ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រសួងមហាផ្ទៃ ជំរុញឲ្យក្រសួងការងារដោះស្រាយវិវាទណាហ្គាវើលដ៍ឲ្យបានលឿន
10, Mar 2022 , 4:28 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍តវ៉ាកាលពីថ្ងៃទី៤មករា ឆ្នាំ២០២២។ រូបដោយ លោក ភួង វ៉ាន់ថា
បុគ្គលិកណាហ្គាវើលដ៍តវ៉ាកាលពីថ្ងៃទី៤មករា ឆ្នាំ២០២២។ រូបដោយ លោក ភួង វ៉ាន់ថា
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានជំរុញឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រកដំណោះស្រាយលើទំនាស់ណាហ្គាវើលដ៍ឲ្យបានលឿន។ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានចូលរួមស្ដាប់កិច្ចប្រជុំផ្ទៃក្នុង ស្វែងរកដំណោះស្រាយលើករណីណាហ្គាវើលដ៍ កាលពីថ្ងៃទី៩ មីនា។

 
លោក សក់ សេដ្ឋា រដ្ឋាលេខធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំស្ដីពីវិវាទការងារនៅណាហ្គាវើលដ៍ ក្រោមការចូលរួមរបស់សម្ដេច ស ខេង គឺដើម្បីជំរុញឲ្យមានដំណោះស្រាយ។ ក្នុងកិច្ចប្រជុំនេះ បានពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណាឲ្យទំនាស់នេះ ឆាប់ដល់ទីបញ្ចប់។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក សក់ សេដ្ឋា ដែលបានចូលរួមកិច្ចប្រជុំប្រាប់សារព័ត៌មានថ្មីៗថា៖ «យើងជំរុញឲ្យលឿន(ការដោះស្រាយវិវាទណាហ្គាវើលដ៍) ដោយបានស្ដាប់និងប្រមូលព័ត៌មានផ្សេងៗជុំវិញពីការធ្វើកូដកម្ម ដើម្បីរកជម្រើសនិងវិធីដោះស្រាយ ហើយការដោះស្រាយគឺផ្អែកតាមគោលការណ៍ច្បាប់»។ 
 
ចំពោះរយៈពេលនៃការបញ្ចប់វិវាទ រដ្ឋលេខធិការក្រសួងមហាផ្ទៃរូបនេះ ក៏មិនទាន់ដឹងច្បាស់ដែរ។ ប៉ុន្តែគោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺធ្វើយ៉ាងណាដោះស្រាយឲ្យបានឆាប់ ហើយយន្តការណ៍ដោះស្រាយយ៉ាងណា ក្រសួងការងារជាអ្នកទទួលបន្ទុក។ 
 
ចំពោះនីតិវិធីដោះស្រាយវិវាទណាហ្គាវើលដ៍លម្អិតនោះ លោក សក់ សេដ្ឋ រដ្ឋាលេខធិការក្រសួងមហាផ្ទៃ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការនគរបាលជាតិ ស្នើឲ្យសាកសួរទៅខាងក្រសួងការងារ។ ប៉ុន្តែ លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុំមិនឆ្លើយតប ព្រោះលោកមិនបាន​ចូលរួមកិច្ចប្រជុំ។ 
 
​ការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ បានអូសបន្លាយពេលជាង៨០ថ្ងៃហើយ នៅតែមិនអាចរកផ្លូវដោះស្រាយបាន។ នៅថ្ងៃទី១០មីនានេះ សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​ទាំង៨​​រូប​។​ ​ពួកគេត្រូវបានបញ្ជូនទៅពន្ធ​នាគា​រ ដើម្បី​បន្ត​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនា​កា​ ​ក្រោម​បទ​ចោទ​ញុះញង់​ឲ្យប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​។
 
សូមរម្លឹកថា បុគ្គលិកណាហ្កាវើលដ៍ បានចេញតវ៉ានឹងក្រុមហ៊ុនរបស់ខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក ដើម្បីទាមទារឲ្យទទួលយកបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបានបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ។ ក្នុងការចេញតវ៉ានេះ បុគ្គលិកណាហ្កាវើលដ៍ ត្រូវរចាប់ខ្លួនជាបន្តបន្ទាប់ រួមទាំងមេសហជីពរបស់ពួកគេផងដែរ។ បច្ចុប្បន្ន មានសកម្មជន និងមេសហជីព១១រូបនាក់របស់ពួកគេ កំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពី «បទ​ញុះញង់​បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង «បទ​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩»។ 
 
 

Tag:
 វិវាទការងារ
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com