ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីកម្ពុជា៖ កុំចង់បានលុយពីទេសចរបរទេស ដែលមិនបានចាក់វ៉ាក់សាំង
17, May 2022 , 2:55 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល នៅតែអនុវត្តវិធានការធ្វើចត្តាឡីស័ក សម្រាប់អ្នកទេសចរ និងដំណើរពីក្រៅប្រទេសចូលមកកម្ពុជា ដោយគ្មានការលើកលែងឡើយ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ ឆ្លើយតបទៅលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលសំណូមពរឱ្យរដ្ឋាភិបាលដកការធ្វើចត្តាឡីស័កពីអ្នកដំណើរបរទេស ដើម្បីសម្រួលដល់អ្នកមិនបានចាក់វ៉ាក់សាំង ក្នុងទិសដៅទាក់ទាញភ្ញៀវទេសចរ។


«កុំចង់បានលុយពីក្រុម(ទេសចរបរទេស ដែលមិនចាក់វ៉ាក់សាំង) ហ្នឹង ។ បើចង់ចូលស្រុកខ្មែរ សូមចាក់វ៉ាក់សាំង»។ នេះជាការលើករបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា បើរដ្ឋាភិបាលដកការធ្វើចត្តាឡីស័កពីអ្នកដំណើរបរទេស ដើម្បីទាក់ទាញភ្ញៀវទេសចរនោះ វានឹងបង្កឱ្យមានបញ្ហាធំៗ២កើតឡើង។
 
បញ្ហាទី១នោះ គឺវាធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល នឹងត្រូវរលាយ។ បញ្ហាទី២ វានឹងធ្វើឱ្យអ្នកដំណើរ និងភ្ញៀវបរទេស ដែលមិនព្រមចាក់វ៉ាក់សាំងការពារអាយុជីវិត សម្រុកចូលមកកម្ពុជា ដែលអាចបង្កហានិភ័យនៃការផ្ទុះជំងឺកូវីដ-១៩ ឡើងវិញ ។ នេះជាការយល់ឃើញរបស់សម្ដេច ហ៊ុន សែន ដែលប្រកាសមិនលុបវិធានការចត្តាឡីស័កពីអ្នកដំណើរបរទេសឡើយ។
 
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេច នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា៖«មុនមកស្រុកខ្មែរ (ភ្ញៀវទេសចរបរទេស) គួរតែចាក់វ៉ាក់សាំងឱ្យហើយ ហើយបើអ្នកឯងចាក់វ៉ាក់សាំងឱ្យហើយ មកដល់ស្រុកខ្មែរ ស្រួលជាងស្រុកអ្នកឯងទៀត ស្រួលលើសស្រុកដទៃទៀត។ ស្រួលត្រង់ថា មកដល់(ស្រុកខ្មែរ) អត់ត្រូវធ្វើតេស្តអីទាំងអស់ ហើយដើរចុះ អត់មានធ្វើចត្តាឡីស័ក អត់មានធ្វើតេស្តអីទេ»។
 
មូលហេតុលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចង់សំណូមពរឱ្យរដ្ឋាភិបាលដកការធ្វើចត្តាឡីស័កពីអ្នកដំណើរបរទេស ដើម្បីសម្រួលដល់អ្នកមិនបានចាក់វ៉ាក់សាំង ក្នុងទិសដៅទាក់ទាញភ្ញៀវទេសចរ។ នោះក៏ព្រោះតែលោក ថោង ខុន បានទទួលព័ត៌មានថា ប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម កំពុងរៀបចំសម្រួលវិធានការចត្តាឡីស័កបែបនេះ ដើម្បីឱ្យទេសចរមិនបានចាក់វ៉ាក់សាំង ចូលទៅលេងប្រទេសគេ។
 
តែយ៉ាងណាសម្ដេច ហ៊ុន សែន នៅតែយល់ថា ការដកវិធានការចត្តាឡីស័កបែបនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពក្នុងប្រទេស។ ដូច្នេះសម្ដេច យល់ថា បើថៃ និងវៀតណាម ចង់ដក់វិធានការចត្តាឡីស័កនោះ ទុកឱ្យប្រទេសគេអនុវត្តទៅ ដោយសារប្រទេសទាំងពីរ នៅមានករណីផ្ទុះកូវីដ-១៩ ច្រើន ដែលផ្ទុយពីកម្ពុជា កំពុងមានស្ថានភាពល្អប្រសើរ និងគ្មានករណីផ្ទុះខ្លាំងដូចមុន។
 
«ជួនកាល ការឃោសនាដើម្បីទាក់ទាញទេសចរនេះ គឺជារបៀបទាក់ទាញទេសចរ ដែលវាអាចនឹងប្រហារស្ថានភាពនូវស្ថានភាពខាងក្នុង(កម្ពុជា)។ ការដែលយើងបានមកដល់ពេលនេះ (កូវីដ-១៩ ស្ងប់ស្ងាត់) មិនមែនជារឿងលេងសើចទេ»។ សម្ដេច បន្ថែមបែបនេះ។
 
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវបរទេស រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃទី១៧ មីនា ២០២២ ដោយមិនតម្រូវឱ្យអ្នកដំណើរ ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពេញលេញ មានលិខិតបញ្ជាក់ការធ្វើតេស្តPCR និងធ្វើតេស្តរហ័សពេលមកដល់កម្ពុជាឡើយ ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល ក៏បានកាត់បន្ថយការចត្តាឡីស័ក ពី១៤ថ្ងៃ មក៧ថ្ងៃផងដែរ។ រដ្ឋាភិបាល អនុវត្តគោលនយោបាយទេសចរវ៉ាក់សាំង៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com