ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយដីកាបង្គាប់ អស់សុពលភាព លោក សៀម ភ្លុក ស្នើឲ្យតុលាការចេញដីកាជាថ្មី ដើម្បីចូលបំភ្លឺក្ដី ក្លែងបន្លំស្នាមមេដៃ
26, Apr 2022 , 2:29 pm        
រូបភាព
ភ្នំពេញ៖ លោក សៀម ភ្លុក កំពុងរង់ចាំការកោះហៅពីតុលាការជាថ្មី ដើម្បីចូលបំភ្លឺរឿងក្ដី បន្ទាប់ពីដីកាបង្គាប់ឲ្យនាំខ្លួនអស់សុពលភាព។ នេះបើតាមមេធាវី ជូង ជូងី ដែលបានដាក់ពាក្យស្នើសុំឲ្យតុលាការ ចេញដីកាឲ្យកូនក្ដីខ្លួន ចូលបំភ្លឺ។

 
លោក ជូង ជូងី មេធាវីរបស់លោក សៀម ភ្លុក ប្រធានស្ថាបនិកគណបក្សបេះដូងជាតិអះអាងថា លោក សៀម ភ្លុក គ្មានបំណងរត់គេចខ្លួនឡើយ។ មេធាវីរូបនេះបញ្ជាក់ថា លោកបានដាក់លិខិតស្នើទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលចុងសប្ដាហ៍មុន ឲ្យបញ្ឈប់ការនាំខ្លួនលោក សៀម ភ្លុក ហើយបង្គាប់ឲ្យចូលបំភ្លឺក្ដីវិញ។ 
 
«(លិខិតស្នើឱ្យតុលាការ)កំណត់កាលបរិច្ឆេទណាមួយឲ្យគាត់ចូលទៅបង្ហាញខ្លួន ចំពោះចៅក្រមស៊ើបសួរដោយខ្លួនឯង ហើយមានខ្ញុំជាមេធាវី អមទៅផង។ លោក សៀម ភ្លុក អត់មានបំណងគេចវេះទេ ឲ្យតែបញ្ជូនដីកាកោះហៅដល់អាសយដ្ឋានគាត់ ហើយកំណត់ថ្ងៃចូលបំភ្លឺច្បាស់លាស់»។ នេះបើតាមការអះអាងរបស់លោក ជូងី ដោយបន្ថែមថា មកដល់ពេលនេះ នៅមានទាន់ទទួលបានការឆ្លើយតបពីខាងតុលាការនៅឡើយ។ 
 
កន្លងមកលោក លិ សុខា ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បានបង្គាប់ទៅសមត្ថកិច្ច ឲ្យនាំលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ទៅឲ្យលោក មុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីសាកសួរពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង៕
 
 
 
 
 
 
 

Tag:
 នយោបាយ
  សៀម ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com