ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ប្រាប់ពិភពលោកថា ៖ រឿងដាក់ទណ្ឌកម្មសេដ្ឋកិច្ច គួរតែឈប់ប្រើទៅ ព្រោះគ្មានផលចំណេញទេ
25, May 2022 , 10:33 am        
រូបភាព
ថ្លែងក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ពីទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២៤ ឧសភា សម្ដេច ហ៊ុន សែន បានប្រាប់ពិភពលោកឱ្យឈប់ប្រើប្រាស់យន្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនានាទៀត ព្រោះវាគ្មានផលចំណេញឡើយ។


ក្នុងបទអន្តរាគមន៍ ឆ្លើយតបនឹងកិច្ចពិភាក្សាពីតួនាទីរបស់កម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេច ហ៊ុន សែន បានបកស្រាយថា កម្ពុជា កំពុងកាន់ដុំថ្មក្តៅក្នុងដៃ ក្នុងនាមជាប្រធានអាស៊ាន។ ដុំថ្មក្ដៅ​ ដែលសម្ដេច ហ៊ុន សែន លើកឡើងនេះ គឺសំដៅលើបញ្ហាក្នុងតំបន់ ជុំវិញស្ថានភាពជម្លោះនយោបាយនៅមីយ៉ាន់ម៉ា និងតំបន់ជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង។ បញ្ហាក្នុងតំបន់ទាំងពីរនេះ គឺជារឿងមួយអន្លើ ដែលត្រូវរកវិធីដោះស្រាយ។
 
បញ្ហាមួយទៀត ដែលប្រធានអាស៊ាន ឆ្នាំ២០២២នេះ ព្រួយបារម្ភទៀតនោះ គឺបញ្ហាខ្វះស្បៀង និងថាមពល នៅក្នុងឆ្នាំ២០២៣ខាងមុខ ដែលកើតចេញពីជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងអូសបន្លាយពេល៣ខែមកនេះ។ សម្ដេច ហ៊ុន សែន មើលឃើញថា បញ្ហាជម្លោះរវាងប្រទេសនៅអឺរ៉ុបខាងកើតទាំងពីរនេះ វាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកហើយ ប៉ុន្តែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដោយសារបញ្ហាជម្លោះនេះ វាកាន់តែជះឥទ្ធិពលអាក្រក់សេដ្ឋកិច្ចសាកលថែមទៀត។

 

ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងចំពោះមុខមន្ត្រី និងធុរកិច្ចជនបរទេស ដូច្នេះថា៖«ឥឡូវនេះ ប្រទេសនានា ដែលមិនប្រឈមបញ្ហា កំពុងតែជួបគ្រោះទ្វេទិស គ្រោះម្ខាងគឺចេញពីសង្គ្រាមរុស្ស៊ី-អ៊ុក្រែន ប៉ុន្តែគ្រោះម្ខាងទៀត គឺចេញពីទណ្ឌកម្ម (សេដ្ឋកិច្ច) តែម្ដង។ រឿងទណ្ឌកម្មនេះ គួរតែឈប់ប្រើទៅ វាអត់បានផ្ដល់ផលប្រយោជន៍ណាមួយ សម្រាប់(ពិភពលោក) សូម្បីតែអ្នកដាក់ទណ្ឌកម្មគេ ក៏ខាតខ្លួនឯងដែរ កុំថាឡើយប្រទេសយើងក្រីក្រ។ ប្រទេសដែលកំពុងដាក់ទណ្ឌកម្ម(សេដ្ឋកិច្ច) ទៅលើរុស្ស៊ីនោះ តើបានអីត្រលប់មកវិញ? កំពុងតែចោទជាបញ្ហា»។
 
ក្នុងន័យនេះ ប្រធានអាស៊ាន ក៏បានព្យាយាមពន្យល់ថា បើសិនជាប្រទេសរុស្ស៊ី កាត់ផ្ដាច់ឧស្ម័ន ឈប់លក់ឱ្យប្រទេសតំបន់អឺរ៉ុប ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចនេះ ប្រទេសប្រាកដជាគ្មានឧស្ម័នប្រើប្រាស់ឡើយ។

«ឥឡូវខ្ញុំលើកឧទាហរណ៍មួយ ប្រសិនបើរុស្ស៊ីកាត់ផ្ដាច់ឧស្ម័នភ្លាមឈប់បញ្ជូនមកប្រទេសអឺរ៉ុប តើប្រទេសអឺរ៉ុបនឹងប្រើប្រាស់អ្វីជំនួសឧស្ម័ន ? តើទៅកាប់ឈើ?កាប់ឧស? ដើម្បីចម្អិនអាហារមែនទេ។ នេះមិនទាន់ដល់កម្រិតរុស្ស៊ី កាត់ឧស្ម័នចេញពីអឺរ៉ុបទេ។ ឥឡូវនេះ សូម្បីតែអ្វីដែលធ្លាប់នាំចេញទៅរុស្ស៊ី ឬរុស្ស៊ីធ្លាប់នាំចេញមក ទាំងអស់គ្នាសុទ្ធតែខាត ព្រោះវាប្រៀបដូចជាការបិទទ្វារអ៊ីចឹង កាលណាបិទហើយយើងក៏ចេញមិនរួច គេក៏ចូលមិនបាន»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ឬប្រទេសណាមួយនោះ គឺវាស្រោចត្រូវទាំងអស់គ្នា មិនថាប្រទេសធំ តូច ឬអ្នកមិនពាក់ព័ន្ធឡើយ។
 
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន ក៏បានបង្ហាញពីកង្វល់នៃវិបត្តិថាមពល និងស្បៀងផងដែរ។ សម្ដេច បានពន្យល់ថា បច្ចុប្បន្នពិភពលោក កំពុងជួបបញ្ហាវិបត្តិថាមពល ដោយសារតែប្រេងឥន្ធនៈឡើងថ្លៃ ដែលកើតចេញពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។ នោះក៏ព្រោះតែរុស្ស៊ី និងបណ្ដាប្រទេស ផលិតប្រេងផ្សេងទៀត ផ្អាកការផលិត និងការនាំចេញ ដែលជះឥទ្ធិពលអវិជ្ជមានជាសាកល។
 
អត្ថបទទាក់ទង
 
បញ្ហាខ្វះប្រេង និងថាមពលនេះ ក៏អាចជះឥទ្ធិពលដល់ប្រទេសផលិតស្រូវ និងពោតសាលី ក៏ដូចជាតម្លៃទំនិញ និងការដឹកជញ្ជូន ដែលបង្កឱ្យមានបញ្ហាសន្តិសុខស្បៀងផងដែរ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលសង្ឃឹមថា បញ្ហាសន្តិសុខស្បៀងនៅតំបន់អាស៊ាន នឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរពេកទេ ប៉ុន្តែក៏ត្រូវរកដំណោះស្រាយទប់ស្កាត់បញ្ហានេះដែរ៕
 

Tag:
 ហ៊ុន សែន
  សេដ្ឋកិច្ច
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com