ជាតិ
សេដ្ឋកិច្ច
កម្ពុជា ប្រមូលអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីថ្ងៃ១មេសា​តទៅ
01, Apr 2022 , 9:41 am        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
អាករ​លើតម្លៃ​បន្ថែម(VAT)​ចំនួន១០ភាគរយ ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce)នៅកម្ពុជា ត្រូវអនុវត្តចាប់​ពី​ថ្ងៃ​ទី១មេសា ឆ្នាំ២០២២។ បើតាមលោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បច្ចុប្បន្នមានក្រុមហ៊ុនឌីជីថលធំៗ នៅបរទេសប្រមាណ២០ក្រុមហ៊ុនហើយ ដែលបានចុះបញ្ជី អនុវត្តអាករ​លើតម្លៃ​បន្ថែមនេះ ខណៈ​ក្រុមហ៊ុនបរទេសផ្សេងៗ កំពុងសម្រុកមកចុះបញ្ជីជាបន្តបន្ទាប់ នៅអគ្គនាយកដ្ឋានពន្ធដារ។​


 
បច្ចុប្បន្ន មានក្រុមហ៊ុនបរទេសជាង២០ហើយ ដែលជាក្រុមហ៊ុនធំៗ និងគោរពច្បាប់ត្រឹមត្រូវ គឺបានមកចុះបញ្ជីរួចអស់ហើយ នៅអគ្គនាយកដ្ឋានពន្ធដារ។  នេះជាការលើកឡើង របស់ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ ។ បើតាមលោក អេង រតនា ក្រុមហ៊ុនដែលមកចុះបញ្ជីអនុវត្តអាករ​លើតម្លៃ​បន្ថែមនោះ មានក្រុមហ៊ុន Facebook YouTube Netflix Amazon Google Alibaba Microsoft  TikTok  MasterCard និង Zoho Corporation ... ជាដើមនោះ។ 
 
​ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បាន​ប្រាប់សារព័ត៌មានថ្មីៗទៀតថា ការប្រមូលអាករលើតម្លៃបន្ថែម១០ភាគរយ ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce)នេះ ពីក្រុមហ៊ុនឌីជីថល ដែលមានអនិវាសនដ្ឋាននៅបរទេសនេះ មិនត្រឹមតែផ្តល់ចំណូលបន្ថែមចូលជាតិប៉ុណ្ណោះទេ គឺថែមជួយដល់សេដ្ឋកិច្ចជាតិ រួមទាំងធ្វើឱ្យមានការប្រកួតប្រជែងទីផ្សារ ក្របកដោយមានភាពស្មើភាពគ្នា រវាងអ្នកប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកក្នុង និងក្រៅប្រទេសទៀត។ 

លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃGDT
 
«ការយកVAT ១០ភាគរយនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចយើងដំណើរការកាន់តែប្រសើរ តាមរយៈការទាក់ទាញក្រុមហ៊ុនបច្ចេកទេសទំនើបៗមកស្រុកយើង និងបង្កើតការងារផ្សេងៗដល់ពលរដ្ឋខ្មែរយើង​»។ លោក អេង រតនា បានថ្លែងយ៉ាងដូច្នេះ ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរសព្ទ នាល្ងាចថ្ងៃទី៣១មីនា  ដោយបន្តពន្យល់ថា បើសិនជាកម្ពុជាមិនយកVAT ពីក្រុមហ៊ុនបរទេសទាំងឡាយ ដែលផ្គត់ផ្គង់សេវា-ទំនិញឌីជីថលទេ ហើយយកតែពីក្រុមហ៊ុនក្នុងស្រុក គឺច្បាស់ណាស់ក្រុមហ៊ុនបរទេសទាំងនោះ មិនមកកម្ពុជាទេ ដោយពួកគេ ធ្វើអាជីវកម្មតែពីក្រៅប្រទេសហើយ យកលុយពីស្រុកខ្មែរតាមអនឡាញទៅបាត់ និងមិនបានបង់ពន្ធអ្វីសោះចូលរដ្ឋ។​ 
 
លោក អេង រតនា បានបន្តនិយាយដូច្នេះ៖ «ដល់ពេលយើងយក (VAT) ១០ភាគរយ អ៊ីចឹង​ទៅ អ្នកវិនិយោគឌីជីថលនៅបរទេសទាំងនោះ អាចបើកបុត្រសម្ព័ន្ធនានានៅកម្ពុជា ដោយនាំមកនូវបច្ចេកវិទ្យាទំនើបៗមកស្រុកយើង ហើយជាចុងក្រោយ យើងក៏បានចំណូលពន្ធផ្សេងៗថែមទៀត។ អ៊ីចឹង​! ការយកVATនេះ គឺវាល្អមែនទែន ហើយការប្រកួតប្រជែងពីក្រុមហ៊ុនបរទេសទាំងនោះ ក៏មិនអាចផ្តួលអ្នកស្រុកបានដែរ»។ 
 
បើតាមលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ការប្រមូលពន្ធលើទំនិញ និងសេវាកម្មឌីជីថលពីក្រុមហ៊ុនទាំងនេះ គឺមានសក្តានុពលក្នុងការបង្កើនចំណូលចូលជាតិបន្ថែមទៀត។ លោក គង់ វិបុល បានថ្លែងក្នុងកម្មវិធីពិសេស ស្តីពីពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារនាពេលកន្លងមក យ៉ាងដូច្នេះថា៖ «យើងខ្ញុំពិនិត្យឃើញថា ការ[ប្រមូលពន្ធចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក]នេះ គឺវាមានសក្តានុពល នៃចំណូលនេះ ដើម្បីបង្កើននូវចំណូលថវិកាជាតិបន្ថែមទៀត បើសិនយើងក្តាប់ឱ្យបាន»។
 
កម្ពុជា នៅបន្តស្វាគមន៍ចំពោះក្រុមហ៊ុន ធ្វើប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិកដែលមានអនិវាសនដ្ឋាននៅបរទេស មកចុះបញ្ជីអនុវត្តអាករលើតម្លៃបន្ថែមនេះ នៅអគ្គនាយកដ្ឋានពន្ធដារ  ។ 
 
ជាមួយគ្នានេះក្រុមហ៊ុន Meta ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដាររួចហើយនោះ ក៏ចាប់ផ្តើមកាត់ទុកអាករលើតម្លៃបន្ថែម (VAT) ចំនួន១០ភាគរយនេះ​ ​រាល់ការផ្សាយពាណិជ្ជកម្ម​ក្នុងហ្វេសប៊ុក ពីថ្ងៃទី១មេសា ឆ្នាំ២០២២ ផងដែរ។
 
សូមជម្រាបថា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ ចូលថវិកាជាតិ បានរហូតដល់ជិត ២ ៧៨២លានដុល្លារ។ ចំនួននេះគឺ លើសផែនការប្រចាំរបស់រដ្ឋាភិបាលដល់ ២៤,០២ភាគរយ បើធៀបនឹងឆ្នាំ២០២០។  ដោយឡែក សម្រាប់រយៈពេល៣ខែដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានដល់ ១ ១៣២លានដុល្លារ​។  សម្តេច ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមចោមចៅ នាព្រឹកថ្ងៃទី៣១មីនា៕ 
 

Tag:
 ពន្ធដារ
  VAT
  E-Commerce
  លោក អេង រតនា​
© រក្សាសិទ្ធិដោយ thmeythmey.com