ជាតិ
រថយន្ត
យានដ្ឋាន EMC មានឯកទេសជួសជុលទាំងរថយន្តអគ្គិសនី និងរថយន្តបុរាណ
03, Jan 2022 , 8:29 pm        
រូបភាព
ភ្នំពេញ៖ យានដ្ឋាន Electric Motors Club Cambodia ជាយានដ្ឋានមួយដ៏កម្រមាន ក្នុងប្រទេសកម្ពុជា ព្រោះយានដ្ឋាននេះ មានឯកទេសជួសជុលរថយន្ដអគ្គិសនី និងជួសជុលរថយន្តបុរាណ។ យានដ្ឋាននេះ ក៏កំពុងជួសជុលរថយន្ដបុរាណមួយចំនួនដែរ រួមមានម៉ាក MERCEDES-BENZ ប្រភេទW109 និងប្រភេទ R107, ឡានម៉ាក JAGUAR XJ និងម៉ាក VOLKSWAGEN ប្រភេទទី១។ ប៉ុន្តែឡានទាំងអស់នោះប្រើប្រេងសាំង ពីព្រោះរថយន្ដអគ្គិសនីបុរាណ មានតែក្នុងសារមន្ទីរប៉ុណ្ណោះ។

 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
រថយន្ត MERCEDES-BENZ ប្រភេទ W109 ត្រូវបានផលិតឡើងចំនួន ១៨ ៦៦២ គ្រឿង ចាប់ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧២ និងដល់១៩៧៣សម្រាប់ទីផ្សារអាម៉េរិកខាងជើង ក្នុងរោងចក្រមួយស្ថិតនៅប្រទេសអាល្លឺម៉ង់។ ទន្ទឹមនឹងនេះ រថយន្ត MERCEDES-BENZ ប្រភេទ W108 ដែលខុសគ្នាតែបណ្ដោយប៉ុណ្ណោះនឹងប្រភេទ W109នោះ ក៏ត្រូវបានផលិតឡើង៣៦៤ ៦៩៩ គ្រឿងផងដែរ។
 





 
ចំណែក MERCEDES-BENZ ប្រភេទ R107 ជាឡានបែប coupé cabriolet ឬរថយន្ដទ្វារ២ ដែលគ្មានដំបូល ឬដែលអាចដកដំបូលចេញបាន។  MERCEDES-BENZ R107 ចាប់ផ្តើមផលិតឡើងពីឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៨៩ ក្នុងរោងចក្រ២ គឺមួយនៅប្រទេសអាល្លឺម៉ង់ និងមួយទៀតនៅប្រទេសអាហ្វ្រិកខាងត្បូង។ 
 




 
 
រថយន្ដអង់គ្លេស JAGUAR XJ ត្រូវបានចាប់ផ្ដើមផលិតនៅឆ្នាំ១៩៦៨ ហើយនៅតែផលិតម៉ូឌែលថ្មី រហូតដល់សព្វថ្ងៃនេះ។ XJ គឺជាអក្សរកាត់ ដែលមានន័យថា eXperimental Jaguar។ JAGUAR គឺជាសត្វខ្លាមួយពូជ ដែលរស់នៅក្នុងព្រៃទ្វីបអាម៉េរិកឡាទីន។ ម៉ាក JAGUAR ត្រូវបានបង្កើតឡើងឆ្នាំ១៩៣៣ និងជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធ JAGUAR LAND ROVER ។ 
 




 
ទូទាំងពិភពលោក ប្រហែលជាប្រភេទឡានបុរាណ ដែលនៅសល់ច្រើនជាងគេ គឺជារថយន្ដម៉ាក VOLKSWAGEN ប្រភេទទី១។ ដូច្នេះក្នុងចំណោមឡានបុរាណដែលត្រូវនាំចូលមកប្រទេសកម្ពុជា ក៏ច្រើនជា VOLKSWAGEN ប្រភេទទី១ដែរ។ រថយន្ដ VOLKSWAGEN ប្រភេទនេះ មានឈ្មោះផ្លូវការថាប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន VOLKSWAGEN បានផលិតចាប់ពីឆ្នាំ១៩៣៨ និងរហូតដល់ឆ្នាំ១៩៧៨ និងដល់ឆ្នាំ២០១៩ នៅប្រទេសប្រេស៊ីល។ ក៏ប៉ុន្តែពលរដ្ឋខ្មែរហៅឡានប្រភេទនេះថា ឡានអណ្ដើក។ ម៉ាក VOLKSWAGEN ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ៕
 






 
 
អត្ថបទទាក់ទង
 
 

Tag:
 យានយន្ត
 រថយន្តបុរាណ
 រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com