ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ទទួលស្គាល់នូវក្តីបារម្ភរបស់អង្គការសង្គមស៊ីវិល ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងសេវាកម្មកម្ចី។ ប៉ុន្តែ លោក កាំង តុងងី អ្នកនាំពាក្យCMA បានបញ្ជាក់ថា ករណីទាំងនោះគឺ មិនធ្ងន់ធ្ងរ ឬមានលក្ខណៈជាប្រព័ន្ធ ដូចការលើកឡើងរបស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា ឡើយ។
សមាគមធនាគារកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) នៅរសៀលថ្ងៃទី១០ឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលឆ្លើយតបនឹងការលើកឡើងរបស់អង្គការសម្ព័នខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា ពាក់ព័ន្ធនឹងស្ថាប័នហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ដែលអនុវត្តអាជីវកម្មកម្ចី ដោយបានរំលោភបំពានសិទ្ធិមនុស្ស និងបទដ្ឋានសាជីវកម្មអន្តរជាតិ។
ជុំវិញករណីនេះ លោក កាំង តុងងី បានលើកឡើងថា CMA ទទួលស្គាល់នូវក្តីបារម្ភរបស់អង្គការសង្គមស៊ីវិល ជំវិញករណីរំលោភបំពានសិទ្ធិមនុស្សក្នុងសេវាកម្ចីនេះ។ បើតាមលោក កាំង តុងងី កន្លងមកCMA បានរកឃើញករណីមួយចំនួន ដែលបុគ្គលិកប្រព្រឹត្តិខុសដូចជា៖ ការជំរុញឱ្យពលរដ្ឋខ្ចីលុយ និងករណីជំរុញឱ្យពលរដ្ឋលក់ដី លក់ផ្ទះ ដើម្បីសងបំណុល ធនាគារ និងមីក្រូហិរញ្ញវត្ថុ... ជាដើម។ ប៉ុន្តែ លោក អះអាងថា ករណីនេះ មិនមានស្ថានភាពធ្ងន់ធ្ងរដូចការចោទប្រកាន់របស់សង្គមស៊ីវិលឡើយ។
«អ្វីដែលយើងចេញសេចក្តីថ្លែងការណ៍នេះ គឺយើងទទួលស្គាល់ការបារម្ភពីខាងសង្គមស៊ីវិលដែលបានលើកឡើង»។ លោក តុងងី ថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)តាមទូរសព្ទបែបនេះ ដោយបន្តរៀបរាប់ថា ៖«តាមពិតធ្លាប់រកឃើញរកករណីខុសតិចតួចដែរ តែអ្វីដែលយើងរកឃើញនោះ គឺវាមិនបានកើតឡើងក្នុងប្រព័ន្ធទេ ដោយស្ថិតនៅក្នុងកម្រិតបុគ្គលិកប៉ុណ្ណោះ ហើយបុគ្គលជាបុគ្គលិកនោះ ត្រូវបានប្រឈមមុខចំពោះច្បាប់ផ្សេងៗនៅពេលដែលយើងរកឃើញ»។
ដ្បិតថាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលស្គាល់នូវចំណុចខ្វះខាតមួយចំនួន របស់បុគ្គលិកស្ថាប័នហិរញ្ញវត្ថុក្តី ប៉ុន្តែសមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមទាំងសមគមធនាគារកម្ពុជា បានបង្ហាញនូវក្តីខកចិត្តជាខ្លាំង ដែលអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា មើលរំលងពីការខិតខំចូលរួមយ៉ាងសកម្មពីវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជិត៣០ឆ្នាំមកនេះ។
អ្នកនាំពាក្យCMAរូបនេះ បានបន្ថែមថា៖ «អ្វីដែលសង្គមស៊ីវិលលើកឡើង វាមិនផ្តោតទៅលើស្ថាប័នហិរញ្ញវត្ថុតែ៦ហ្នឹងទេ។ តែវាហាក់បង្ហាញថា វិស័យយើងទាំងមូល ដែលបានខំប្រឹងប្រែង២០-៣០ឆ្នាំមកនេះ ក្នុងការជួយប្រជាពលរដ្ឋយើង ក្នុងការស្តារសេដ្ឋកិច្ចជាតិ ដូចគ្មានជាប្រយោជន៍អ្វីសោះ ដោយយកករណីតិចតូច មកចោទប្រកាន់ថាវិស័យទាំងមូល មិនល្អ ឃោរឃៅ និងរំលោភសិទ្ធិពលរដ្ឋ ជាដើម»។
កាលពីថ្ងៃទី៣ឧសភា ឆ្នាំ២០២២ អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ដែលធ្វើជាអ្នកតំណាងឲ្យអ្នករងគ្រោះពីការខ្ចីប្រាក់កម្ចីខ្នាតតូចពីគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ បានដាក់បណ្ដឹងទៅស្ថាប័នឃ្លាំមើលសាជីវកម្មអន្តរជាតិ ដោយប្ដឹងស្ថាប័នហិរញ្ញវត្ថុ ចំនួន៦ ជុំវិញការរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្ម។ ស្ថាប័នឃ្លាំមើលសាជីវកម្ម នឹងពិនិត្យមើលសំណុំរឿង ពាក់ព័ន្ធគម្រោងឥតទានខ្នាតតូចរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលផ្ដល់មកកម្ពុជា តាមពាក្យបណ្ដឹងនេះ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំង៦ ដែលរងបណ្ដឹងរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្មអន្តរជាតិ ពីអង្គការសង្គមស៊ីវិលនោះ មាន ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
បើតាមលោក កាំង តុងងី កិច្ចការពារអតិថិជន និងអ្នកប្រើប្រាស់ គឺជាកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ បន្ថែមលើនេះ យន្តការទទួលបណ្តឹង និងគ្រប់គ្រងបណ្តឹងអតិថិជន ក៏ត្រូវបានអនុវត្ត តាមរយៈមធ្យោបាយផ្សេងៗ ធ្វើឡើងដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ជាងនេះទៅទៀត ដើម្បីពង្រឹងនឹងការអនុវត្តការងាររបស់បុគ្គលិក ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ជាង៨ម៉ឺននាក់នៅទូទាំងប្រទេសនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហរិញ្ញវត្ថុ និងការកែសម្រួលឡើងវិញ នូវវិធានផ្តល់ឥណទាន។
លោក កាំង តុងងី បានបញ្ជាក់ថា ក្រមនេះ មានគោលបំណងចម្បងក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព ទទួលខុសត្រូវ ក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈ យុត្តិធម៌ និងការប្រកួតប្រជែងដោយស្មើភាព។ ក្រមនេះ នឹងជួយឱ្យវិស័យធនាគារនិងហិរញ្ញវត្ថុ មានកំណើនរឹងមាំនិងបរិយាបន្ន ព្រមទាំងជំរុញនូវកំណើនសេដ្ឋកិច្ច និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ នេះជាការបន្ថែមរបស់លោក កាំង តុងងី។
បន្ថែមពីនេះ វគ្គសិក្សាកាតព្វកិច្ចនៃការផ្តល់ឥណទានប្រកបដោយទំនូលខុសត្រូវ ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ដែលតម្រូវឱ្យមន្រ្តីផ្តល់ឥណទានពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចូលរួមសិក្សា និងមានការទទួលស្គាល់ដោយស្ថាប័នដាច់ដោយឡែកមួយទៀត។
ចាប់តាំងពីផ្ទុះកូវីដ-១៩ ហើយគិតត្រឹមខែមីនាឆ្នាំ២០២២ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានជួយសម្រួលបន្ទុកដល់អតិថិជនរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈការធ្វើឥណទានរៀបចំឡើងវិញបានជាង៦២ម៉ឺនគណនី ជាមួយនឹងសមតុល្យសាច់ប្រាក់ប្រមាណ៧ពាន់លានដុល្លារ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ៕