យ
12, Jan 2022 , 1:40 pm        
រូបភាព
វិមាននយោបាយឈ្នះឈ្នះនៅប៉ែកខាងជើងរាជធានីភ្នំពេញ (រូបពីទីស្តីការគណៈរដ្ឋមន្រ្តី)
វិមាននយោបាយឈ្នះឈ្នះនៅប៉ែកខាងជើងរាជធានីភ្នំពេញ (រូបពីទីស្តីការគណៈរដ្ឋមន្រ្តី)
រដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងការពារជាតិជាសេនាធិការ បានចាប់ផ្តើមសាងសង់ស្តូបនយោបាយឈ្នះឈ្នះមួយបន្ថែមទៀត នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាននយោបាយឈ្នះឈ្នះ បានធ្វើជាអធិបតីក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបនយោបាយឈ្នះឈ្នះ នៅស្រុកអន្លង់វែង។



ក្រសួងការពារជាតិ បានផ្សាយលើគេហទំព័ររបស់ខ្លួនថា ស្តូបនយោបាយឈ្នះឈ្នះ នៅស្រុកអន្លង់វែង នឹងត្រូវសាងសង់ឡើង ក្រោមការចូលរួមចំណែកជាថវិកា និងគំនិតពីគ្រប់មជ្ឈដ្ឋាន។ ក្រសួងការពារជាតិ បានឲ្យដឹងទៀតថា សម្តេច ទៀ បាញ់ បានស្នើឲ្យអនុគណៈកម្មការសាងសង់ស្តូបនយោបាយឈ្នះឈ្នះ បន្តនាំគ្នាតអំពាវនាវ និងកៀរគរធនធាននានា ពីសប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ បញ្ញវន្ត និង ប្រជាជន ដើម្បីចូលរួមកសាងស្តូបនយោបាយឈ្នះឈ្នះនេះ ឲ្យបានរួចរាល់តាមការគ្រោងទុក។ ក្រសួងការពារជាតិ បន្ថែមថា ស្តូបនយោបាយឈ្នះឈ្នះ ក្នុងស្រុកអន្លង់វែង នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ និងជាកេរមរតក សម្រាប់មនុស្សជាតិគ្រប់ជំនាន់។

សម្តេច ទៀ បាញ់ បានសរសេរលើទំព័រហ្វេសប៊ុកថា ការសាងសង់ស្តូបនយោបាយឈ្នះឈ្នះបន្ថែមនៅស្រុកអន្លង់វែង គឺជាការបង្ហាញពីវប្បធម៌កត្តញ្ញូ ការដឹងគុណ ការចងចាំនូវវីរភាព ស្នាដៃ និង ភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានស្វែងរកសន្តិភាព ហើយធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។

រដ្ឋាភិបាលកម្ពុជា បានសាងសង់វិមាននយោបាយឈ្នះឈ្នះមុនគេ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ។ បន្ទាប់មក រដ្ឋាភិបាល ក៏គិតគូរសាងសង់ស្តូបនយោបាយឈ្នះឈ្នះតាមបណ្តាខេត្តមួយចំនួនទៀត រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និង កំពង់ស្ពឺ។ ការជ្រើសរើសខេត្តទាំងបួន សម្រាប់សាងសង់ស្តូបនយោបាយឈ្នះឈ្នះ គឺដោយសារខេត្តទាំងបួននេះ ធ្លាប់មានប្រវត្តិតស៊ូនៃការយកឈ្នះលើកងទ័ពខ្មែរក្រហម។

ក្នុងចំណោមខេត្តទាំងបួន ខេត្តកោះកុង ត្រូវបានរដ្ឋាភិបាល សម្រេចសាងសង់ស្តូបនយោបាយឈ្នះឈ្នះមុនគេ ហើយបន្ទាប់មក គឺខេត្តឧត្តរមានជ័យ។ ចំពោះខេត្តកោះកុង ការសាងសង់ស្តូបនយោបាយឈ្នះ គឺស្ថិតក្នុងក្រុងខេមរភូមិន្ទ។ ការសាងសង់ស្តូបនយោបាយឈ្នះឈ្នះ ក្នុងក្រុងខេមរភូមិន្ទ បានចាប់តាំងពីអំឡុងឆ្នាំ២០២០មក និងកំពុងស្ថិតក្នុងការដំណើរការសាងសង់។ ដោយឡែក ការសាងសង់ស្តូបនយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន និងនៅខេត្តកំពង់ស្ពឺ មិនទាន់ចាប់ផ្តើមនៅឡើយទេ។

អត្ថបទទាក់ទង

ស្តូបនយោបាយឈ្នះឈ្នះ ដែលត្រូវបានសាងសង់តាមបណ្តាខេត្តខាងលើ ហៅត្រឹមជាស្តូបនយោបាយឈ្នះឈ្នះប៉ុណ្ណោះ ដោយមិនហៅថា វិមាននយោបាយឈ្នះឈ្នះ ដូចវិមាននយោបាយឈ្នះឈ្នះ នៅប៉ែកខាងជើងរាជធានីភ្នំពេញនោះទេ។ យ៉ាងណា ផ្អែកលើការផ្សាយរបស់ក្រសួងការពារជាតិកន្លងមក ស្តូបនយោបាយឈ្នះឈ្នះតាមបណ្តាខេត្ត ត្រូវបានសាងសង់ឡើងតាមទម្រង់នៃវិមាននយោបាយឈ្នះឈ្នះ ដោយគ្រាន់តែមានទំហំតូចជាង និងមានកម្ពស់តូចជាងវិមាននយោបាយឈ្នះឈ្នះ។

វិមាននយោបាយឈ្នះឈ្នះ និងស្តូបនយោបាយឈ្នះឈ្នះ ត្រូវបានសាងសង់ឡើង ក្នុងគោលបំណងដូចគ្នា គឺដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ទាក់ទងនឹងការតស៊ូក្នុងការផ្តួលរំលំរបបខ្មែរក្រហម នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងការទទួលបានសុខសន្តិភាពពេញពេញ នៅថ្ងៃ២៩ធ្នូ ឆ្នាំ១៩៩៨៕

Tag:
 ស្តូបនយោបាយឈ្នះឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com