ជាតិ
សេដ្ឋកិច្ច
សាំងធម្មតា និងម៉ាស៊ូត បា​នធា្លក់ថ្លៃ ២០០រៀលក្នុងមួយលីត្រ
11, Apr 2022 , 3:42 pm        
រូបភាព
ស្ថានីយប្រេងឥន្ធនៈមួយកន្លែងមួយរាជធានីភ្នំពេញ។
ស្ថានីយប្រេងឥន្ធនៈមួយកន្លែងមួយរាជធានីភ្នំពេញ។
ភ្នំពេញ៖ សាំងធម្មតាមានតម្លៃ ៥ ០៥០រៀលក្នុងមួយលីត្រ ខណៈប្រងម៉ាស៊ូត មានតម្លៃ ៥ ១០០រៀលក្នុងមួយលីត្រ។ តម្លៃទាំងនេះ គឺបានធ្លាក់ចុះ ចំនួន២០០រៀលក្នុងមួយលីត្រ បើធៀបនឹងរយៈពេល១០ថ្ងៃមុន។ នេះបើតាមសេចក្តីដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែមេសា។



ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការលក់រាយនៃសាំងធម្មតាមានតម្លៃ ៥ ០៥០រៀល និងម៉ាស៊ូតមានតម្លៃ ៥ ១០០រៀលក្នុងមួយលីត្រ នៅតាមស្ថានីយ និងដេប៉ូឥន្ធនៈនេះ គឺអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០មេសា។  
 
កាលពីថ្ងៃទី២២មីនា ឆ្នាំ២០២២ រដ្ឋាភិបាលបាន​កំណត់​រូបមន្តថ្មី ​ដើម្បីធ្វើឱ្យ​​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា ឡើង ឬ​ចុះថ្លៃ ​ទៅតាម​តម្លៃ​នៅ​លើ​ទីផ្សារ​អន្ដ​រជាតិ។  ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង​រ៉ែ និងថាមពល បានសម្រេចរួមគ្នា​ កែសម្រួល​រូប​មន្ត​ថ្លៃលក់រាយ​ប្រេងឥន្ធនៈ នៅតាមបណ្ដាស្ថានីយ ​ដោយ​កំណត់​យក «តម្លៃ​រាយ​/លីត្រ = មធ្យមភាគ MOPS + ពន្ធ +PREMIUM + អាករ​លើតម្លៃបន្ថែម (VAT OUT)។ នេះបើតាមសេចក្តីប្រកាសរួម របស់អន្តរក្រសួងខាងលើនេះ។ 
 
ប្រកាសអន្តរក្រសួងបានពន្យល់ថា MOPS ( Mean of Platt Singapore) សំដៅលើតម្លៃមធ្យមភាគ នៃ​ផលិត​ប្រេង​ឥន្ធនៈ​លក់​ដុំ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ចេញផ្សាយដោយក្រុមហ៊ុនPlatts។ ពាក្យ​ PREMIUM សំដៅ​លើ​ចំណាយទូទៅ បូក​ពន្ធលើប្រាក់ចំណេញ និងប្រាក់ចំណេញ ហើយ ​​ពន្ធ​សំដៅលើ​ពន្ធគយ បូក​អាករបន្ថែម បូក​អាករពិសេស។ 
 
ប្រកាសរបស់អន្តរក្រសួងបានបញ្ជាក់ថា​៖ « តម្លៃ PREMIUM កំណត់ថ្មី ត្រូវបានកំណត់ ០,២០ដុល្លារ​ក្នុងមួយលីត្រ សម្រាប់​ប្រេង​សាំង​ធម្មតា (EA92)។ ចំណែកតម្លៃ Premium ប្រេងម៉ាស៊ូត កំណត់ត្រឹម​ ០,២៣ដុល្លារក្នុង​មួយ​លីត្រ និងតម្លៃ Premium សាំងស៊ុបពែ​ មិនត្រូវបានកំណត់ទេ ដោយអាចលក់តម្លៃប្រកួតប្រជែង ប៉ុន្ដែតម្លៃមួយទាបជាងថ្លៃ​ ដែល​បាន​គណនាដោយរូបមន្ដ»។
 
ពាក់ព័ន្ធនឹងកំណត់រូបមន្តថ្មី សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ អាចចេញសេចក្ដីជូនដំណឹងភ្លាមៗ ​ដោយកំណត់ឱ្យ​ចេញថ្លៃលក់រាយជូនក្រុមហ៊ុន​ប្រេង​ឥន្ធនៈ នៅ​ក្នុង ​រយៈ​ពេល១០ថ្ងៃ ឬ១៥ថ្ងៃម្ដង ដើម្បីឱ្យ​មាន​សមាមាត្រគ្នា រវាងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ អន្ដរជាតិ និងតម្លៃលក់រាយនៅទីផ្សារកម្ពុជា សម្រាប់រក្សាស្ថិរភាព នៃការផ្គត់ផ្គង់ប្រេង​ឥន្ធនៈនៅកម្ពុជា។
 
លោក ស៊ាង ថៃ​ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗ ថា  ការកំណត់រូបមន្តសម្រាប់គណនាថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា  បានរក្សាថ្លៃលក់រាយប្រេងនៅកម្ពុជា ឲ្យមានស្ថេរភាពជាងមុន។ លោកបានប្រសាសន៍ដូច្នេះ៖ «[ការកំណត់រូបមន្តថ្មី] គឺអាចបំបាត់បាតុភាព ប្រេងឡើងថ្លៃលឿន តែចុះមកវិញយឺត ដែលប្រជាពលរដ្ឋតែងតែត្អូញត្ងែរ ដូចកាលមិនទាន់អនុវត្តរូបមន្តនេះ»។ ប៉ុន្តែលោក បញ្ជាក់ថា ការអនុវត្តរូបមន្តថ្មីនេះ គឺមិនមែនជាវិធីធ្វើឲ្យប្រេងចុះថ្លៃទេ៕
 

Tag:
 ប្រេងឥន្ធនៈ
© រក្សាសិទ្ធិដោយ thmeythmey.com