ជាតិ
នាយក WWF ស្នើឱ្យធ្វើវិសោធនកម្មច្បាប់ដាក់ទោសអ្នកដាក់អន្ទាក់សត្វព្រៃកាន់តែធ្ងន់ជាងមុន
09, Apr 2022 , 8:59 pm        
រូបភាព
 លោក សេង ទៀក នាយកអង្គការWWF ប្រចាំប្រទេសកម្ពុជា ក្នុងសន្និសីទសារព័ត៌មានយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ០៦មេសា។ រូបភាព៖ WWF
លោក សេង ទៀក នាយកអង្គការWWF ប្រចាំប្រទេសកម្ពុជា ក្នុងសន្និសីទសារព័ត៌មានយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ០៦មេសា។ រូបភាព៖ WWF
ដោយ:
ស្ទឹងត្រែង៖ លោក សេង ទៀង នាយកអង្គការ WWF ប្រចាំកម្ពុជា ស្នើឱ្យអ្នកពាក់ព័ន្ធពិនិត្យច្បាប់ដាក់ទោសអ្នកដាក់អន្ទាក់សត្វព្រៃឱ្យធ្ងន់ធ្ងរ ព្រោះច្បាប់បច្ចុប្បន្នមិនអាចបញ្ឈប់ព្រានព្រៃឡើយ។ ជុំវិញបញ្ហានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឆ្លើយតបថា ក្រសួងនឹងយកយុទ្ធនាការអន្ទាក់សូន្យ ដើម្បីពិនិត្យពីការពង្រឹងច្បាប់ការពារធម្មជាតិបន្ថែម។

 
អន្ទាក់ បានសម្លាប់ និងប៉ះពាល់ការរស់នៅរបស់សត្វព្រៃ ជារៀងរាល់ថ្ងៃនៅតាមតំបន់ការពារធម្មជាតិ និងដែនជម្រកសត្វព្រៃ។ សត្វព្រៃមួយចំនួន ត្រូវបានផុតពូជ និងមួយចំនួនទៀតមិនអាចបន្តពូជទៀតបាន ព្រោះរងការគំរាមកំហែងពីអន្ទាក់។ យ៉ាងណាមិញ អន្ទាក់ហាក់កើនឡើងក្នុងព្រៃ បើទោះជា ព្រានព្រៃមួយចំនួនត្រូវបានចាប់ និង ដាក់ទោសតាមច្បាប់ក្ដី។
 
លោក សេង ទៀង សង្កេតឃើញថា ច្បាប់ដាក់ទោសអ្នកបរបាញ់ និងដាក់ទន្ទាក់សត្វព្រៃនៅមានកម្រិតស្រាលពេក ដែលធ្វើឱ្យព្រានព្រៃមួយចំនួនហាក់មិនខ្លាចច្បាប់។ លោក សេង ទៀក អះអាងថា អន្ទាក់កើនឡើងជារៀងរាល់ឆ្នាំ ហើយអន្ទាក់ប្រមាណ២០ភាគរយប៉ុណ្ណោះ ដែលត្រូវបានបង្ក្រាប។

អន្ទាក់ដែលបានបង្រ្កាបពីដែនជម្រកសត្វព្រៃមួយចំនួន។ រូបភាព_៖ ហេង ស្រីលីន 

« ខ្ញុំយល់ថាទោសទណ្ឌបច្ចុប្បន្នស្ថិតនៅកម្រិតថា្នក់ទីមួយ។ អ៊ីចឹងចូលទៅថ្នាក់ទីបីជាការល្អ។ គួរដាក់ទោសពី១ឆ្នាំទៅ៥ឆ្នាំជាការល្អ និងពិន័យជាប្រាក់ចាប់ពី ១៥លានរៀល ចំពោះអ្នកដាក់អន្ទាក់។ កន្លែងនេះគួរតែត្រូវពិនិត្យមើលទៅលើច្បាប់ដើម្បីកាត់បន្ថយការដាក់អន្ទាក់នៅក្នុងព្រៃ។ ការបណ្ដើរឆ្កែក៏គួរដាក់ទោសដែរ »។ នេះជាការលើកឡើងរបស់នាយកអង្គការ WWF។
 
យោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ជំពូកទី១០ មាត្រា៥៨ ចែងដូច្នេះ ការចាប់ ប្រមាញ់ ប្រមូលពងសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី១០ម៉ឺនរៀល ដល់ ១លានរៀលបន្ថែមលើសំណងខូចខាតធនធានធម្មជាតិ និងរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋចំពោះបទល្មើសនៅតំបន់ការពារធម្មជាតិ។ ប៉ុន្តែបើប៉ះពាល់ដល់សត្វកម្រ ដូចជាសត្វខ្ទីងមួយ ត្រូវពិន័យពី ៣០លានរៀល ទៅ៦០លានរៀល។ 
 
ជាការឆ្លើយតបសំណូមពរខាងលើ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បន្តថា បច្ចុប្បន្នក្រសួងបរិស្ថានកំពុងពិនិត្យពីការតាក់តែង ក្រមបរិស្ថាន ពាក់ព័ន្ធនឹងទោសទណ្ឌ។ យុទ្ធនាការអន្ទាក់សូន្យក៏នឹងក្លាយជាពិសោធន៍មួយសម្រាប់ការពង្រឹងច្បាប់បន្ថែមទៀតដែរ។ 
 
រដ្ឋលេខាធិការរូបនេះលើកឡើងដូច្នេះ៖ «យុទ្ធនាការអន្ទាក់សូន្យនេះ គឺជាការចុះស្ទាបស្ទង់នៃការអនុវត្តច្បាប់នៅតំបន់ការពារធម្មជាតិ ថាតើវាគ្រប់គ្រាន់ហើយឬនៅ ឬក៏ត្រូវឡើងមួយកម្រិតទៀត ដើម្បីឈានដល់ការទប់ស្កាត់ឱ្យបានច្រើនបំផុត និងទប់ស្កាត់បានទាំងស្រុង ជាពិសេសការជួញដូរសត្វព្រៃ »។
 
លោក នេត្រ ភក្ត្រា ក៏ស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ លើសពីនេះ ដើម្បីបញ្ឈប់ការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ ត្រូវមានការចូលរួមពីប្រជាជនមូលដ្ឋាន សហគមន៍ និងអ្នករកស៊ីគ្រប់ប្រភេទទាំងអស់។ នាយកអង្គការ WWF ប្រចាំកម្ពុជា លោក សេង ទៀង អំពាវនាវឱ្យប្រជាជនទាំងអស់បញ្ឈប់ការបរបាញ់សត្វ ការបរិភោគ និងលក់ដូរសត្វព្រៃគ្រប់ប្រភេទទាំងអស់ដើម្បី ប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេសកម្ពុជា ។ 


 លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តស្ទឹងត្រែង។ រូបភាពផ្ដល់ឱ្យដោយលោក នេត្រ ភក្ត្រា ។
 
គួរបញ្ជាក់ដែរ អន្ទាក់ចំនួន ៦១ ៦១១ ត្រូវបានដោះចេញ ពីតំបន់ការពារធម្មជាតិចំនួន ៧៣ និងច្រករបៀងជីវចម្រុះចំនួន ៣ ក្នុងប្រទេសកម្ពុជា។ ជាមធ្យមក្នុងមួយឆ្នាំ អន្ទាក់សរុបចំនួនប្រមាណ ៤ម៉ឺន ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ៕ 
 
 
 

Tag:
 អង្គការWWF
  យុទ្ធនាការអន្ទាក់សូន្យ
© រក្សាសិទ្ធិដោយ thmeythmey.com