ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមប្រឹក្សាសន្តិសុខ បដិសេធថា ពុំបានបញ្ចេញរបាយការណ៍អំពីការបើកអាជីវកម្មរបស់កូរ៉េខាងជើងនៅកម្ពុជាឡើយ
23, Feb 2022 , 1:04 pm        
រូបភាព
ទិដ្ឋភាពអគារក្នុងរាជធានីភ្នំពេញ
ទិដ្ឋភាពអគារក្នុងរាជធានីភ្នំពេញ
ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បំភ្លឺជូនកម្ពុជាថា គ្មានអ្នកណាម្នាក់ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចែកចាយរបាយការណ៍អំពីការបើកអាជីវកម្មរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅកម្ពុជាឡើយ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយអំពីរបាយការណ៍នេះ ទៅកាន់សារព័ត៌មានដែរ។



កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ សារព័ត៌មានបរទេសឈ្មោះ NK News បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ចារជនកូនរ៉េខាងជើង បានបើកសណ្ឋាគារ កាស៊ីណូ និង ភ្នាក់ងារទេសចរណ៍នៅកម្ពុជា»។ សារព័ត៌មាន NK News អះអាងថា ស្ថាប័នខ្លួនចុះផ្សាយអត្ថបទនេះ ដោយយោងទៅតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ។ 
 
បើតាមសារព័ត៌មាន NK News ដដែល ក្រៅពីសណ្ឋាគារ កាស៊ីណូ ភ្នាក់ងារទេសចរណ៍ ចារជនកូរ៉េខាងជើង នៅបើកអាជីវកម្មផ្សេងៗទៀតនៅកម្ពុជា មានជាអាទិ៍ ភោជនីយដ្ឋាន និងបា។ សារព័ត៌មានបរទេសមួយនេះ បានឲ្យដឹងទៀតថា ចារជនកូរ៉េខាងជើង បើកប្រភេទអាជីវកម្មទាំងអស់នេះនៅកម្ពុជា តាំងពីពាក់កណ្តាលឆ្នាំ២០២១មកម្ល៉េះ។ 
 
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក បានធ្វើកំណត់ទូត ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីសុំឲ្យបំភ្លឺអំពីការចុះផ្សាយរបស់សារព័ត៌មាន NK News។ ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឆ្លើយបំភ្លឺ ទៅកាន់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា តាមការស្នើសុំ។ ការឆ្លើយបំភ្លឺរបស់ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ស្រង់យកទៅផ្សាយជាសាធារណៈ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ 
 
ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបកស្រាយថា របាយការណ៍ទាក់ទងនឹងកម្ពុជា គឺកំពុងស្ថិតក្នុងសេចក្តីព្រាងនៅឡើយ ហើយកំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់គណៈកម្មការ១៧១៨។ ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តថា នៅពេលស្ថិតក្នុងសេចក្តីព្រាង និងកំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់គណៈកម្មការបែបនេះ របាយការណ៍ទាក់ទិននឹងកម្ពុជា គឺត្រូវរក្សាជាការសម្ងាត់។ ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ថែមថា ក្រោយពិនិត្យរួច របាយការណ៍ទាក់ទិននឹងកម្ពុជា នឹងត្រូវគណៈកម្មការ ដាក់ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ។ 
 
ក្រុមអ្នកជំនាញក្នុងប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ជាក់ជូនកម្ពុជា យ៉ាងដូច្នេះថា៖«យើង មិនអាចផ្សព្វផ្សាយជាសាធារណៈនូវផ្នែកណាមួយនៃសេចក្តីព្រាងរបាយការណ៍របស់យើងបានទេ រហូតដល់វា ត្រូវបានអនុវត្តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
 
ជាមួយគ្នានេះ ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្ហាញការសោកស្តាយ និងការខកចិត្ត ចំពោះការបែកធ្លាយរបាយការណ៍ទាក់ទិននឹងកម្ពុជា ចេញពីគណៈកម្មការ ទៅដល់សារព័ត៌មាន ដោយគ្មានការអនុញ្ញាតបែបនេះ។  
 
មុនក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បំភ្លឺជូនកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានម្តងរួចមកហើយ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបំភ្លឺជំវិញការផ្សាយរបស់សារព័ត៌មាន NK News។ អ្នកនាំពាក្យការបរទេសកម្ពុជា សរសេរដូច្នេះថា៖«កម្ពុជា បានអនុវត្តស្របតាមសេចក្តីសេម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានបិទគ្រប់អាជីវកម្ម និងគណនីធនាគាររបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្នុងប្រទេសកម្ពុជា និងបញ្ឈប់ការផ្តល់បណ្ណការងារដល់កម្មករមកពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ»។ 

អត្ថបទទាក់ទង
 
អ្នកនាំពាក្យការបរទេសកម្ពុជា លើកឡើងថា ក្នុងនាមជាសមាជិករបស់អង្គការសហប្រជាជាតិ កម្ពុជា បានបំពេញទាំងស្រុងនូវកាតព្វកិច្ចអន្តរជាតិ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអនុវត្តយ៉ាងស្មោះត្រង់នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង៕ 
 
 
 

Tag:
 កម្ពុជា
  កូរ៉េខាងជើង
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com