កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe សារភាពថា Klopp បានទាក់ទងខ្លួនឱ្យទៅចូលរួមជាមួយ Liverpool
24, May 2022 , 11:29 am        
រូបភាព
Kylian Mbappe សារភាពថារូ បគេធ្លាប់ត្រូវបានលោក Jurgen Klopp ទាក់ទងដើម្បីទៅចូលរួមជាមួយ Liverpool ខណៈដែលខ្លួនកំពុងថ្លឹងថ្លែងជម្រើស មុនពេលសម្រេចចិត្តចុះកិច្ចសន្យាជាមួយ Paris Saint-Germain ជាថ្មីទៀត។


Mbappe ខ្សែប្រយុទ្ធសញ្ជាតិបារាំងត្រូវបានគេចាត់ទុកថាជាកីឡាករដ៏មានតម្លៃខ្ពស់មួយរូបក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ កន្លងមក រូបគេមានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុម Real Madrid ខណៈកិច្ចសន្យារបស់គេជាមួយ PSG ផុតកំណត់នៅចុងរដូវកាលនេះ។
 
បើទោះក្លិបយក្សអេស្ប៉ាញប្រឹងប្រែង ដោយបង្ហាញការចង់បាន Mbappe ទៅកាន់ទឹកដី Santiago Bernabéu យ៉ាងណាក្តី ប៉ុន្តែចុងក្រោយខ្សែប្រយុទ្ធវ័យ២៣ឆ្នាំនៅតែជ្រើសបន្តកិច្ចសន្យាថ្មីជាមួយ PSG រហូតដល់ឆ្នាំ ២០២៥។ 
 
ក្នុងបទសម្ភាសជាមួយកាសែត TeleFoot នៅថ្ងៃទី២៤ ខែឧសភា Mbappe បង្ហើបថាខ្លួនក៏ធ្លាប់មានគំនិតចង់ធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ផងដែរ។
 
«មិនមែនត្រឹមតែ Real Madrid និង PSG ទេ ខ្ញុំបានពិភាក្សាជាមួយលោក Jurgen Klopp អំពីការចូលរួមជាមួយ Liverpool ទៀតផង»។ Mbappe សារភាពដូច្នេះ មុនបន្ថែមថារូបគេធ្លាប់បាននិយាយជាមួយអ្នកចាត់ការអាល្លឺម៉ង់ជុំវិញការផ្លាស់ទៅអង់គ្លេស ហើយអ្វីដែលពិសេសជាងនេះនោះ Liverpool ជាក្លិបសំណព្វរបស់ម្តាយខ្លួនផង។
 
អតីតសមាជិកក្រុម Manaco បន្តទៀតថា៖ «ពួកយើង [Mbappe និង Klopp] បាននិយាយគ្នាបន្តិច ប៉ុន្តែមិនច្រើនពេកទេ...។ គាត់ចង់ឱ្យខ្ញុំទៅ Liverpool តែពិតណាស់ អ្វីដែលសំខាន់បំផុតក្នុងអារម្មរណ៍ខ្ញុំពេលនោះគឺ Real Madrid និង Paris Saint-Germain ប៉ុណ្ណោះ ហើយនៅទីបញ្ចប់ខ្ញុំជ្រើសយកក្លិបក្នុងប្រទេសកំណើតខ្ញុំដដែល»។
 
Mbappe មកទល់ពេលនេះបង្ហាញខ្លួនឱ្យ PSG ១១៥ប្រកួត និងស៊ុតបញ្ចូលទីចំនួន១០៦គ្រាប់។ រូបនេះបានជួយក្រុមយក្សបារាំងឈ្នះជើងឯកលីគកំពូលបារាំង Ligue 1 នៅរដូវកាល ២០២១-២២ នេះ និងជាលើកទី១០ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ៕
 
 

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com