ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
៩ខែ កម្ពុជាផលិតមាសបាន ជាង២តោន
31, Mar 2022 , 9:32 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា អាចផលិតមាស បាន២ ២៧៥គីឡូក្រាម ក្នុងរយៈពេល៩ខែមកនេះ។ កម្ពុជាចាប់ផ្ដើមរុករករ៉ែមាស តាំងពីខែមិថុនា ឆ្នាំ២០២១មក។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ មីនានេះ។



សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជារកប្រេងបានហើយ ប៉ុន្តែត្រូវបាត់បង់ទៅវិញ ដោយសារការលួចនាំកប៉ាល់ដឹកប្រេងចេញកាលពីឆ្នាំមុន។ តែយ៉ាងណាកម្ពុជា បានកាក់កបជាមួយការរកឃើញរ៉ែមាស អំឡុងពេលជិត១ឆ្នាំនេះ។ បើតាមសម្ដេច ហ៊ុន សែន កម្ពុជា បានផលិតមាសជាង២តោនហើយ។
 
ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖« ៩ខែ យើងផលិតមាស បាន ២ ២៧៥គីឡូក្រាម…។ អាហ្នឹង គ្រាន់តែគិតតែមួយកន្លែងទេ នៅមិនទាន់គិតកន្លែងផ្សេងដទៃទៀត។ អ៊ីចឹងយើងក៏ចាប់ផ្ដើមប្រើប្រាស់ធនធានធម្មជាតិយើងមួយចំណែក ដែលយើងបាន និងកំពុងរុករក ដើម្បីធ្វើអាជីវកម្ម បម្រើសេចក្តីត្រូវការរបស់ប្រទេសជាតិ»។ 
 
បើតាមសម្ដេច ហ៊ុន សែន កម្ពុជាកំពុងសិក្សា ស្រាវជ្រាវកន្លែងផ្សេងៗទៀត ខណៈដែលប្រទេសដទៃលើពិភពលោក កំពុងដំណើរការអាជីវកម្មរ៉ែមាសនេះ យូរឆ្នាំមកហើយ។
 
អត្ថបទទាក់ទង

 
កន្លងមកលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បាននិយាយថា ក្រុមហ៊ុនវិនិយោគចំនួន៤ទៀត អាចនឹងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា នាអំឡុងឆ្នាំ ២០២២។ ក្នុងនោះក្រុមហ៊ុនចិនចំនួន៣ នឹងធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅទឹកដីនៃខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី។ ចំណែកក្រុមហ៊ុនមកពីប្រទេសឥណ្ឌាមួយទៀត ត្រៀមធ្វើអាជីវកម្មរ៉ែមាសនេះ នៅក្នុងខេត្តរតនគិរី ផងដែរ។ 
 
កាលពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១  រដ្ឋាភិបាលបានប្រកាសបើកដំណើរការចម្រាញ់រ៉ែមាសលើកដំបូង នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុន Renaissance Minerals មកពីប្រទេសអូស្រា្តលី ដែលមានសមត្ថភាពអាចផលិតមាសសុទ្ធ បានប្រមាណ៣តោន ក្នុងមួយឆ្នាំ។ កម្ពុជារំពឹងថា នឹងទទួលបានថវិកាចូលជាតិ ពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕
 

Tag:
 ហ៊ុន សែន
  រ៉ែមាស
© រក្សាសិទ្ធិដោយ thmeythmey.com