ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមជាតិ
សហជីព ស្នើក្រសួងពាក់ព័ន្ធ អន្តរាគមន៍លើកម្លាំងអាជ្ញាធរ និងជនស្លៀកពាក់ស៊ីវិល ដែលប្រើហិង្សាលើអ្នកតវ៉ា
14, Mar 2022 , 10:29 pm        
រូបភាព
សមត្ថកិច្ចនាំអ្នកតវ៉ាណាហ្គាវើលដ៍ឡើងឡាន ដើម្បីបញ្ជូនទៅចត្តាឡីស័ក។ រូបពី ស្រីពៅ
សមត្ថកិច្ចនាំអ្នកតវ៉ាណាហ្គាវើលដ៍ឡើងឡាន ដើម្បីបញ្ជូនទៅចត្តាឡីស័ក។ រូបពី ស្រីពៅ
ភ្នំពេញ៖ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ស្នើឲ្យក្រសួងពាក់ព័ន្ធ និងក្រសួងកិច្ចការនារី ជួយអន្តរាគមន៍លើកងកម្លាំងអាជ្ញាធរ និងវែកមុខរកក្រុមស្លៀកពាក់ស៊ីវិលគ្មានក្របខណ្ឌច្បាស់លាស់ ដែលតែងតែរារាំង ដល់ក្រុមអ្នកតវ៉ាបុគ្គលិកណាហ្គាវើលដ៍។

 
សហជីព LRSU ដែលជាក្រុមកូដករ និងជាកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានថ្កោលទោសលើ កងកម្លាំងអាជ្ញាធរ ក៏ដូចជាក្រុមស្លៀកពាក់ស៊ីវិលដែលគ្មានក្របខណ្ឌច្បាស់លាស់ ដែលបានប្រើហិង្សាលើក្រុមកូដករ។ 
 
សេចក្ដីថ្លែងការណ៍របស់ LRSU ចេញថ្ងៃទី១៣មីនា ស្ដីពី ស្ថានភាពនៃការធ្វើកូដកម្មរបស់កម្មករនិយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៍​ បានលើកឡើងថា ការតវ៉ារបស់ពួកគេ ដើម្បីឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ទទួលយកសំណើរបស់បុគ្គលិក។ ប៉ុន្តែ ថៅកែណាហ្គាវើលដ៍បែរជាគ្មានឆន្ទៈ និងជំហរដោះស្រាយវិវាទនេះ។ 
 
សហជីពបន្ថែមថា បច្ចុប្បន្ន មានតែខាងសាលារាជធានីភ្នំពេញប៉ុណ្ណោះ ដែលចេញមុខរារាំង គំរាមគំហែង រួមទាំងប្រើហិង្សាលើក្រុមអ្នកតវ៉ា។ ក្នុងសេចក្តីថ្លែងការណ៍សហជីព LRSU បានសង្កត់ធ្ងន់ថា៖ «យើងខ្ញុំសូមស្នើឲ្យក្រសួងពាក់ព័ន្ធ និងក្រសួងកិច្ចការនារី មានចំណាត់ការតាមផ្លូវច្បាប់ទៅលើ កងកម្លាំងអាជ្ញាធរ និងស្វែងរកមុខក្រុមជនស្លៀកពាក់ស៊ីវិល ដែលគ្មានក្របខណ្ឌច្បាស់លាស់ ដែលបានចុះមកចាប់ខ្លួន រារាំង បំបិទសិទ្ធិក្នុងការតវ៉ាទាមទារសិទ្ធិសេរីភាពការងារ និងការប្រើប្រាស់សិទ្ធិសហជីព…»។ 
 
ជុំវិញសេចក្តីថ្លែងការណ៍នេះ សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឡើយ ។ ចំណែកលោក ផុន ពុធបូរី ប្រធាននាយកដ្ឋាន នៃក្រសួងកិច្ចការនារី សុំមិនបកស្រាយ ដោយស្នើឲ្យពិនិត្យមើលការឆ្លើយតបរបស់សាលារាជធានីភ្នំពេញ។ 
 
ចំណែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានច្រានចោល ការលើកឡើងរបស់ សហជីព LRSU នេះ។ លោក ភក្តី បានអះអាងថា កម្លាំងសមត្ថកិច្ចមិនបានប្រើហិង្សាលើក្រុមអ្នកតវ៉ាឡើយ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា កន្លងមកអាជ្ញាធរបានអនុវត្តតាមច្បាប់ ប៉ុន្តែភាគីក្រុមតវ៉ាទៅវិញទេ ដែលបន្តចេញតវ៉ាខុសពីវិធានការសុខាភិបាល។ យ៉ាងណាក្នុងនាមជាអាជ្ញាធរ លោកសង្ឈឹមថា វិវាទនេះនឹងឆាប់បញ្ចប់ដោយសន្តិវិធី។
 
«ពួកគាត់(អ្នកតវ៉ា) នៅតែបន្តចេញតវ៉ានៅទីសាធារណ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ ហើយជាងនេះ គឺក្នុងចំណោមពួកគេពេលបញ្ចូនទៅកន្លែងធ្វើចត្តាឡីស័ក លើកណាក៏ពិនិត្យឃើញថា មានអ្នកវិជ្ជមានកូវីដ-១៩ដែរ» ។ នេះបើតាមលោក ម៉េត មាសភក្ដី ដោយបន្ថែមទៀតថា ក្រោមហេតុផលបង្ការការរាលដាលនិងរក្សាសណ្ដាប់ធ្នាប់នេះហើយ ទើប អាជ្ញាធរចុះអន្តរាគមន៍។
 
យ៉ាងណាក្ដី សហជីព LRSU បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង លើការចាប់ខ្លួនក្រុមអ្នកតវ៉ាពីសំណាក់កម្លាំងអាជ្ញាធរក្រុង ហើយយកពួកគេទៅធ្វើតេស្ត។ ពួកគេ ឆ្ងល់ថា សកម្មភាពរបស់អាជ្ញាធរ តើជាការព្រួយបារម្ភសុខទុក្ខប្រជារាស្រ្ត ឬជាលេស ដើម្បីបិទសិទ្ធិពលរដ្ឋ?
 
ទន្ទឹមនឹងនេះ ពួកគេ ទទូចឲ្យភាគីក្រុមហ៊ុនចេញមុខដោះស្រាយ ហើយទទួលបុគ្គលិកជាង៣០០នាក់ ចូលបំពេញការងារវិញ។ ចំណែកអាជ្ញាធរពាក់ព័ន្ធនិងតុលាការ ត្រូវដោះលែងនិងទម្លាក់បទចោទ លើមេដឹកនាំសហជីពរបស់ពួកគេទាំង១១រូប ដោយឥតលក្ខខណ្ឌ៕ 
 
 
 
 

Tag:
 សង្គម
  វិវាតការងារ
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com