ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ តំបន់អូរខ្វាវ​ចម្រាញ់​បាន​រ៉ែមាស​ពី​៨០ទៅ១០០គីឡូក្រាមក្នុងមួយសប្តាហ៍
07, Feb 2022 , 3:09 pm        
រូបភាព
រូបតំណាង៖ ការដ្ឋានចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ រូបថត៖ ក្រសួងរ៉ែនិងថាមពល
រូបតំណាង៖ ការដ្ឋានចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ រូបថត៖ ក្រសួងរ៉ែនិងថាមពល
ជាង៧ខែមកនេះ កម្ពុជាចម្រាញ់ «រ៉ែមាស» បានជាង ១ ៧០០គីឡូក្រាមហើយ ពីតំបន់អូរខ្វាវ ក្នុងខេត្តមណ្ឌលគិរី។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន​ សែន  ដោយបានបញ្ជាក់ថា  បរិមាណមាសដែលកម្ពុជាចម្រាញ់បាននេះ  គឺចាប់ផ្តើមមានចំនួនច្រើនឡើងជាបន្តបន្ទាប់ ដោយចន្លោះពី៨០-១០០គីឡូក្រាមក្នុងមួយសប្តាហ៍។

 
មកទល់ពេលនេះ កម្ពុជាផលិតមាសបានចំនួន១ ៧៥១គីឡូក្រាមហើយ បន្ទាប់ពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី បានបើកការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់ «រ៉ែមាស» នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១មក។​ 
 
ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស»របស់ក្រុមហ៊ុននេះ គឺជាលក្ខណៈឧស្សាហកម្មលើកដំបូង របស់កម្ពុជា ខណៈមានក្រុមហ៊ុនវិនិយោគមួយចំនួនទៀត នឹងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា នាអំឡុងឆ្នាំ២០២២។ 
 
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានថ្លែងដូច្នេះ៖ «មាសដែលយើងផលិត នៅក្នុងខេត្តមណ្ឌលគិរី រយៈពេលជាង៧ខែមកនេះ យើងផលិតបាន១ ៧៥១គីឡូក្រាម។ សម្តេចបានបញ្ជាក់ថា៖​« ជាទូទៅក្នុងមួយសប្តាហ៍យើងផលិតបាន ពី៨០-១០០គីឡូក្រាម គឺកាន់តែច្រើន»។ 
 
បើតាមសម្តេច ហ៊ុន សែន សមិទ្ធផលពីធនធានធម្មជាតិដែលកម្ពុជាទទួលបាននេះ គឺជាចំណែកមួយតូចមួយប៉ុណ្ណោះ ពីតំបន់ភូមិភាគឦសានកំពុងមាន នាសព្វថ្ងៃនេះ។ ប្រមុខរដ្ឋាភិបាលរូបនេះបានអះអាងថា ៖ [ធនធានរ៉ែ]យើងមិនទាន់ស្រាវជ្រាវអស់នៅឡើយទេ។​ យើងនៅមានរ៉ែផ្សេងទៀត ដូចជា ធ្យូងថ្ម និងកន្លែងផលិតមាសដទៃទៀត មិនទាន់បានប្រើប្រាស់»។  
 
សម្តេច ហ៊ុន សែន  បានចាត់ទុកភូមិភាគឦសាននេះ គឺជាតំបន់កសិ-ឧស្សាហកម្មនិងធនធានរ៉ែ ដែលជាប៉ូលសេដ្ឋកិច្ចទីបួនរបស់កម្ពុជា ខណៈប៉ូលសេដ្ឋកិច្ចទីមួយ គឺរាជធានីភ្នំពេញ, ប៉ូលទីពីរនៅខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទីបី គឺខេត្តសៀមរាប។ 
 
កន្លងមកលោក  អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងរ៉ែ​និងថាមពល បានប្រាប់សារព័ត៌មានថ្មីៗថា  នាអំឡុងឆ្នាំ២០២២ នឹងក្រុមហ៊ុនវិនិយោគចំនួន៤ទៀត បើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា។ ក្នុងនោះ មាន៣ក្រុមហ៊ុនមកពីប្រទេសចិន គ្រោងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី ខណៈ១ក្រុមហ៊ុនមកពីប្រទេសឥណ្ឌា មានឈ្មោះថា  Mesco Gold គ្រោងបើកការដ្ឋាននៅខេត្តរតនគិរី។ ដោយឡែក ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ក៏កំពុងសិក្សាពីលទ្ធភាពក្នុងការរុករករ៉ែមាស នៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ៕ 

 
អត្ថបទទាក់ទង
 

Tag:
 រ៉ែមាស
  សម្តេច ហ៊ុន សែន
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com