ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី អះអាងថា បាតុកម្មនៅផ្លូវវេងស្រេង មិនពាក់ព័ន្ធជាមួយអតីតបក្សប្រឆាំង និងលោក កឹម សុខា ឡើយ
02, Feb 2022 , 3:00 pm        
រូបភាព
លោក កឹម សុខា ពេលចេញពីសវនាការតុលាការភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ (រូបដោយសហការី)
លោក កឹម សុខា ពេលចេញពីសវនាការតុលាការភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ (រូបដោយសហការី)
អតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់តែការរៀបចំធ្វើបាតុកម្មនៅលានទីប្រជាជាធិបតេយ្យ កាលពីឆ្នាំ២០១៣ ប៉ុណ្ណោះ ឯការធ្វើបាតុកម្មនៅផ្លូវវេងស្រេង ឬនៅកន្លែងផ្សេងទៀត អតីតគណបក្សប្រឆាំងដ៏ធំជាងគេនេះ ពុំបានដឹងឮឡើយ។ នេះជាការអះអាងរបស់ក្រុមមេធាវី ដែលការពារក្តីឲ្យលោក កឹម សុខា នៅក្នុងសវនាការ។



គេ ប្រាកដជាមិនភ្លេចឡើយថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ បាតុកម្មនៅតាមទីតាំងនានា ក៏ផ្ទុះឡើង ដូចជា នៅលានប្រជាធិបតេយ្យចាស់ជិតវត្តភ្នំ នៅតាមដងផ្លូវវេងស្រេង រាជធានីភ្នំពេញ និង នៅតាមដងផ្លូវជិតស្ពានគីហ្សូណា ខេត្តកំពង់ចាម ជាអាទិ៍។ ការធ្វើបាតុកម្មទាំងនេះ ត្រូវបានតំណាងអយ្យការអមតុលាការភ្នំពេញ លើកយកទៅធ្វើជាភស្តុតាង១ ដើម្បីដាក់បន្ទុកលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជាជនជាប់ចោទក្នុងបទសន្ទិដ្ឋភាពជាមួយបរទេស។

ក្រុមមេធាវី ដែលការពារក្តីឲ្យលោក កឹម សុខា បានប្រកែកជាមួយតំណាងអយ្យការ ដោយបានច្រានចោលថា បាតុកម្មនៅកន្លែងផ្សេង ដូចជា នៅផ្លូវវេងស្រេង និងនៅផ្លូវជិតស្ពានគីហ្សូណា ជាដើម មិនពាក់ព័ន្ធជាមួយអតីតគណបក្សសង្គ្រោះជាតិ ឬលោក កឹម សុខា ឡើយ។ ប៉ុន្តែ ក្រុមមេធាវី ទទួលស្គាល់ថា បាតុកម្មនៅទីលានប្រជាធិបតេយ្យ ពិតជារៀបចំដោយអតីតគណបក្សប្រឆាំងមែន។

ទិដ្ឋភាពនៃការទទួលស្គាល់ការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងការមិនទទួលស្គាល់ការធ្វើបាតុកម្មនៅកន្លែងដទៃ ដែលក្រុមមេធាវី លើកឡើងក្នុងសវនាការ ត្រូវបានក្រុមមេធាវី យកទៅប្រាប់អ្នកកាសែត នៅមុខតុលាការភ្នំពេញ ក្រោយបញ្ចាប់សវនាការ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ថ្លែងទៅកាន់ក្រុមអ្នកកាសែតដូច្នេះថា៖«ចំពោះបាតុកម្មដទៃទៀត គឺជារឿងទទួលខុសត្រូវរបស់អ្នកដែលគេធ្វើបាតុកម្ម ដូចជានៅផ្លូវវេងស្រេង ដូចជានៅផ្លូវកំពង់ចាម ជាដើម អាហ្នឹង គឺជាការរៀបចំរបស់កម្មករកម្មការិនី ដែលគាត់ មានគោលបំណងរបស់គាត់ រឿងទាមទារប្រាក់ខែ ដូចយើង ធ្លាប់បានដឹងធ្លាប់ឮកន្លងមក»។

អតីតគណបក្សប្រឆាំង យល់ថា ការរាប់សន្លឹងឆ្នោត ក្នុងអាណត្តិទី៥ កាលឆ្នាំ២០១៣ មានការលួចបន្លំ។ នេះជាមូលហេតុ ដែលអតីតគណបក្សប្រឆាំង ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការឯករជ្យ ស៊ើបអង្កើតលើការរាប់សន្លឹងឆ្នោត និងទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។ អ្នកស្រី ម៉េង សុភារី មានប្រសាសន៍ថា៖«បើមានការស៊ើបអង្កេត ឬមានគណៈកម្មការឯករាជ្យ ស៊ើបអង្កេតលើករណីហ្នឹង គឺអត់មានបាតុកម្មទេ»។

ថ្វីបើក្រុមមេធាវី បដិសេធនាពេលនេះក្តី តែលោក កឹម សុខា និងអតីតគណបក្សប្រឆាំង ត្រូវរងការសង្ស័យថា បានពាក់ព័ន្ធនឹងបាតុកម្មនៅផ្លូវវេងស្រេងរួចទៅហើយ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា មេខ្លោង ដែលរៀបចំឲ្យមានបាតុកម្មនៅផ្លូវវេងស្រេង ត្រូវបានចាប់ខ្លួន និងយកទៅឃុំឃាំង។ មេខ្លោង ដែលប្រមុខរដ្ឋាភិបាល ចង់សំដៅ គឺលោក កឹម សុខា ដ្បិតពេលនោះ លោក ទើបតែត្រូវបានចាប់ខ្លួន និងយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជិតព្រំដែនវៀតណាម។

ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល នៅក្រោយការចាប់លោក កឹម សុខា តែ៣-៤ថ្ងៃប៉ុណ្ណោះ គឺលោក ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។ ប្រធានគណបក្សកាន់អំណាចរូបនេះ បញ្ជាក់ដូច្នេះថា៖«បើជាការទាមទារដំឡើងបៀវត្ស វា គ្មានការចាំបាច់ ដើម្បីនឹងធ្វើបាតុកម្មនៅម៉ោង២ ម៉ោង៣ [ជិត] ភ្លឺទេ។...គប់គិតជាមួយបរទេសតែម្តង ដើម្បីធ្វើរឿងនេះ»។

ការធ្វើបាតុកម្មនៅលើផ្លូវវេងស្រេង កាលពីអំឡុងខែមករា ឆ្នាំ២០១៤ បណ្តាលឲ្យមានការប៉ះទង្គិចគ្នារវាងកម្មករ និងកម្លាំងសមត្ថកិច្ច។ បើតាមរបាយការណ៍របស់អង្គការលីកាដូ (Licadho) ដែលចេញផ្សាយកន្លងមក មានកម្មករ៤នាក់ ដែលបានបាត់បង់ជីវិត និងមានជាង៣០នាក់ ដែលរងរបួស ក្នុងការធ្វើបាតុកម្មលើផ្លូវវេងស្រេង។

អត្ថបទទាក់ទង

ដោយឡែក លោក កឹម សុខា ត្រូវចាប់ខ្លួន បន្ទាប់ពីមានវីដេអូខ្លី១ ត្រូវបានបង្ហោះលើបណ្តាញសង្គម។ ក្នុងវីដេអូ បង្ហាញពីការជួបជុំរបស់លោក ជាមួយអ្នកគាំទ្រនៅអូស្រ្តាលី កាលពីឆ្នាំ២០១៣។ លោក និយាយក្នុងវីដេអូនោះថា លោក មានសាស្រ្តាចារ្យបរទេសល្បីៗ ជួយផ្តល់យុទ្ធសាស្រ្តដល់លោក ដើម្បីផ្តាស់ប្តូរមេដឹកនាំនៅកម្ពុជា។ លោក និយាយទៀតថា លោក តែងត្រូវបានបរទេសអញ្ជើញឲ្យទៅជួបម្តងឬលើសពីម្តងជារៀងរាល់ឆ្នាំ ដើម្បីផ្តល់យុទ្ធសាស្រ្តជូនលោក ពីការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។

សម្តីរបស់លោកក្នុងវីដេអូនេះ ធ្វើឲ្យលោក ជាប់ចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ដែលសំដៅថា លោក គប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទចោទនេះ ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ។

ជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លូវបាន១ឆ្នាំ គឺនៅខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវអនុញ្ញាតឲ្យទៅរស់នៅក្នុងផ្ទះវិញ តែនៅជាប់បទចោទដដែល និងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ នៅខែមករា ឆ្នាំ២០២០ តុលាការភ្នំពេញ បានបើកសវនាការលើលោកជាលើកដំបូង។ ដល់ខែមីនា ឆ្នាំ២០២០ តុលាការ បានផ្អាកសវនាការនេះ ក្រោមហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។

២ឆ្នាំក្រោយ គឺនៅខែមករា ឆ្នាំ២០២២នេះ តុលាការ បានសម្រេចបើកសវនាការលើលោកឡើងវិញ។ សវនាការក្នុងខែមករា ឆ្នាំ២០២២នេះ ដំណើរការទៅបាន៣លើកហើយ ដោយតុលាការ មិនទាន់អាចសម្រេចសេចក្តីអ្វីលើលោកឡើយ។ នៅសប្តាហ៍ក្រោយ គឺថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ តុលាការ នឹងបើកសវនាការបន្តទៀត។ ក្នុង១សប្តាហ៍ តុលាការ បើកសវនាការលើលោកតែ១ព្រឹកប៉ុណ្ណោះ៕ 

Tag:
 មេធាវី
  កឹម សុខា
  អតីតគណបក្សសង្គ្រោះជាតិ
  បាតុកម្មផ្លូវវេងស្រេង
  បាតុកម្មទីលានប្រជាធិតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com