កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីរុស្ស៊ី Abramovich ផ្ទេរអំណាចឱ្យអ្នកគ្រប់គ្រងមូលនិធិសម្បុរសធម៌ មើលការខុសត្រូវក្លិប Chelsea
27, Feb 2022 , 2:29 pm        
រូបភាព
លោក Roman Abramovich មហាសេដ្ឋីរុស្ស៊ី ដែលជាម្ចាស់ក្លិបតោខៀវ Chelsea បានសម្រេចប្រគល់អំណាចខ្លួន ទៅឱ្យអ្នកគ្រប់គ្រងមូលនិធិសម្បុរសធម៌ ជាអ្នកថែទាំ និងទទួលខុសត្រូវរបស់ក្លិប ជំនួសលោក ។ ការសម្រេចរបស់មហាសេដ្ឋីរូបនេះ ធ្វើឡើងស្របពេលកងកម្លាំងរុស្ស៊ី កំពុងវាយប្រហារអ៊ុយក្រែន ហើយត្រូវបានមេដឹកនាំជុំវិញពិភពលោក ថ្កោលទោសរដ្ឋាភិបាលទីក្រុងម៉ូស្គូយ៉ាងខ្លាំង។



«ខ្ញុំតែងតែធ្វើសេចក្តីសម្រេចចិត្ត ដែលគិតគូពីផលប្រយោជន៍ដ៏ល្អរបស់ក្លិប អស់ពីបេះដូង»។ នេះជាសម្ដីរបស់លោក Abramovich នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលសម្រេចឱ្យអ្នកគ្រប់គ្រងមូលនិធិសម្បុរសធម៌ មើលការខុសត្រូវរបស់ក្លិប Chelsea ។
 
ទោះផ្ទេរអំណាចបែបនេះពិតមែន តែមហាសេដ្ឋីរុស្ស៊ីរូបនេះ នៅតែជាម្ចាស់ក្លិបតោខៀវអង់គ្លេសមួយនេះដដែល។ នោះក៏ព្រោះតែលោក Abramovich ទំនងជាចង់ដោះស្រាយស្ថានការណ៍តានតឹងមួយ ដល់អ្នកគាំទ្រ ខណៈដែលមានការរិះគន់ និងថ្កោលទោសពាសពេញពិភពលោក លើរដ្ឋាភិបាលរុស្ស៊ី ដែលវាយប្រហារអ៊ុយក្រែន ពេលនេះ។
 
លោក Abramovich បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«ខ្ញុំនៅតែប្តេជ្ញាចិត្តចំពោះតម្លៃទាំងនេះ។ នោះហើយជាមូលហេតុដែលថ្ងៃនេះ ខ្ញុំផ្ទេរអំណាចឱ្យអ្នកទទួលខុសត្រូវនៃមូលនិធិសប្បុរសធម៌របស់ Chelsea នូវការគ្រប់គ្រង និងការថែទាំ Chelsea FC។ ខ្ញុំជឿថាបច្ចុប្បន្នពួកគេស្ថិតក្នុងតួនាទីល្អបំផុត ដើម្បីមើលថែរក្សាក្លិប កីឡាករ បុគ្គលិក និងអ្នកគាំទ្រ»។
 
ការសម្រេចផ្ទេរអំណាចរបស់មហាសេដ្ឋីរុស្ស៊ីរូបនេះ គឺធ្វើឡើងមុនពេលដែល Chelsea ត្រូវប្រកួតជាមួយ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Carabao Cup នៅកីឡដ្ឋាន Wembley នាទីក្រុងឡុងដ៍របស់អង់គ្លេស នៅម៉ោង១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៧ កុម្ភៈនេះ ។
 
សម្រាប់ការប្រកួតនៅអង់គ្លេសនេះ ក៏មានក្លិបជាច្រើន បានបង្ហាញសេចក្តីព្រួយបារម្ភ និងអារម្មណ៍សោកស្ដាយអាណិតអាសូរ ដល់ប្រទេសអ៊ុយក្រែន ដែលកំពុងរងការវាយប្រហារពីសំណាក់រដ្ឋាភិបាលរុស្ស៊ីដែរ។ មុនពេលប្រកួត ក្លិបទាំងអស់បាននាំគ្នាបួងសួង អមជាមួយពាក្យថា «គ្មានសង្គ្រាម» ឬ«No War» នៅលើអាវ និងទង់ជាតិអ៊ុយក្រែនជាដើម។
 
មហាសេដ្ឋីប្រេងសញ្ជាតិរុស្ស៊ី​ Abramovich ដែលត្រូវបានគេរាយការណ៍ថា ស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន បានក្លាយជាម្ចាស់ Chelsea មានមូលដ្ឋាននៅក្រុងឡុងដ៏នៅឆ្នាំ ២០០៣។ ចាប់តាំងពីការវិនិយោគរបស់ Abramovich តោខៀវ​បានឈ្នះពានរង្វាន់ធំៗចំនួន១៨ រួមទាំង UEFA Champions League ពីរសម័យ៕

Tag:
 Chelsea
  Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com