អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ប្តេជ្ញាបន្តដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង
10, May 2022 , 3:08 pm        
រូបភាព
លោក យូន សុកយ៉ល នៅថ្ងៃទី១០ ខែឧសភា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ។ រូបភាព៖ Reuters
លោក យូន សុកយ៉ល នៅថ្ងៃទី១០ ខែឧសភា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ។ រូបភាព៖ Reuters
លោក យូន សុកយ៉ល នៅថ្ងៃទី១០ ខែឧសភា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ។ ក្នុងពិធីដ៏ឱឡារិកនេះ លោក យូន បានប្តេជ្ញាបន្តដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលមិនត្រឹមតែគំរាមកំហែងកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបញ្ហានៅក្នុងតំបន់ និងពិភពលោកផង។



 
បន្ទាប់ពីត្រូវបានប្រជាជនបោះឆ្នោតគាំទ្រនៅក្នុងខែមីនា លោក យូន សុកយ៉ល នៅថ្ងៃទី១០ ខែឧសភា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ដែលអាចកាន់បាន ១អាណត្តិរយៈពេល ៥ឆ្នាំ។ ក្នុងសុន្ទរកថានៅសភាកូរ៉េខាងត្បូង លោកយូន បានលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះមានដូចជា ជំងឺឆ្លងសកល, បញ្ហាច្រវ៉ាក់ផលិតកម្មពិភពលោក, កំណើនសេដ្ឋកិច្ចទាប, ការកើនឡើងភាពគ្មានការងារធ្វើនៅក្នុងប្រទេស ជាពិសេសការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីរូបនេះ បានផ្តល់សំណើស្តារទំនាក់ទំនងអន្តរកូរ៉េឡើងវិញ។ 
 
«ខណៈកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងមិនត្រឹមតែគំរាមសន្តិសុខរបស់យើង តែដល់អាស៊ីភាគឦសាន ច្រកទ្វារសម្រាប់ចរចានៅតែបើកចំហ»។ លោកយូន បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខអ្នកចូលរួមប្រមាណ ៤ម៉ឺននាក់ ដោយបន្តថា ការដាក់ចេញគោលនយោបាយបែបនេះ នឹងជួយឱ្យកូរ៉េខាងពីរ អាចដោះស្រាយបញ្ហាប្រកបដោយសន្តិភាព។ 
 
ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងត្បូងថ្មី បានបន្ថែមថា ប្រសិនបើក្រុងព្យុងយ៉ាងប្តេជ្ញារំសាយកម្មវិធីនុយក្លេអ៊ែរ រដ្ឋាភិបាលក្រុងសេអ៊ូលនឹងសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជួយពង្រឹងសេដ្ឋកិច្ចកូរ៉េខាងជើង និងកែលម្អជីវភាពប្រជាជនប្រទេសមួយនេះឡើងវិញ។ 
 
ក្រៅពីបញ្ហាកូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីរូបនេះ បានសន្យាសហការជាមួយបណ្តាប្រទេសផ្សេង ដើម្បីដោះស្រាយបញ្ហាប្រឈមរួម និងបញ្ជាក់ពីជំហរក្នុងការការពារសេរីភាពសេដ្ឋកិច្ច និងនយោបាយ។ លោក ក៏បានអំពាវនាវឱ្យពង្រឹងប្រជាធិបតេយ្យសេរីផង។ 
 
បន្ទាប់ពីឡើងកាន់អំណាច លោក យូន អាចប្រឈមនឹងបញ្ហាជាច្រើន និងមិនអាចសម្រេចបានតាមការសន្យាដូចមានក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាពេលកន្លងទៅ ដោយសារតែប្រធានាធិបតីកូរ៉េខាងត្បូង អាចកាន់តំណែងបានត្រឹមតែ ១អាណត្តិ រយៈពេល ៥ឆ្នាំប៉ុណ្ណោះ។ ម្យ៉ាង លោក យូន អាចនឹងរងសម្ពាធ និងមានភាពស្មុគស្មាញច្រើន ដោយសារបញ្ហាតំបន់កំពុងកើតមាន ដូចជាជម្លោះនៅអ៊ុយក្រែន ការកើនឡើងឥទ្ធិពលចិន ជម្លោះជាមួយជប៉ុន រួមទាំងការស្តារសេដ្ឋកិច្ចឡើងវិញផង៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com