ជាតិ
លោក មីន អ៊ុងឡាំង សន្យាសម្របសម្រួលឱ្យប្រេសិតប្រធានអាស៊ាន ជួបលោកស្រី ស៊ូជី និងក្រុមប្រដាប់អាវុធជនជាតិភាគតិច
03, May 2022 , 10:14 am        
រូបភាព
ភ្នំពេញ៖ លោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា សន្យាសម្របសម្រួលឱ្យប្រេសិតប្រធានអាស៊ាន ជួបលោកស្រី អ៊ុងសាន ស៊ូជី និងក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា។ លោក មីន អ៊ុងឡាំង ថ្លែងប្រាប់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងជំនួបសន្ទនាតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២ ឧសភា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។


លោក មីន អ៊ុងឡាំង បានរៀបរាប់ប្រាប់សម្ដេច ហ៊ុន សែន ពីសភាពការណ៍ថ្មីៗ ដែលមីយ៉ាន់ម៉ា បានប្រកាសពីឆន្ទៈក្នុងការចរចានៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច (EAOs) ទាំងអស់ និងការចែកចាយជំនួយវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងសម្ភារៈវេជ្ជសាស្រ្តទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព៥៨កន្លែង នៅមីយ៉ាន់ម៉ា។
 
ត្រង់ចំណុចនេះ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ារូបនេះ បានសន្យាផ្ដល់ការសម្របសម្រួលដល់ប្រេសិតពិសេសនៃប្រធានអាស៊ាន ដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា។
 
សម្ដេច​ ហ៊ុន សែន បានស្នើលោក មីន អ៊ុងឡាំង ជួយសម្របសម្រួលឱ្យលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតប្រធានអាស៊ាន ធ្វើដំណើរទៅទស្សនកិច្ចលើកទី២ នៅមីយ៉ាន់ម៉ា នាចុងខែឧសភានេះ។ តាមរយៈសំណើនេះ ប្រមុខរដ្ឋាភិបាល ក៏បានស្នើឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា អនុញ្ញាតឱ្យប្រេសិតប្រធានអាស៊ាន ជួបភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា រួមមានលោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី Win Myint ដើម្បីជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្ដើមកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន។
 
លោក មីន អ៊ុងឡាំង បានឆ្លើយតាមសំណើរបស់សម្ដេច ហ៊ុន សែន ថា លោកនឹងពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលឱ្យមានជំនួបរវាងលោក ប្រាក់ សុខុន ប្រេសិតប្រធានអាស៊ាន និងភាគីពាក់ព័ន្ធទាំងនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបានស្រង់សម្តីសន្ទនារវាងសម្ដេច ហ៊ុន សែន និងលោក មីន អ៊ុងឡាំង។
 
បន្ថែមពីនេះប្រធានអាស៊ាន ក៏បានជំរុញឱ្យលោក មីន អ៊ុងឡាំង រៀបចំឱ្យការផ្ដល់ជំនួយមនុស្សធម៌ នៅតំបន់ជម្លោះផងដែរ។ «លើកទឹកចិត្តឱ្យរដ្ឋាភិបាលក្រុងណៃពិដោ ធ្វើការសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព និងទនា់ពេលវេលា ជាពិសេសនៅក្នុងតំបន់ជម្លោះ ដែលនេះមិនត្រឹមតែជួយសម្រួលទុក្ខលំបាករបស់ប្រជាជនប៉ុណ្ណោះទេ ។ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំពើហិង្សា និងការកសាងទំនុកចិត្តក្នុងការបង្កើតកិច្ចសន្ទនា សន្តិភាពប្រកបដោយបរិយាប័ន្នផងដែរ»។ នេះបើតាមខ្លឹមសាររបស់សម្ដេច ហ៊ុន សែន នៅក្នុងសេចក្តីប្រកាសព័ត៌មាន។
 
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ប្ដេជ្ញាចិត្តរៀបចំឱ្យមានការផ្ដល់ និងទទួលយកជំនួយមនុស្សធម៌ នៅតំបន់ជម្លោះទាំងអស់។ «ការសម្រេចត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលអាចអនុវត្តនៅដំណាក់កាលដំបូង ក្នុងតំបន់សាកល្បងចំនួន២ ក៏ដូចជាតំបន់ និងរដ្ឋ៥ដទៃទៀត ដែលត្រូវកំណត់ថា ជាតំបន់អាទិភាពសម្រាប់ប្រតិបត្តិការមនុស្សធម៌»។ នេះបើតាមលោក មីន អ៊ុងឡាំង ដែលបានបន្ថែមថា ប្រធានក្រុមការងារមីយ៉ាន់ម៉ាសម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌ នឹងដឹកនាំប្រតិភូមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ឧសភា នារាជធានីភ្នំពេញផងដែរ។
 
គួរបញ្ជាក់ថា កិច្ចព្រៀមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ដែលបានដាក់ឱ្យមីយ៉ាន់ម៉ា អនុវត្តរួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា  ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។ ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។
 
បើតាមចំណុចទាំងនេះ មានការវិវត្តតែ៣ចំណុចប៉ុណ្ណោះ គឺចំណុចបញ្ឈប់អំពើហិង្សា, ដំណើការរបស់ប្រេសិតអាស៊ាន ក្នុងការស្វែងរកកិច្ចសន្ទនា និងការផ្ដល់ជំនួយមនុស្សធម៌។ នេះបើតាមការវាយតម្លៃលោក ប្រាក់ សុខុន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចលើកទី១ កាលពីថ្ងសទី២១-២២ មីនាកន្លងមក៕
 

Tag:
 ហ៊ុន សែន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com