អន្តរជាតិ
លោកស៊ីប្រាប់លោកម៉ាក្រុង៖ អឺរ៉ុប គួរតែគ្រប់គ្រងសន្តិសុខខ្លួនឯងឱ្យបានពេញលេញ
11, May 2022 , 11:44 am        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព៖ Xinhua
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានលើកឡើងថា បណ្តាប្រទេសអឺរ៉ុប គួរតែអនុវត្តស្វ័យភាពការទូតសមូហភាព ជាជាងរួមដៃជាមួយអាម៉េរិក ដែលបង្កើតឱ្យមានគំនិតបែបសង្រ្គាមត្រជាក់ និងការបែងចែកប្លុក។ ក្នុងន័យនេះ មេដឹកនាំចិន ជំរុញឱ្យអឺរ៉ុបគ្រប់គ្រងសន្តិសុខដោយខ្លួនឯង ជាជាងចូលរួមជាមួយប្រទេសដទៃ។



 
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១០ ខែឧសភា បានជជែកតាមទូរសព្ទជាមួយសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលទើបតែស្បថចូលកាន់តំណែងនៅអាណត្តិទីពីរ។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំប្រទេសទាំងពីរ បានជជែកពីបញ្ហាជាច្រើន ដោយសង្រ្គាមនៅអ៊ុយក្រែន ជាប្រធានបទដ៏សំខាន់មួយ។ លោក ស៊ី និងលោក ម៉ាក្រុង បានឯកភាព និងអំពាវនាវឱ្យភាគីពាក់ព័ន្ធគួរតែជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែនដោះស្រាយជម្លោះ តាមរយៈកិច្ចចរចា។ 
 
ថ្លែងប្រាប់សមភាគីបារាំង មេដឹកនាំចិន បានបញ្ជាក់ថា ចិនលើកទឹកចិត្តឱ្យប្រទេសនីមួយៗមានកិច្ចចរចាសន្តិភាពដោយផ្ទាល់ខ្លួន ហើយគាំទ្រឱ្យបណ្តាប្រទេសអឺរ៉ុបរក្សាសន្តិសុខ ដោយខ្លួនឯង ជាជាងរួមដៃជាមួយបណ្តាប្រទេសដទៃ។ បើតាមលោកស៊ី អឺរ៉ុបគួរតែគ្រប់គ្រងសន្តិសុខរបស់ខ្លួនឱ្យបានពេញទី។ 
 
មិនតែប៉ុណ្ណោះ ប្រធានាធិបតីចិន ក៏បានព្រមានពីការបង្កើតប្លុកប្រឈមមុខដាក់គ្នាផងដែរ ដោយលោកស៊ី បានយល់ថា ការបង្កើតប្លុកបែបនេះ អាចបង្កឱ្យមានការគំរាមកំហែងធ្ងន់ធ្ងរ និងចុងក្រោយសម្រាប់ស្ថិរភាព និងសន្តិសុខសកល។ មិនតែប៉ុណ្ណោះ វាថែមទាំងធ្វើឱ្យមានការបែងចែកប្លុកនយោបាយកាន់តែខ្លាំង ដូចសម័យសង្រ្គាមត្រជាក់។ 
 
សរសេរលើបណ្តាញសង្គម Twitter លោកម៉ាក្រុង បានអះអាងថា លោក និងលោកស៊ី បានពិភាក្សាពីស្ថានភាពដ៏អាក្រក់ ដែលប្រជាជនអ៊ុយក្រែន កំពុងជួបប្រទះ ដោយសារតែការឈ្លានពានរបស់រុស្ស៊ី។ ជាមួយគ្នា មេដឹកនាំចិន និងបារាំង បានបានចែករំលែកគោលដៅលើការអនុវត្តបទឈប់បាញ់ និងគោរពបូរណភាពដែនដី​ និងអធិបតេយ្យអ៊ុយក្រែនផង។ 
 
មុនកិច្ចសន្ទនានេះមួយថ្ងៃ ប្រធានាធិបតីបារាំង បានស្នើឱ្យបង្កើតអង្គការនយោបាយថ្មីមួយ ដើម្បីអនុញ្ញាតឱ្យប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប (EU) ចូលរួម។ អង្គការអឺរ៉ុបថ្មីនេះនឹងអនុញ្ញាតរដ្ឋប្រជាធិបតេយ្យអឺរ៉ុបដែលប្រកាន់ខ្ជាប់នូវតម្លៃស្នូល ស្វែងរកកន្លែងថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ កិច្ចសហប្រតិបត្តិការថាមពល ការដឹកជញ្ជូន វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ទីតាំងរបស់ប្រជាជន ស្របពេលមានការឈ្លានពានពីសំណាក់រុស្ស៊ី លើអ៊ុយក្រែន៕
 

Tag:
 ចិន
  អឺរ៉ុប
  បារាំង
  អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com