កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កាតាបានចំណូលស្នូលជាង៤ពាន់លានដុល្លារ
19, Apr 2022 , 8:29 am        
រូបភាព
ម្ចាស់ផ្ទះកាតា នឹងទទួលបានប្រាក់ចំណូលសរុបពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ចំនួន ៤,៦៦៦ លានដុល្លារ ដែលក្នុងនោះ ៣,៨០៧ លានដុល្លារស្មើនឹង៨២ភាគរយ ទទួលបានរួចហើយ តាមរយៈការចុះកិច្ចសន្យានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។ នេះបើតាមការចុះផ្សាយរបស់ FIFA លើវេបសាយផ្លូវការរបស់ខ្លួន។


ក្នុងចំណោមប្រាក់ចំណូលស្នូលទាំង៥ប្រភេទនេះ រួមមានសិទ្ធិផ្សាយតាមទូរទស្សន៍ ជាចំណូលច្រើនបំផុត ចំនួន២,៦៤០លានដុល្លារ ដែលស្មើនឹង ៥៦ភាគរយ តាមពីក្រោយដោយសិទ្ធិទីផ្សារ ២៩ភាគរយ ស្មើនឹងទឹកប្រាក់ ១,៣៥៣លានដុល្លារ។ 
 
សិទ្ធិបដិសណ្ឋារកិច្ច ជាមួយការលក់សំបុត្រមានតម្លៃ ៥០០លានដុល្លារ ស្មើនឹង១១ភាគរយ រួមនឹងសិទ្ធិផ្តល់អាជ្ញាប័ណ្ណ ៣ភាគរយ (១៤០លានដុល្លារ) និងប្រាក់ចំណូលផ្សេងទៀត ចំនួន១ភាគរយ ស្មើនឹង៣៣លានដុល្លារ។
 
ក្នុងចំនួនទឹកប្រាក់សរុប ៤,៦៦៦ លានដុល្លារ កាតាទទួលបានប្រាក់មួយចំនួនធំរួចហើយ ក្រោយព្រមព្រៀងកិច្ចសន្យាកាលពីឆ្នាំ២០២០ ក្នុងចំនួនទឹកប្រាក់ ៣,៨០៧ លានដុល្លារ ដែលស្មើនឹង៨២ភាគរយ។
 
យ៉ាងណាក៏ដោយ FIFA ដែលមើលឃើញដំណើរឆ្ពោះទៅកាន់ World Cup នៅកាតា មានភាពល្អប្រសើរ។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ ជឿជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក​ នឹងទទួលបានចំណូលសរុបរហូតជាង៦ពាន់លានដុល្លារ។
 
ព្រឹត្តិការណ៍ FIFA World Cup លើកទី២២ នឹងចាប់ផ្តើមពីថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា។ ៣២ក្រុមនឹងចូលរួមប្រកួតប្រជែងពានរង្វាន់បាល់ទាត់ពិភពលោកនេះ ខណៈបច្ចុប្បន្នគេរកឃើញ២៩ក្រុមហើយ និង៦ក្រុមទៀតនៅមានភារកិច្ចប្រកួតវគ្គ Play-off ដើម្បីដណ្តើមយក៣កៅអីបង្គ្រប់៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com