សេដ្ឋកិច្ច
អន្តរជាតិ
អ្នកវិភាគ៖ អាស៊ានពិតជាត្រូវការអាម៉េរិកទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច
19, Apr 2022 , 2:39 pm        
រូបភាព
 លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា(ខាងឆ្វេង) និង លោក វណ្ណ ប៊ុនណា អ្នកជំនាញវិទ្យា​សាស្រ្តនយោបាយ។_
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា(ខាងឆ្វេង) និង លោក វណ្ណ ប៊ុនណា អ្នកជំនាញវិទ្យា​សាស្រ្តនយោបាយ។_
ភ្នំពេញ៖ អាស៊ានពិតជាត្រូវការអាមេរិកទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់អ្នកវិភាគ និងជំនាញវិទ្យាសាស្ត្រតនយោបាយ ដែលមើលឃើញពីផលវិជ្ជមាន នៃជំនួបកំពូលរវាងមេដឹកនាំអាសា៊ន និងអាម៉េរិក នាថ្ងៃទី ១២-១៣ ឧសភាខាងមុខ។

 
 
កិច្ចប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ាននិងមេដឹកនាំអាមេរិក មិនបានរៀបចំ តាំងពីអំឡុងឆ្នាំ២០១៧មកម្លេះ។ ប៉ុន្តែជំនួប២ថ្ងៃ នាខែក្រោយ រវាងថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នៅរដ្ឋធានីវ៉ាស៊ីនតោន នឹងបង្កើនជំនឿទុកចិត្តគ្នា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការ និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ កិច្ចប្រជុំនាខែក្រោយនេះ គឺជាកិច្ចប្រជុំជាប្រវត្តិសាស្រ្ត លើកទី២ ហើយ បើគិតពីឆ្នាំ២០១៦។ នេះបើតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ប្រធានអាស៊ានដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ 
 
លិខិតដដែល បញ្ជាក់ថា ជំនួបនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដូចជា ការឆ្លើយតបនឹងកូវីដ-១៩ ,សន្តិសុខសុខភាពសកល , ការផ្លាស់ប្ដូរអាកាសធាតុ , ការអភិវឌ្ឍប្រកបដោយចីរភាព , កិច្ចសហប្រតិបត្តិការលំហសមុទ្រ , ធនធានមនុស្ស និងទំនាក់ទំនងសេដ្ឋកិច្ចជាដើម។ លើសពីនេះ ថ្នាក់ដឹកនាំអាស៊ាន និងអាម៉េរិក នឹងផ្លាស់ប្ដូរយោបល់គ្នាលើ បញ្ហាតំបន់ ដែលជាផលប្រយោជន៍និងកង្វល់រួមផងដែរ។ 
 
អាស៊ានពិតជាត្រូវការអាមេរិកទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច
 
 
កិច្ចប្រជុំកំពូលអាស៊ាន និងអាម៉េរិក ដែលមានមេដឹកនាំកំពូលនៃភាគីទាំងពីរអង្គុយទល់មុខគ្នានេះ ត្រូវបានខកខានអស់៤ឆ្នាំ បើគិតចាប់ពីឆ្នាំ២០១៧មក ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ។ ប៉ុន្តែទើបតែអាណត្តិប្រធានាធិបតី ចូ បៃឌិន នេះ ដែលបានត្រៀមរៀបចំជំនួបអាស៊ាននិងអាម៉េរិកឡើងវិញ ដែលសបញ្ជាក់ថា អាស៊ាននៅតែមានឥទ្ធិពល ហើយអាម៉េរិកក៏ទំនងជាចង់ធ្វើតុល្យភាពអំណាចរបស់ខ្លួន ប្រជែងនឹងចិនដែរ។ នេះជាការលើកឡើងរបស់លោក វណ្ណ ប៊ុនណា ។
 
អ្នកជំនាញវិទ្យាស្រ្តនយោបាយរូបនេះ បានបន្ថែមថា កិច្ចប្រជុំនៅខែក្រោយនេះ នឹងបង្ហាញពីវិស័យការទូតរបស់អាស៊ានទៅកាន់អន្តរជាតិ ពិសេសគឺការចូលរួមភ្ជាប់ទំនាក់ទំនងជាមួយប្រទេសមហាអំណាច ដោយប្រកាន់គោលនយោបាយអព្យាក្រឹត្យ។ 
 

លោក វណ្ណ ប៊ុនណា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ។ រូបពីហ្វេសប៊ុករបស់លោក ប៊ុនណា

ថ្លែងប្រាប់សារព័ត៌មានថ្មីៗលោក វណ្ណ ប៊ុនណា បានបន្ថែមថា៖ «អាស៊ានពិតជាត្រូវការសហរដ្ឋអាមេរិកទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។ ដូច្នេះ ថ្នាក់ដឹកនាំអាស៊ានអាចនឹងនិយាយត្រង់ទៅត្រង់មកជាមួយលោក ចូ បៃឌិន ទាក់ទងនឹងវិស័យសន្តិសុខ ពិសេសការផ្លាស់ប្ដូរវិស័យពាណិជ្ជកម្ម ដើម្បីស្ដារសេដ្ឋកិច្ចក្នុងតំបន់ដែលអាស៊ានចង់បាន»។ 
 
លោក ប៊ុនណា ក៏មើលឃើញថា អាមេរិកក៏ចាត់ទុកអាស៊ាន ជាគោលដៅគោលនយោបាយការបរទេសសំខាន់ដែរ ដូច្នេះមហាអំណាចមួយនេះ ក៏ពង្រឹងកិច្ចសហការឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយអាស៊ាន។ 
 
លោក រ៉ូ វណ្ណៈ ក៏យល់ឃើញដូចលោក ប៊ុនណាដែរ ថា អាស៊ានមានឥទ្ធិពលការទូតល្អ ក្នុងឆាកអន្តរជាតិ តាមរយៈកិច្ចប្រជុំនេះ។ បើតាមសហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជារូបនេះ កម្ពុជា ដែលជាប្រធានអាស៊ាន ក៏មានភាពវិជ្ជមានច្រើន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្នុងជំនួបកំពូលជាមួយអាមេរិកនេះ។ 
 
តែយ៉ាងណាលោក វណ្ណៈ ក៏មើលឃើញពីផលអវិជ្ជមាន ក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចចិន និងអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានអាស៊ានជាចំណុចកណ្ដាល។  
 
«ជំនួបកំពូលនេះ បង្ហាញពីសារៈសំខាន់រវាងទំនាក់ទំនងសហរដ្ឋអាម៉េរិកនិងអាស៊ាន ហើយផលអវិជ្ជមានក៏នឹងកើតមានដែរ គឺអាស៊ានហែកហួរគ្នា ឬអាស៊ានមិនស្ថិតក្នុងធ្លុងតែមួយ ដែលបែងចែកប្លុកគ្នា គឺអាស៊ានគាំទ្រដោយចិន និងអាស៊ានគាំទ្រដោយអាមេរិក។ ដូច្នេះ ខ្ញុំមើលឃើញថា ស្ថានភាពប្រកួតគ្នានេះ នឹងកាន់តែតានតឹងឡើងៗ»។ នេះជាការបញ្ជាក់របស់លោក វណ្ណៈ ដោយបន្ថែមទៀតថា ការប្រជែងគ្នារវាងមហាអំណាចនេះ គឺមិនត្រឹមតែលើភូមិសាស្រ្តនយោបាយ និងឥទ្ធិពលនោះទេ តែវាជាការប្រជែងមនោគមវិជ្ជាបែបលិទ្ធិប្រជាធិបតេយ្យ ដែលមានអាម៉េរិក និងបែបផ្ដាច់ការ ដោយមានចិនគាំទ្រ។
 
 
កម្ពុជាអាចឆ្លៀតឱកាសលើកពីបញ្ហា GSP ចរចាទ្វេភាគីជាមួយប្រធានាធិបតីអាម៉េរិក 
 
មេដឹកនាំកម្ពុជា អាចនឹងចាប់យកឱកាសនេះ ជួបទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក្រៅពីក្របខ័ណ្ឌអាស៊ាន ដើម្បីជជែកពីរឿងរ៉ាវនៃការខ្វែងគំនិតគ្នានាពេលកន្លងមក។ នេះជាយល់ឃើញរបស់ លោក វណ្ណ ប៊ុនណា អ្នកជំនាញវិទ្យាស្រ្តនយោបាយ ដោយបន្តថា បើមានជំនួបទ្វេភាគីពិតមែន កម្ពុជាទំនងជាលើកពីបញ្ហាជាច្រើនទាំងនយោបាយ សិទ្ធិមនុស្ស និងសេដ្ឋកិច្ច ជាពិសេសការស្នើសុំប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP ) ពីអាម៉េរិកវិញ។ 
 
លោកថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើមានជំនួបទ្វេភាគីមែន ប្រហែលជាអាចនឹងមានកិច្ចពិភាក្សាលើកិច្ចព្រមព្រៀង GSP ថាតើអាមេរិកចង់បានអ្វីពីកម្ពុជាក្នុងការបន្តGSP។ ហើយតើរដ្ឋាភិបាលកម្ពុជាត្រូវធ្វើអ្វីបន្តខ្លះ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ហ្នឹង»។ 
 
ដូចគ្នាដែរ លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា ថា កម្ពុជានឹងព្យាយាមលើកពីបញ្ហាទ្វេភាគីជាមួយអាម៉េរិក ដើម្បីរកចំណុចរួម ពិសេសគឺកិច្ចព្រមព្រៀង ដើម្បីទទួលបាន GSP វិញ សម្រាប់ស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ 
 
លោកបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកជាដៃគូទីផ្សារធំ សហរដ្ឋអាម៉េរិកជាដៃគូ ដែលកម្ពុជាព្យាយាមបញ្ចុះបញ្ចូល ដែលយើងដឹងហើយថា កម្ពុជាបានជួលឲ្យក្រុមហ៊ុនតស៊ូមតិអាម៉េរិក ឲ្យនិយាយល្អពីកម្ពុជា ជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក»។ 
 


លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា។ រូបពី ហ្វេសប៊ុករបស់លោក វណ្ណៈ

អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ កត់សម្គាល់ថា កម្ពុជានៅតែទុកអាម៉េរិកជាទីផ្សារសំខាន់ ពិសេសគឺប្រព័ន្ធអនុគ្រោះពន្ធ។ ដូច្នេ កម្ពុជានឹងលើកករណី GSP ពិភាក្សា បើសិនមានជំនួបទ្វេភាគីណាមួយ។ 
 
បន្ថែមពីនេះ លោក ប៊ុនណា សង្កត់ធ្ងន់ថា កត្តាសំខាន់ដែលកម្ពុជាចង់បានបំផុត ក្នុងកិច្ចប្រជុំកំពូលនេះ គឺស្ដារទំនាក់ទំនងកម្ពុជា-អាម៉េរិកឡើងវិញ តាមរយៈការជួបលោក ចូ បៃឌិន។ មេដឹកនាំកម្ពុជា នឹងបង្ហាញពីឆន្ទៈស្ដារស្ថានភាពនយោបាយ និងនិយាយត្រង់ទៅត្រង់មក ឬពន្យល់រឿងរ៉ាវផ្សេងៗ ដែលភាគីទាំងពីរ ខ្វែងគំនិតគ្នា។ 
 
 
ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាម៉េរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences) បានផុតរលត់សុពលភាព តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មក។
 
GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យមានការនាំចូលទំនិញដោយមិនបង់ពន្ធ។ កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាម៉េរិកតាំងឆ្នាំ១៩៩៧មក។ ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ អាចអនុញ្ញាតឲ្យកម្ពុជា នាំទំនិញនិងផលិតផលរាប់ពាន់មុខឯណោះ ទៅកាន់ទីផ្សារអាម៉េរិក។ ប៉ុន្តែ កម្ពុជា ពុំមានទំនិញនិងផលិតផលច្រើនមុខបែបនេះ នាំចូលទៅទីផ្សារអាម៉េរិកនោះទេ។ ភាគច្រើន គឺមានតែផលិតផលសម្រាប់ធ្វើដំណើរ (Travel Goods) ប៉ុណ្ណោះ ជាពិសេស វ៉ាលិស និង កាបូប ដែលកម្ពុជានាំទៅកាន់ទីផ្សារអាម៉េរិក៕
 

Tag:
 អាស៊ាន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com