ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន៖ តួអង្គនយោបាយនៅមីយ៉ាន់ម៉ា មិនទាន់រៀបចំខ្លួនចរចាគ្នាទេ ដែលជាការពិបាកបំផុត
24, Mar 2022 , 2:39 pm        
រូបភាព
បញ្ហាជម្លោះស៊ីវិលនៅមីយ៉ាន់ម៉ា មិនអាចប្រើពេលវេលាមួយខែ ឬមួយឆ្នាំ ដើម្បីដោះស្រាយចេញភ្លាមៗបានឡើយ។ នេះបើតាមលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតប្រធានអាស៊ាន ដែលប្ដេជ្ញាប្រឹងប្រែងរកច្រកផ្លូវវិជ្ជមាន ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា នៅក្នុងអាណត្តិរបស់ខ្លួននេះ។



ផលពិបាកនៃការដោះស្រាយបញ្ហាជម្លោះនយោបាយនៅមីយ៉ាន់ម៉ានេះ ដោយសារគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនព្រមបន្ទន់ឥរិយាបថដាក់គ្នា។ លោក ប្រាក់ សុខុន ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ ដើម្បីចង់ដឹងស្ថានការណ៍នយោបាយនៅទីនោះ បានវាយតម្លៃថាគ្រប់ភាគីនយោបាយទាំងអស់ មិនទាន់ត្រៀមខ្លួនជួបចរចាគ្នា ដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហាជម្លោះនេះទេ។
 
ថ្លែងក្នុងសន្និសីទកាសែត នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ មីនានេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ដែលបានប្រមូលមតិយោបល់ ពីអ្នកជំនាញការ និងអង្គទូតប្រចាំមីយ៉ាន់ម៉ា បានវាយតម្លៃថា៖«វាច្បាស់ណាស់ថា តួអង្គនយោបាយផ្សេងៗរបស់មីយ៉ាន់ម៉ា នៅមិនទាន់រៀបចំខ្លួនដើម្បីការចរចានេះទេ ដែលនេះវាជាការពិបាកបំផុត។ នៅពេលដែលយើងចង់ជួយផ្សះផ្សារ តែដៃគូ(ម្ខាងទៀត)មិនចង់ផ្សះផ្សារ គឺជាការពិបាកបំផុត»។
 
ក្នុងដំណើរទស្សនកិច្ចនោះ ប្រេសិតប្រធានអាស៊ាន បានមើលឃើញថា គ្រប់ភាគីជម្លោះមីយ៉ាន់ម៉ា នៅតែព្យាយាមយកឈ្នះ-ចាញ់គ្នា តាមរយៈការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាវិបត្តិនេះ។ «ឆ្លងតាមការពិភាក្សា ការស្ដាប់មតិ និងការផ្លាស់ប្ដូរយោបល់ ២ថ្ងៃកន្លងទៅនេះ ឃើញថាភាគីពាក់ព័ន្ធទាំងនោះ នៅតែបន្តតាំងចិត្តខ្ពស់ ក្នុងការបន្តតស៊ូតាមគ្រប់រូបភាព ពិសេសដោយអាវុធ។ មានន័យថា (ពួកគេ) នៅតែមានបំណង និងគោលដៅកម្ចាត់គ្នាទៅវិញទៅមក»។ នេះបើតាមលោក ប្រាក់ សុខុន ដែលបានបន្ថែមថា ការដោះស្រាយបញ្ហាជម្លោះនៅមីយ៉ាន់ម៉ា មិនអាចដោះស្រាយបញ្ចប់ដោយឆាប់រហ័ស តាមរយៈដំណើរទស្សនកិច្ចរបស់ប្រេសិតប្រធានអាស៊ាន តែមួយលើក ឬពីរលើកនេះបានទេ។
 
តែយ៉ាងណា ប្រមុខការទូតកម្ពុជារូបនេះ នៅតែអះអាងពីបំណងស្វែងរកចំណុចតភ្ជាប់ និងលទ្ធភាពរកដំណោះស្រាយនានា ប្រកបដោយភាពអត់ធ្មត់ លើបញ្ហាជម្លោះមីយ៉ាន់ម៉ា។ លោក ប្រាក់ សុខុន បានបញ្ជាក់ថា «ការស្វែងរកចំណុចតភ្ជាប់ គឺមានន័យថា យើងចង់តភ្ជាប់នូវរាល់ចំណុចទាំងឡាយ ដែលអាចឈានទៅរកដំណោះស្រាយ ដើម្បីការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យ។ ចំណុចទាំងឡាយ ដែលអាចនាំមកនូវការត្រឡប់មកវិញ ទៅរកប្រក្រតីភាពទាំងឡាយ ដែលអាចនាំប្រទេសមីយ៉ាន់ម៉ា ត្រឡប់មកក្រុមគ្រួសាររបស់អាស៊ានវិញ ដោយពេញមុខពេញមាត់»។
 
ប្រេសិតប្រធានអាស៊ានរូបនេះ បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក ទៅមីយ៉ាន់ម៉ា មិនមែនជាការបំពេញភាពស្របច្បាប់ឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដូចមតិរិះគន់កន្លងមកនោះទេ។ បើតាមលោក ប្រាក់ សុខុន គោលបំណងនៃទស្សនកិច្ចនេះ គឺគ្មានអ្វីផ្សេង ក្រៅពីចង់ជួយប្រជាជនមីយ៉ាន់ម៉ា ឱ្យរួចផុតពីសោកនាដកម្មនៃសង្គ្រាមប៉ុណ្ណោះ។ «យើងមានតែភាពស្មោះត្រង់ ក្នុងការជួយមីយ៉ាន់ម៉ាលើបញ្ហានេះ។ មានតែភាពស្មោះត្រង់ ក្នុងអាណត្តិជាប្រធានអាស៊ាន ភាពស្មោះត្រង់ក្នុងនាមខ្ញុំ ជាប្រេសិតប្រធានអាស៊ាន»។ នេះបើតាមលោក ប្រាក់ សុខុន ។
 
ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន លោក ប្រាក់ សុខុន ក្នុងទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា ២ថ្ងៃមកនេះ មិនបានជួបភាគីពាក់ព័ន្ធ និងលោកស្រី អ៊ុងសាន ស៊ូជី ឡើយ ។ ក្រៅពីលោក មីន អ៊ុងឡាំង មេដឹកនាំ និងមន្ត្រីរបបយោធាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានជួបតែលោក Ko Ko Gyi ដែលជាឥស្សរជនតស៊ូដើម្បីប្រជាធិបតេយ្យ ធ្លាប់ជាប់ពន្ធនាគារ១៧ឆ្នាំ នៅមីយ៉ាន់ម៉ាប៉ុណ្ណោះ ។ ក្នុងជំនួបពិភាក្សាគ្នានេះ លោក ប្រាក់ សុខុន បានអះអាងថា លោកទទួលបានយោបល់ និងចំណេះដឹងថ្មីៗច្រើន ពីលោក Ko Ko Gyi  អំពីស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា សម្រាប់យកទៅបង្ហាញប្រាប់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ាន។ លោក Ko Ko Gyi ដែលជាឥស្សរជនតស៊ូដើម្បីប្រជាធិបតេយ្យនេះ គឺស្គាល់ពីស្ថានភាពមីយ៉ាន់ម៉ាច្បាស់៕
 

Tag:
 ប្រាក់ សុខុន
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com