ជាតិ
ក្រសួងការងារ អំពាវនាវឲ្យបុគ្គលិកណាហ្គាវើលដ៍បញ្ឈប់ការតវ៉ា ហើយសន្យាដោះស្រាយបញ្ចប់វិវាទនេះ
11, Mar 2022 , 12:10 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍ តវ៉ាកាលពីថ្ងៃទី៤មករា ឆ្នាំ២០២២។ រូបដោយ សហការី
បុគ្គលិកណាហ្គាវើលដ៍ តវ៉ាកាលពីថ្ងៃទី៤មករា ឆ្នាំ២០២២។ រូបដោយ សហការី
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តស្នើឲ្យបុគ្គលិកណាហ្គាវើលដ៍ បញ្ឈប់ការតវ៉ា ដែលនាំឲ្យប៉ះពាល់ប្រយោជន៍របស់ពួកគេ ហើយក្រសួងនឹងបន្តសហការដោះស្រាយរាល់កង្វល់របស់ក្រុមអ្នកតវ៉ា។

 
ក្រសួងការងារបានចេញសេចក្ដីជូនដំណឹងទាំងយប់ ពីវឌ្ឍនភាពទំនាស់ណាហ្គាវើលដ៍ និងអំពាវនាវជាថ្មីឲ្យក្រមអ្នកតវ៉ាបញ្ឈប់សកម្មភាព។
 
លិខិតដែលចេញនៅយប់ថ្ងៃទី១០មីនា របស់ក្រសួងការងារ បានលើកឡើងពីឫសគល់នៃវិវាទការងារនេះ ដោយសារវិបត្តិកូវីដ-១៩ ទើបមានការកាត់បន្ថយបុគ្គលិក រហូតដល់រហូតដល់១៦២១នាក់ ក្នុងចំណោមបុគ្គលិកសរុប៨៣៧១នាក់។ ចាប់តាំងពីខែមេសា ឆ្នាំ២០២១ នៃគម្រោងកាត់បន្ថយនេះ ត្រូវបានបុគ្គលិកជំទាស់ ហើយទាមទារឲ្យបុគ្គលិក ដែលជាសមាជិតសហជីព៣៧៣នាក់ ចូលបម្រើកការងារវិញ។ ក្រៅពីនេះ គឺមានលក្ខខ័ណ្ឌ៨ចំណុចផ្សេងទៀត មានដូចជា បញ្ឈប់គេងប្រវ័ញ្ចលើបុគ្គលិកហាត់ការដោយទទួលពួកគេជាបុគ្គលិកពេញសិទ្ធិ ផ្ដល់ប្រាក់សំណង់តាមច្បាប់បុគ្គលិកដែលបានកាត់ឈ្មោះ និងពិនិត្យឡើងវិញលើការដកប្រធានផ្នែកកាស៊ីណូជាដើម។ 
 
វិវាទនេះ ក្រសួងបានសម្របសម្រួល៩លើក ប៉ុន្តែនៅតែមិនដាច់ស្រេច រហូតដល់បច្ចុប្បន្ន។ ដើម្បីឈានដល់ការបញ្ចប់វិវាទដោយសន្តិវិធី ក្រសួងបានស្នើយ៉ាងដូច្នេះ៖ «ជាថ្មីម្ដងទៀត…ក្រសួងសូមអំពាវនាវដល់បងប្អូនបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលបានចូលរួមធ្វើបាតុកម្មដោយអវត្តមានពីកន្លែងការងារ សូមបញ្ឈប់នូវសកម្មភាពដែលបង្កជាកំហុសនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។ 
 
ទន្ទឹមនឹងនេះ ក្រសួងបញ្ជាក់ថា នឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់កង្វល់របស់ក្រុមអ្នកតវ៉ា និងគិតគូរដល់សិទ្ធិស្របច្បាប់របស់វិនិយោគិនផងដែរ។ 
 
អត្ថបទទាក់ទង
 
 
 
 
 
 
 
 
 

Tag:
 វិវាទការងារ
  សិទ្ធិមនុស្ស
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com