អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បោះឆ្នោតហ្វីលីពីន៖ លោក Marcos Jr អាចជាប់ឆ្នោតជាប្រធានាធិបតីក្នុងសំឡេងគាំទ្រដ៏លើសលុប
09, May 2022 , 4:52 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ហ្វីលីពីន នៅថ្ងៃទី៩ ខែឧសភា កំពុងរៀបចំការបោះឆ្នោតប្រធានាធិបតី ដើម្បីស្នងតំណែងលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន។ ក្នុងការបោះឆ្នោតប្រធានាធិបតីលើកនេះ លោក Ferdinand Marcos Jr ត្រូវបានរំពឹងថា នឹងក្លាយជាប្រធានាធិបតីហ្វីលីពីននៅអាណត្តិបន្ទាប់ ដោយមានសំឡេងគាំទ្រលើសពីដៃគូប្រជែងដ៏ច្រើនលើសលុប។


 
ចាប់តាំងពីព្រឹកព្រលឹម ប្រជាជនហ្វីលីពីនជាច្រើនលាននាក់ ដោយមានពាក់ម៉ាស់ការពារជំងឺកូវីដ-១៩ បានចេញទៅមណ្ឌលបោះឆ្នោត ដើម្បីរើសមេដឹកនាំប្រទេសថ្មី។ មណ្ឌលបោះឆ្នោតទាំងអស់ នឹងបិទទ្វារនៅម៉ោង ៧យប់។ ក្នុងការបោះឆ្នោតឆ្នាំ២០២២ ប្រជាជនហ្វីលីពីនប្រមាណ ៦០ភាគរយ នៃប្រជាជនសរុប មានសិទ្ធិបោះឆ្នោតរើសថ្នាក់ដឹកនាំហ្វីលីពីន ចាប់ពីប្រធានាធិបតី ដល់ក្រុមប្រឹក្សាក្រុង។ 
 
បេក្ខជនប្រជែងតំណែងប្រធានាធិបតីចំនួន ១០រូប បានចូលរួមក្នុងការបោះឆ្នោតលើកនេះ។ លោក Ferdinand Marcos Jr ដែលជាកូនរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន លោក Ferdinand Edralin Marcos ត្រូវបានទទួលបានសំឡេងគាំទ្រលើសលុប ក្នុងចំនួន ៥៦ភាគរយ​នៃអ្នកបោះឆ្នោតសរុប ខណៈលោកស្រី Leni Robredo អនុប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន អាចទទួលបានសំឡេងគាំទ្រ ប្រមាណ ២៣ភាគរយ ដែលនាំមុខលោក Manny Pacquiao កីឡាករប្រដាល់អាស៊ីដ៏ល្បី និងលោក Francisco Domagoso  អភិបាលក្រុងម៉ានីល។ នេះបើតាមលទ្ធផលនៃការស្ទង់មតិនាពេលកន្លងមក។ 
 
ស្របពេលដំណើរការបោះឆ្នោត វាមានភាពមិនប្រក្រតីមួយចំនួនកើតឡើង។ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC​ អ្នកបោះឆ្នោតនៅមណ្ឌលមួយក្នុងក្រុងម៉ានីល បានអះអាងថា ពួកគេពិបាកក្នុងការដាក់សន្លឹកឆ្នោត ចូលទៅក្នុងម៉ាស៊ីនរាប់សន្លឹកឆ្នោត។ តែយ៉ាងណា គណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន បាននិយាយការពារថា គ្មានការបំពានបទបញ្ញត្តិបោះឆ្នោតធ្ងន់ធ្ងរពីដើមមកឡើយ។ បើតាមលោក George Garcia សមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ភាពខុសឆ្គងមានតិចតួច ខណៈកម្លាំងប៉ូលិស អាចគ្រប់គ្រងស្ថានការណ៍បានដោយពេញលេញ។ 
 
បើទោះទទួលបានសំឡេងគាំទ្រច្រើនប៉ុណ្ណោះ ប៉ុន្តែអ្នកការពារសិទ្ធិមនុស្ស មិនពេញចិត្តលោក Marcos Jr ឡើយ ដោយប្រៀបធៀបការដឹកនាំរបស់លោកទៅនឹងឪពុកថែមទៀត។ លោកស្រី Mae Paner សកម្មជនហ្វីលីពីនមួយរូប បានយល់ថា វានឹងមានស្ថានភាពអាក្រក់រយៈពេល ៦ឆ្នាំខាងមុខ។ ទន្ទឹមនេះ អ្នកវិភាគផ្សេងទៀត ព្រមានថា ការឡើងកាន់អំណាចរបស់លោក Marcos Jr នឹងធ្វើឱ្យតុល្យភាព និងការត្រួតពិនិត្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ ខណៈអំពើពុករលួយនឹងកើនឡើង៕ 
 

Tag:
 ហ្វីលីពីន
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com