ជាតិ
សង្គមជាតិ
កម្ពុជា និងវៀតណាម នឹងសម្រេចបន្ទាត់ព្រំដែន ៦ភាគរយទៀត នៅមណ្ឌលគិរី រតនគិរី ស្វាយរៀង តាកែវ និងត្បូងឃ្មុំ
30, May 2022 , 10:20 am        
រូបភាព
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការងារព្រំដែន ។ រូបពីហ្វេសប៊ុកលោកស្រី
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការងារព្រំដែន ។ រូបពីហ្វេសប៊ុកលោកស្រី
ដោយ ៖ ធន់ សេងហុង 
 
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីព្រំដែនទ្វេភាគី ៦ភាគរយបន្ថែមទៀត នៅក្នុងអំឡុងឆ្នាំ២០២២នេះ។

 
លោកស្រី​ កុយ ពិសី ​អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែនកម្ពុជា​​ បានបញ្ជាក់ថា បន្ទាត់ព្រំដែនដែលភាគីទាំងពីរសម្រេចបាន៦ភាគរយបន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ ។
 
លោកស្រី​ កុយ ពិសី ​​បានប្រាប់សារព័ត៌មានថ្មីៗនាថ្ងៃទី២៩ខែឧសភា ថា ៖ «ការសម្រេចបន្ទាត់ព្រំដែន ៦ភាគរយនេះ គឺកម្ពុជាកំពុងរង់ចាំតែភាគីវៀតណាមឆ្លើយតប ដើម្បីរៀបចំពីធីចុះហត្ថលេខាប៉ុណ្ណោះ»។
 
លោកស្រី កុយ ពិសី បានបន្តថា បន្ទាត់ព្រំដែនសម្រេចបានជាបន្តបន្ទាប់នេះ ជាផ្នែកមួយរួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលល្អ សម្រាប់ការធ្វើដំណើរ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមព្រំដែនផងដែរ ។ 
 
កាលពីថ្ងៃទី១២ ឧសភា សម្ដេច ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅអាម៉េរិក និងកាណាដា នៅទីក្រុងវ៉ាស៊ីនតោនថា កម្ពុជា និងវៀតណាម បានសម្រេចបន្ទាត់ព្រំដែនបាន ៦ភាគរយបន្ថែមទៀត ដែលស្មើនឹង៩០ភាគរយ ។ បើតាមប្រមុខរដ្ឋាភិបាល ក្រុមការងារព្រំដែនកម្ពុជា និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីព្រំដែនទ្វេភាគី ៦ភាគរយបន្ថែមទៀត នៅក្នុងអំឡុងឆ្នាំ២០២២នេះ។
 
ការសម្រេចបាននេះធ្វើឡើងក្រោយសន្ធិសញ្ញា​បំពេញបន្ថែម ដែល​រដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ទទួលស្គាល់​បង្គោល​ព្រំដែន​ដែល​ភាគី​ទាំងពីរ បាន​បោះ​រួចរាល់​ចំនួន ៨៤​ភាគរយ ។
 

© រក្សាសិទ្ធិដោយ thmeythmey.com