ជាតិ
សេដ្ឋកិច្ច
ក្រសួងការបរទេស៖ ច្រកទ្វារអ៊ីនធឺណែតជាតិបង្កើតឡើងដើម្បីប្រមូលពន្ធ និងពង្រឹងសន្តិសុខជាតិ មិនមែនបិទសិទ្ធិបញ្ចេញមតិឡើយ
15, Feb 2022 , 5:29 pm        
រូបភាព
ទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
ទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
ភ្នំពេញ៖ ច្រកផ្លូវអ៊ីនធឺណែតជាតិ (National Internet Gateway) ត្រូវបានបង្កើតឡើងដើម្បីប្រមូលចំណូលពន្ធ ក៏ដូចជាការពង្រឹងសន្តិសុខជាតិ មិនមែនដើម្បីប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិអ្វីឡើយ។ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងយ៉ាងដូច្នេះ ដោយបានបញ្ជាក់ថា ច្រកផ្លូវអ៊ីនធឺណែតជាតិនេះ គឺដើរតួជាឧបករណ៍ដ៏មាន ប្រសិទ្ធភាពក្នុងការបង្កើនការប្រមូលចំណូលជាតិ ពីក្រុមប្រតិបត្តិករតាមប្រព័ន្ធទូរគមនាគមន៍ ឬតាមប្រព័ន្ធអនឡាញ។

រដ្ឋាភិបាលសម្រេចបង្កើតច្រកផ្លូវអ៊ីនធឺណែតជាតិឡើង ក្នុងគោលបំណងសម្របសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៊ីនធឺណែត ពង្រឹងសន្តិសុខជាតិ និងជាពិសេសលើការប្រមូលពន្ធចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce)។ បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនាថ្ងៃទី១៥កុម្ភៈ ការបង្កើតច្រកផ្លូវអ៊ីនធឺណែតជាតិនេះ ក៏ដើម្បីទប់ស្កាត់បទល្មើសតាមប្រព័ន្ធអ៊ីនធឺណែត ផងដែរ។ 
 
អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងដូច្នេះ ក្រោយបង្ហាញនូវក្តីខកចិត្តចំពោះការបន្តបកស្រាយខុស ជាពិសេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន អំពីគោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិរបស់កម្ពុជា បើទោះបីជាមានការពន្យល់និងបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចក៏ដោយ។
 
«រដ្ឋាភិបាលគោរពសិទ្ធិឯកជនភាព និងសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គល និងការពារទិន្នន័យផ្ទាល់ខ្លួន ដែលទាំងអស់នេះ មានចែងក្នុងច្បាប់ រដ្ឋធម្មនុញ្ញ សន្ធិសញ្ញាស្តីពីសិទ្ធិការពារទិន្នន័យផ្ទាល់»។ នេះជាការអះអាងក្នុងសេចក្តីបំភ្លឺ ដោយច្រានចោលនូវការចោទថា ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនេះ អនុញ្ញាតឲ្យអាជ្ញាធរកម្ពុជា ត្រួតពិនិត្យ និងតាមដានសកម្មភាព រួមទាំងការប្រមូលទុកទិន្នន័យផ្ទាល់ខ្លួននានារបស់អ្នកប្រើប្រាស់។
 
អនុក្រឹត្យស្តីពី ច្រកទ្វារអ៊ីនធឺណែតជាតិ ត្រូវបានអនុម័តនៅថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២១។ អ្នកនាំពាក្យក្រសួងការបរទេស  បានបញ្ជាក់ថា ច្រកទ្វារអ៊ីនធឺណែតជាតិនេះ ត្រូវបានរៀបចំឡើងក្នុងលក្ខណៈតម្លាភាព និងបានពិភាក្សាជាមួយអ្នកជំនាញពាក់ព័ន្ធជាច្រើនលើកច្រើនសារ។ 
 
បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានថ្លែងក្នុងកម្មវិធីពិសេសស្តីពី «ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ» នាព្រឹកថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២២ ច្រកផ្លូវអ៊ីនធឺណែតជាតិនេះ គឺជាផ្នែកមួយដ៏សំខាន់នៃយន្តការគាំទ្រដល់ការគ្រប់គ្រង និងប្រមូលចំណូលពន្ធក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) ខណៈវិស័យអនឡាញនិងអ៊ីនធឺណែតនេះ មានសន្ទុះយ៉ាងខ្លាំង  ហើយប្រទេសជាច្រើននៅពិភពលោក ក៏អនុវត្តយន្តការនេះដូចគ្នា។
 
លោក គង់ វិបុល បានបញ្ជាក់ថា កម្ពុជានឹងអនុវត្តការយកអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រុមហ៊ុនដូចជា Facebook, YouTube, Netflix, Amazon និង Alibaba ជាដើម  ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២២តទៅ។ លោក ជឿជាក់ថា ការប្រមូលពន្ធលើទំនិញនិងសេវាកម្មឌីជីថលពីក្រុមហ៊ុនទាំងនេះ គឺមានសក្តានុពលក្នុងការបង្កើនចំណូលចូលជាតិបន្ថែមទៀត៕

Tag:
 ពន្ធ
  National Internet Gateway
  E-Commerce
© រក្សាសិទ្ធិដោយ thmeythmey.com