ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល រំពឹងបង្កើនចំណូលជាតិ ក្រោយអនុវត្តការប្រមូលពន្ធពី Facebook, YouTube, Netflix..
03, Feb 2022 , 8:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កំពុងថ្លែងក្នុងកម្មវិធីពិសេសស្តីពី«ពន្ធលើប្រាក់ចំណូលនិងព្រឹត្តិការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ» នាព្រឹកថ្ងៃទី៣កុម្ភៈ
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កំពុងថ្លែងក្នុងកម្មវិធីពិសេសស្តីពី«ពន្ធលើប្រាក់ចំណូលនិងព្រឹត្តិការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ» នាព្រឹកថ្ងៃទី៣កុម្ភៈ
ភ្នំពេញ៖ កម្ពុជានឹងអនុវត្តការយកអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាម ប្រព័ន្ធ អេឡិចត្រូនិក (E-Commerce) ពីក្រុមហ៊ុនដូចជា Facebook, YouTube, Netflix, Amazon និង Alibaba ជាដើម  ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២២ តទៅ។ បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ការប្រមូលពន្ធលើ ទំនិញ និងសេវាកម្មឌីជីថលពីក្រុមហ៊ុនទាំងនេះ គឺមានសក្តានុពលក្នុងការបង្កើនចំណូលចូលជាតិបន្ថែមទៀត។

 
ការប្រមូលពន្ធលើតម្លៃបន្ថែម(VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលនឹងអនុវត្តពីថ្ងៃទី១មេសា ឆ្នាំ២០២២តទៅ ត្រូវបាន លោក គង់ វិបុល អះអាងថា ប្រភពចំណូលនេះ គឺមានសក្តានុពលសម្រាប់ចំណូលជាតិ។ ថ្លែងចេញពីកម្មវិធីពិសេសស្តីពី «ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ» នាព្រឹកថ្ងៃទី៣កុម្ភៈ អគ្គនាយកពន្ធដាររូបនេះ មានប្រសាសន៍ដូច្នេះ៖ «យើងខ្ញុំពិនិត្យឃើញថា ការ[ប្រមូលពន្ធចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក] នេះ គឺវាមានសក្តានុពលនៃចំណូលនេះ ដើម្បីបង្កើននូវចំណូលថវិកាជាតិបន្ថែមទៀត បើសិនយើងក្តាប់ឱ្យបាន»។ 
 
បើតាមលោក គង់ វិបុល ការប្រមូលពន្ធចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រុមហ៊ុនFacebook YouTube, Netflix, Amazon, Google, Alibaba ជាដើម ដែលមានអវិនាសដ្ឋាននៅបរទេសនេះ ក្រៅពីបានចំណូលបន្ថែមចូលជាតិហើយនោះ ក៏ជាការអនុវត្តមួយឱ្យស្មើភាពគ្នា រវាងអ្នកប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានមូលដ្ឋាននៅស្រុកផងដែរ ខណៈកន្លងមកក្រុមហ៊ុនទាំងអស់នេះ មិនបានបង់ពន្ធលើប្រាក់ចំណូល និង VAT នៅកម្ពុជាឡើយ។

ដើម្បីប្រមូលចំណូលពន្ធ ពីវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ឱ្យមានប្រសិទ្ធភាព លោក គង់ វិបុល បានជំរុញឱ្យមានការបង្កើត National Internet Gateway។ លោកបានបញ្ជាក់ថា ចំពោះពន្ធដារ National Internet Gateway នេះ គឺជាផ្នែកមួយដ៏សំខាន់ នៃយន្តការគាំទ្រដល់ការគ្រប់គ្រង និងប្រមូលចំណូលពន្ ធក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈវិស័យអនឡាញនិងអ៊ីនធឺណិតនេះ មានសន្ទុះយ៉ាងខ្លាំង  ហើយប្រទេសជាច្រើននៅពិភពលោក ក៏អនុវត្តយន្តការនេះដូចគ្នា។
 
មកទល់ពេល មានក្រុមហ៊ុនមួយចំនួនហើយ ដែលបានសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ដូចជាក្រុមហ៊ុន Facebook Netflix ...។ នេះជាការលើកឡើងរបស់លោក គង់ វិបុល។ 
 
សូមជម្រាបថា ពេញមួយឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធចូលជាតិ បាន២ ៧៨១.៩២លានដុល្លាអាម៉េរិក។ ចំណូលនេះ គឺបានកើនឡើងរហូត២៤ភាគរយ នៃផែនការកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ 
 

Tag:
 ពន្ធដារ
  លោក គង់ វិបុល
  E-Commerce
© រក្សាសិទ្ធិដោយ thmeythmey.com