ជាតិ
សម្តេច ហ៊ុន សែន រអ៊ូដាក់ត្រចៀកលោកបៃឌិនថា គ្រាន់តែចង់ធ្វើមិត្តរបស់អាម៉េរិក ក៏ពិបាក
12, May 2022 , 5:17 pm        
រូបភាព
ទំនាក់ទំនងការទូតរវាងភ្នំពេញ និងវ៉ាស៊ីនតោនតែងតែរលាក់ជាញឹកញាប់។ ប្រមុខរដ្ឋាភិបាលកម្ពុជាសង្ស័យថា ការមិនយល់ពីគ្នាច្បាស់ អាចជាប្រភពនៃទំនាក់ទំនងមិនរលូននេះ។



«ខ្ញុំនិយាយដោយត្រង់ ខ្ញុំចង់ធ្វើមិត្តអាម៉េរិក ហេតុអ្វីក៏ពិបាកម្លេះ? បើចង់ធ្វើសត្រូវទៅ គួរតែពិបាក!»។ ប្រមុខរដ្ឋាភិបាលកម្ពុជាទាញសេចក្ដីសន្និដ្ឋានយ៉ាងនេះ បន្ទាប់ពីលោករៀបរាប់បញ្ហារសើបៗមួយចំនួន ដែលលោកវាយតម្លៃថាទំនងជាអាម៉េរិកភាន់ច្រឡំ ឬនៅតែមិនព្រមជឿលើការពន្យល់របស់កម្ពុជា ទោះកម្ពុជាបានបកស្រាយមន្ទិលទាំងនោះម្ដងហើយម្ដងទៀតក្ដី។ នេះហាក់ដូចជាការរអ៊ូរទាំដាក់ត្រចៀករបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃឌិន តែម្តង ដោយសារតែឃ្លានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេច និងប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាម៉េរិក និងកាណាដា ដែលត្រូវបានរៀបចំឡើងនៅលើទឹកដីអាម៉េរិក មិនឆ្ងាយប៉ុន្មានពីសេតវិមាន។ ពោលពាក្យរអ៊ូចប់ភ្លាម សម្ដេច ហ៊ុន សែន ថែមទាំងបញ្ជាក់ថា ប្រសាសន៍របស់សម្ដេចកំពុងត្រូវបានបកប្រែបញ្ជូនទៅមេដឹកនាំអាម៉េរិកទៀតផង។
 
អ្វីដែលធ្វើឱ្យប្រមុខរដ្ឋាភិបាលភ្នំពេញធុញទ្រាន់ គឺការបកស្រាយលើបញ្ហាមួយចំនួនក្នុងពេលកន្លងមក មិនបានធ្វើឱ្យវ៉ាស៊ីនតោនស្ងប់ចិត្ត។ រឿងរសើបខ្លាំងជាងគេ គឺការសង្ស័យរបស់អាម៉េរិកថា កម្ពុជាអនុញ្ញាតឱ្យចិនកសាងមូលដ្ឋានយោធានៅមូលដ្ឋានទ័ពជើងទឹករាម។ បញ្ហាមួយទៀត ដែលបានកើតឡើងតាំងពីឆ្នាំ២០១៧ គឺការលុបចោលសមយុទ្ធយោធារួមគ្នាជាមួយអាម៉េរិក។ 

អត្ថបទទាក់ទង
«ឆ្នាំ២០១៧ ជាឆ្នាំបោះឆ្នោតឃុំសង្កាត់។ ខ្ញុំបានប្រាប់ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ថា ឆ្នាំបោះឆ្នោត មិនគួរមានសមយុទ្ធទេ។ យើងបានបញ្ឈប់សមយុទ្ធទាំងអស់ បែរជាមានការភាន់ច្រឡំថា ផ្អាកសមយុទ្ធជាមួយអាម៉េរិក តែទៅធ្វើជាមួយចិន។ វាកើតជារឿងមួយដល់សព្វថ្ងៃមិនទាន់ដោះស្រាយ។ ខ្ញុំក៏មិនយល់ដែរ។»។ សម្ដេច ហ៊ុន សែន រំឭកយ៉ាងនេះ មុននឹងសម្ដេចបញ្ជាក់ថា បញ្ហាទាំងនេះធ្វើឱ្យសម្ដេច ឈឺក្បាល។
 
នៅមានសំណុំរឿង២ទៀត ដែលសម្ដេចនាយករដ្ឋមន្ត្រីចាត់ចូលក្នុងបញ្ជីនៃសំណុំរឿងដែលយល់ពីគ្នាមិនច្បាស់។ នោះគឺបញ្ហាការចរចាអំពីកិច្ចព្រមព្រៀងនៃការបញ្ជូនជនអន្តោប្រវេសន៍ខ្មែរដែលប្រព្រឹត្តបទល្មើសនៅអាម៉េរិកមកកម្ពុជា។ រីឯសំណុំរឿងមួយចុងក្រោយនេះ គឺសំណុំរឿងរបស់លោក កឹម សុខា តែម្ដង។ វីដេអូដែលបង្ហាញថា លោក កឹម សុខា ត្រូវបានបណ្ដុះបណ្ដាលនៅសហរដ្ឋអាម៉េរិកអំពីការផ្លាស់ប្ដូរការដឹកនាំ មិនដែលត្រូវបានបកស្រាយដោយអាម៉េរិកនៅឡើយ។
 
ទោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅតែរលាក់ញឹកញាប់យ៉ាងនេះក៏ដោយ សម្ដេច ហ៊ុន សែន នៅតែសម្លឹងឃើញជ្រុងវិជ្ជមាន។ ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា នៅក្នុងប្រវត្តិនៃទំនាក់ទំនងការទូតរវាង វ៉ាស៊ីនតោន និងភ្នំពេញ មានតែពេលនេះទេ ដែលទំនាក់ទំនងនេះឡើងដល់កំពូល។ សម្រាប់សម្ដេចនាយករដ្ឋមន្ត្រី ការដែលសម្ដេចបានអនុញ្ញាតយល់ព្រមប្រគល់ទីតាំងដ៏ល្អបំផុតសម្រាប់ការកសាងស្ថានទូតសហរដ្ឋអាម៉េរិកនៅចំកណ្ដាលរាជធានី នៅក្រោយពេលដែលកម្ពុជាមានសន្តិភាពពេញលេញ វាគឺជាជំហច្បាស់លាស់របស់កម្ពុជាដែលចង់ឃើញអាម៉េរិកឈរជើងរឹងមាំនៅកម្ពុជា។ លើសពីនេះ នៅលើជ្រុងនៃសហប្រតិបត្តិសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឡើងដល់ជាង ៩០០០ លានដុល្លារ បើគិតមកដល់បច្ចុប្បន្ននេះ៕

Tag:
 ហ៊ុន សែន
  ចូ បៃឌិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com