ជាតិ
សេដ្ឋកិច្ច
កំណើនសេដ្ឋកិច្ចប្រទេសទាំង១០នៅអាស៊ាន ក្នុងឆ្នាំ២០២២​
10, Apr 2022 , 3:29 pm        
រូបភាព
សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន ចាប់ផ្តើមរើបឡើងវិញពីវិបត្តិកូវីដ-១៩ ដែលបានអូសបន្លាយជាងរយៈពេល២ឆ្នាំមកនេះ។ បើតាមរបាយការណ៍របស់ធនាគារពិភពលោក( World Bank) ក្រៅពីមីយ៉ាន់ម៉ា ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន នឹងមានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន សម្រាប់២០២២ ដោយក្នុងនោះកម្ពុជាមានកំណើនទាបជាងវៀតណាម តែខ្ពស់ជាងប្រទេសថៃ។​

 
ធនាគារពិភពលោក បានព្យាករថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៤,៥ភាគរយ ខណៈវៀតណាមកំណើនរហូតដល់៥,៥ភាគរយ រីឯប្រទេសថៃមានកំណើនត្រឹម៣,៩ភាគរយ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាមការសិក្សារបស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីដើមខែមករា ឆ្នាំ២០២២។
ធនាគារពិភពលោកបន្តបង្ហាញថា ក្រៅពីប្រទេសទាំងបីខាងលើសេដ្ឋកិច្ចប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងនោះមាន ប្រទេសហ្វីលីពីនមានកំណើនសេដ្ឋកិច្ច ឈានដល់៥,៩ភាគរយ ម៉ាឡេស៊ីមាន៥,៨ភាគរយ ឥណ្ឌូនេស៊ីមាន៥,២ភាគរយ និងប្រទេសឡាវក៏មាន ៤,៥ភាគរយកំណើនសេដ្ឋកិច្ចប្រចាំ២០២២ ផងដែរ។  
 
បើតាមធនាគារពិភពលោក ប្រទេសនៅក្នុងតំបន់អាស៊ានទាំងនេះ គឺមានអត្រាកំណើនចន្លោះពី០,៦ទៅ២,៩ភាគរយ បើធៀបនឹងកាលឆ្នាំ២០២១។
 
ដោយឡែក ប្រទេសមីយ៉ាន់ម៉ា ធនាគារពិភពលោក មិនទាន់ព្យាករពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២នោះទេ ព្រោះតែប្រទេសនេះ​នៅបន្តមានជម្លោះស៊ីវិលផ្នែកយោធា​ ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពុំមានភាពច្បាស់លាស់ណាមួយ។ របាយការណ៍របស់ធនាគារពិភពលោកបានបញ្ជាក់ថា កាលឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចប្រទេសនេះគឺ​បានធ្លាក់រហូតដល់-១៨ភាគរយ។ ​ជាមួយគ្នានេះ ពិភពលោកធនាគារពិភពលោក ក៏មិនបានព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី និង ប្រទេសព្រុយណេ ផងដែរ។ 
 
ទន្ទឹមនឹងការចាប់ផ្តើមរើបសេដ្ឋកិច្ចឡើងវិញ កម្ពុជារួមទាំងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន បែរជាប្រឈមនូវហានិភ័យពីសង្គ្រាមរវាងប្រទេសរុស្សី​និងអ៊ុយក្រែន,​ ការរឹតបន្តឹងផ្នែករូបិយបណ្ណសហអាម៉េរិក រួមទាំងការថមថយល្បឿនសេដ្ឋកិច្ចរបស់ប្រទេសចិន ទៅវិញ។ 
 
ថ្ងៃទី៤មេសា ឆ្នាំ២០២២  ធនាគារពិភពលោកបានចេញសេចក្តីប្រកាសព័ត៌មានថា សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន កំពុងគំរាមកំហែងដល់ដំណើរងើបឡើងវិញទាំងរដិបរដុបនៃសេដ្ឋកិច្ចក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (East Asia and Pacific_EAP) ពីវិបត្តិនៃជំងឺកូវីដ-១៩។ អាស៊ាន ជាតំបន់មួយដែលស្ថិតនៅក្នុងEAP។​ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបាន បានបញ្ជាក់យ៉ាងដូច្នេះ៖«សង្រ្គាមនេះ​បានដាក់សម្ពាធថែមទៅលើការលំបាករបស់សេដ្ឋកិច្ចពីសំណាក់​ជំងឺរាតត្បាតកូវីដ-១៩ដែលមិន​ទាន់​ផុតរលត់ អមដោយការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាម៉េរិក និងការផ្ទុះការរាលដាលនៃរោគរាតត្បាតនេះម្តងទៀតចំពេលដែលអាជ្ញាធរប្រទេសចិនកំពុងអនុវត្តវិធានការកូវីដសូន្យ»។
 
ព្រឹត្តិការណ៍អង្រួនយ៉ាងកន្ត្រាក់ចេញពីសង្រ្គាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ន កំពុងរំខានដល់ការផ្គត់ផ្គង់ទំនិញ, ធ្វើឱ្យភាពតានតឹងផ្នែកហិរញ្ញវត្ថុកាន់តែកើន និងលទ្ធភាពកំណើនសេដ្ឋកិច្ចពិភពលោកស្រុតចុះទៅវិញ។ បើតាមធនាគារពិភពលោក ប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលនាំចូលខ្នាតធំនូវប្រេងឥន្ធនៈ  ដូចជា៖ ប្រទេសម៉ុងហ្គោលី និងថៃ រួមទាំងបណ្តាប្រទេសដែលនាំចូលស្បៀងច្រើន កំពុងមានការធ្លាក់ចុះប្រាក់ចំណូលពិតប្រាកដ។
 
ដោយឡែក ប្រទេសដែលមានបំណុលច្រើន​ ដូចជា៖ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងម៉ុងហ្គោលី និងប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចេញដូចជាម៉ាឡេស៊ី និងវៀតណាមជាដើម គឺងាយនឹងទទួលរងការប៉ះទង្គិចផ្នែកហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចពិភពលោកណាស់ នៅពេលបច្ចុប្បន្ន៕ 
 

Tag:
 World Bank
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com