ជាតិ
សង្គមស៊ីវិល ស្នើរដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសិទ្ធិអ្នកស្រលាញ់ធនធានធម្មជាតិ ក្នុងខួប១០ឆ្នាំ លោក ឈុត វុទ្ធី
26, Apr 2022 , 6:19 pm        
រូបភាព
ផ្ទាំងរូបលោក ឈុត វុទ្ធី អ្នកការពារព្រៃឈើ និងរូបសំណាកលោក កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ត្រូវបានដាក់តាំងក្នុងពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធលោកទាំងពីរ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រូបពីគណនីហ្វេសប៊ុក Mala San
ផ្ទាំងរូបលោក ឈុត វុទ្ធី អ្នកការពារព្រៃឈើ និងរូបសំណាកលោក កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ត្រូវបានដាក់តាំងក្នុងពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធលោកទាំងពីរ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រូបពីគណនីហ្វេសប៊ុក Mala San
ភ្នំពេញ៖ ខួប១០ឆ្នាំនៃការស្លាប់របស់លោក ឈុត វុទ្ធី នេះ ខាងសង្គមស៊ីវិលជិត៣០ស្ថាប័ន បាននាំគ្នាស្នើរដ្ឋាភិបាល ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកស្រលាញ់បរិស្ថាន ពិសេសបញ្ឈប់ការ រឹតត្បិតសិទ្ធិសេរីភាពសហគមន៍មូលដ្ឋាន។

 
សមាគមបណ្ដាញយុវជន(CYN) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ និងសង្គមស៊ីវិលចំនួន២៦ផ្សេងទៀត បានប្រមូលគ្នាដាក់លិខិតចំហទៅដាក់នៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដើម្បីបន្តទាមទាររកយុត្តិធម៌ដល់លោក ឈុត វុទ្ធី ក្នុងខួប១០ឆ្នាំនេះ។ ពួកគេ សង្ឈឹមថា រដ្ឋាភិបាលនឹងបើកលំហរសេរីភាពដល់អ្នកស្រលាញ់ធនធានធម្មជាតិ។ 
 
លិខិតចំហររួមស្ដីពី ខួបគម្រប់១០ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី ដែលជាសកម្មជនការពារព្រៃឈើ បានលើកឡើងពីវីរភាពរបស់លោក ឈុត វុទ្ធី និងស្នើឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យ ដើម្បីស្វែងរកការពិតឲ្យបានឆាប់ ហើយប្រកបដោយតម្លាភាព។ ជាមួយគ្នានេះ ពួកគេ ស្នើដល់ក្រសួងការពារជាតិ ស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ ពិសេសការប្រើប្រាស់អាវុធដែលនាំឲ្យមានការបាញ់សម្លាប់លោក ឈុត វុទ្ធី។ 
 
«រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន សូមមេត្ដាបញ្ឈប់ការរឹតត្បិត និងធ្វើទុក្ខបុកម្នេញដោយមិនត្រឹមត្រូវ មកលើសិទ្ធិសេរីភាពរបស់សហគមន៍មូលដ្ឋាន យុវជន ក៏ដូចជាអ្នកការពារធនធានធម្មជាតិនានា ក្នុងការចូលល្បាត និងការពារព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេស»។ នេះបើតាមក្រុមសង្គមស៊ីវិល ដោយសង្ឃឹមថា រដ្ឋាភិបាលនឹងបើកលំហរសេរីភាពដល់សហគមន៍ អ្នកស្រលាញ់ធនធានធម្មជាតិ រួមទាំងសង្គមស៊ីវិល ឲ្យចូលរួមធ្វើការជាមួយអាជ្ញាធរ យ៉ាងសកម្មក្នុងការការពារសម្បត្តិធម្មជាតិ។ 
 
ឆ្លើយតបទៅក្រុមសង្គមស៊ីវិលនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា រដ្ឋាភិបាលពុំដែលបិទសិទ្ធិសេរីភាព និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋ សហគមន៍ សង្គមស៊ីវិល ក្នុងការការពារធនធានធម្មជាតិឡើយ។ លោកអះអាងថា រដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន មានកិច្ចសហការជាមួយពលរដ្ឋ និងក្រុមអ្នកស្រលាញ់បរិស្ថានបានល្អណាស់។ 
 
ប៉ុន្តែបើមានរឿងរ៉ាវមិនប្រក្រតី ឬបង្កជារូបភាពមិនល្អកន្លងមក គឺកើតមានលើក្រុមមួយចំនួនតូចប៉ុណ្ណោះ។ នេះជាលើកឡើងរបស់លោក ស៊ីផាន ដែលចាត់ទុកក្រុមនេះ ជាក្រុមដែលធ្វើរបាយការណ៍មិនពិតប្រាកដ ហើយមានបំណងផ្សេងក្រៅពីការពារធនធានធម្មជាតិ។ 
 
អ្នកនាំពាក្យរូបនេះ ស្នើឲ្យសង្គមស៊ីវិល ដែលមានបំណងធ្វើកិច្ចការច្បាស់លាស់ ត្រូវចុះបញ្ចីក្នុងក្រសួងមហាផ្ទៃ ឬជាមួយក្រសួងបរិស្ថាន ដើម្បីអនុវត្តផែនការ។ លោកសង្កត់ធ្ងន់ថា៖ «យើងចង់ឃើញកិច្ចសហប្រតិបត្តិការរវាងសកម្មជនការពារធនធានធម្មជាតិ និងក្រសួងពាក់ព័ន្ធ មានកិច្ចមួយដែលត្រឹមត្រូវ ហើយសុចរិត»។ 
 
លោក ផៃ ស៊ីផាន បកស្រាយបន្ដែមថា ធនធានធម្មជាតិជាសម្បត្តិរួម មិនមែនរបស់បុគ្គលណាម្នាក់ផ្ដាច់មុខឡើយ។ ប៉ុន្តែកិច្ចការពារឬដំណើរការអនុវត្តសកម្មភាព​ផ្សេង គឺត្រូវឲ្យមានបែបបទ និងធ្វើឡើងតាមនីតិវិធីច្បាប់៕ 
 
 

Tag:
 សង្គម
  ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com