ជាតិ
រថយន្ត
លោកស្រី សុទ្ធា ទិញឡានបុរាណម៉ាក Mercedes-Benz ប្រភេទR107 ដែលមានអាយុប្រហែលខ្លួន
21, Feb 2022 , 7:59 pm        
រូបភាព
បាត់ដំបង៖ លោកស្រី ប្រៀប សុទ្ធា ជាម្ចាស់សណ្ឋាគារបាណន់ ក្នុងខេត្តបាត់ដំបង ហើយលោកស្រី មានរថយន្ដបុរាណម៉ាក MERCEDES-BENZ ប្រភេទ R107 ម៉ូឌែល 380SL ១គ្រឿង ដែលបាននាំចូលរថយន្ដនេះ ពីប្រទេសអាល្លឺម៉ង់។ ជារថយន្តដែលអាចដកដំបូលចេញ ហើយលោកស្រី សុទ្ធា ឧស្សាហ៍បើក MERCEDES-BENZ ប្រភេទ R107 នេះទៅខេត្តផ្សេង ឬទៅរាជធានីភ្នំពេញ។  បើតាមលោកស្រី សុទ្ធា ក្រោយនាំចូលគាត់មិនបានកែច្នៃអ្វីទេ តែមុននឹងគាត់ទិញឡាននេះ គេបានបិតលេខ 350 បន្ថែមខាងឆ្វេង និងខាងស្ដាំ។ គេបានដូរកង់ទាំងបួន និងបន្ថែមស្លាបខាងក្រោយ ដែលបំពាក់ភ្លើងជាន់ហ្វ្រាំង (ភ្លើងស្តុប) វែង តាមស្តង់ដារបង្កើតកាលពីទសវត្សរ៍១៩៩០។ សូមបញ្ជាក់ថា មានរថយន្ដ MERCEDES-BENZ R107 ខ្លះៗក្នុងប្រទេស ក្នុងនោះ សណ្ឋាគារ វិរតន៍ នៅក្រុងសៀមរាប មាន MERCEDES-BENZ R107 ម៉ូឌែល 380SL មួយគ្រឿងដែរ។

 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
សម្រាប់ក្រុមហ៊ុន MERCEDES-BENZ អក្សរ SL មានន័យថា ជាឡានបែប coupé cabriolet គឺជារថយន្ដទ្វារ២ ដែលគ្មានដំបូល ឬដែលអាចដកវាចេញបាន។ តាមពិត MERCEDES-BENZ R107 អាចដាក់ដំបូលក្រណាត់កៅស៊ូដែលជាប់ជាមួយក៏បាន ឬក៏អាចបត់បញ្ចូលវាក្នុងវិញក៏បាន។ វាមានកៅអីតែ ២ប៉ុណ្ណោះ ហើយផ្នែកខាងក្រោយ មានតែកុមារទេដែលអាចអង្គុយបាន។ ក្រៅពីម៉ាស៊ីនម៉ូឌែល 380SL មិនខុសពីម៉ូឌែលផ្សេងៗទៀតដូចជា 280SL 300SL 350SL 420SL 450SL និង 500SL ទេ។ លេខនេះគ្រាន់តែបញ្ជាក់អំពីកម្លាំងម៉ាស៊ីន ដែលមាន 3818 CC ។ វាស៊ីសាំងច្រើនមែនទែន : ១៨,៥ លីត្រក្នុង ១០០គីឡូម៉ែត្រ។


 
គេបានផលិត MERCEDES-BENZ R107 ម៉ូឌែល 380SL ពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៨៥។ MERCEDES-BENZ R107 ត្រូវបានផលិត ពីឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៨៩ ក្នុងរោងចក្រនៅប្រទេសអាល្លឺម៉ង់ និងនៅប្រទេសអាហ្វ្រិកខាងត្បូង។ ម៉ាក MERCEDES-BENZ ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩២៦។ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធ DAIMLER ៕
 







Tag:
 យានយន្ត
  Mercedes-Benz
 ឡានបុរាណ
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com