ជាតិ
រថយន្ត
លោក មាណ វណ្ណា ទិញរថយន្ដធុនធ្ងន់ម៉ាក МАЗ អាយុជាង៤០ឆ្នាំ មកបំបែកជាគ្រឿងអេតចាយ
07, Mar 2022 , 7:59 pm        
រូបភាព
បាត់ដំបង៖ លោក មាណ វណ្ណា ជាអ្នកទិញលក់គ្រឿងអេតចាយលោហធាតុ។ ឆ្នាំ២០២១កន្លងមក គាត់បានទិញរថយន្ដធុនធ្ងន់ម៉ាកសូវៀត МАЗ ដែលប្រជាពលរដ្ឋខ្មែរហៅថា អាម៉ាស។ ម្ចាស់រថយន្តនេះ  គាត់ឈប់ប្រើឡានធំនេះ ព្រោះវាមានអាយុកាល ៤០ឆ្នាំជាង ហើយវាមានកំហូចច្រើន។ លោក វណ្ណា បានទិញយានយន្ដ МАЗ ប្រភេទ 5337 នេះ ក្នុងតម្លៃ ២ ០០០ដុល្លារអាម៉េរិក ហើយគាត់សង្ឃឹមចំណេញទៅលើការលក់គ្រឿង ឬដែកវិញ។

 
ដើម្បីជ្រាបសូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ឡាន МАЗ-5337 នេះ វាមិនធម្មតាទេ។ តាំងពីដំបូង រថយន្ដធុនធ្ងន់ទាំងអស់ មានកញ្ចក់ខាងមុខបែកចែកជា២ផ្ទាំង ពីព្រោះវាវែងពេកសម្រាប់ឧស្សាហកម្មរថយន្ដសម័យមុន។ ចាប់តាំងពីទស្សវត្សរ៍១៩៧០ មានឡានធំ ដែលបំពាក់កញ្ចក់ខាងមុខធ្វើពីកែវតែមួយគត់។ ហើយយូរៗទៅ ក្នុងទស្សវត្សរ៍១៩៨០ គេឈប់ផលិតរថយន្ដដែលមានកញ្ចក់ខាងមុខ២ផ្ទាំង។ រីឯ МАЗ វិញ បានផលិតរថយន្ដធុនធ្ងន់ МАЗ-5335 ដែលមានកញ្ចក់ខាងមុខ២ផ្ទាំង រហូតដល់ឆ្នាំ១៩៩០។ ចាប់ពីឆ្នាំ១៩៧៨មក ក៏បានផលិត МАЗ-5337 ដែលបំពាក់កញ្ចក់ខាងមុខ ធ្វើពីកែវតែមួយផ្ទាំង។ ដូច្នេះពីដើម មិនមាន МАЗ-5337 ដែលមានកញ្ចក់ខាងមុខ២ផ្ទាំង ដូច МАЗ-5337 របស់លោក វណ្ណាទេ។ ហេតុដូច្នេះយើងអាចនិយាយបានថា កញ្ចក់ខាងមុខនោះមិនមែនពីដើមទេ។ ប្រហែលជាត្រូវបានដកយកពីឡានធំ МАЗ-5335 មួយគ្រឿង ដែលស្រដៀង តែចាស់ជាង។ យ៉ាងណាក៏ដោយ МАЗ-5337 នេះ មានគ្រឿងជាច្រើន ដែលមិនមែនពីដើមទេ ឧទាហរណ៍ដូចជាបែនក្រោយ និងភ្លើងហ្វារ។




 
រថយន្ដធុនធ្ងន់ МАЗ-5337 ត្រូវបានផលិតពីឆ្នាំ១៩៧៨ រហូតដល់ឆ្នាំ២០០៨។ МАЗ គឺជាអក្សរកាត់នៃពាក្យពេញ минский автомобильный завод ដែលបកប្រែជាភាសាខ្មែរថា រោងចក្ររថយន្ដនៃទីក្រុងមីនស្កិ៍។ នៅប្រទេសខ្មែរ មានឡានធំម៉ាក МАЗ តាំងពីសាធារណរដ្ឋប្រជាមានិតកម្ពុជា។ សហភាពសូវៀតបានបង្កើត МАЗ មុនឈប់សង្គ្រាមពិភពលោកលើកទី២ ឆ្នាំ១៩៤៤។ ពេលបច្ចុប្បន្ន គឺជាក្រុមហ៊ុនស្ថាប័នរដ្ឋ របស់ប្រទេសប៊ីយេឡូរុស្ស៊ី ដែលមានផលិតរថយន្ដធុនធ្ងន់គ្រប់មុខ និងរថយន្ដក្រុង ពិសេស МАЗ គឺជាក្រុមហ៊ុននាំមុខគេទូទាំងពិភពលោក ក្នុងការផលិតរថយន្ដយោធាដឹក និងបាញ់មីស៊ីលបាលីស្ទីក៕
 








អត្ថបទទាក់ទង
 

Tag:
 យានយន្ត
  ឡានបុរាណ
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com