ជាតិ
ព្រំដែន
កម្ពុជា និងវៀតណាម សម្រេចបន្ទាត់ព្រំដែនបាន៦ភាគរយបន្ថែមទៀត
12, May 2022 , 10:10 am        
រូបភាព
កម្ពុជា និងវៀតណាម បានសម្រេចបន្ទាត់ព្រំដែនបាន ៦ភាគរយបន្ថែមទៀត ដែលស្មើនឹង៩០ភាគរយហើយ។ នេះបើតាមសម្ដេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅអាម៉េរិក និងកាណាដា នៅថ្ងៃទី១២ ឧសភា នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។


«អ៊ីចឹងគេថា ហ៊ុន សែន លក់ដី ,ហ៊ុន សែន លក់ដី តើដីកន្លែងណា ដែល ហ៊ុន សែន លក់? »។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយបានបញ្ជាក់ថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីព្រំដែនទ្វេភាគី ៦ភាគរយបន្ថែមទៀត នៅពេលខាងមុខ។ 
 
ប្រមុខរដ្ឋាភិបាល បាននិយាយថា៖«ឥឡូវចុងក្រោយនេះ ការចរចារវាងគណៈកម្មាធិការព្រំដែនទាំងពីរ(កម្ពុជា-វៀតណាម) បានសម្រេច៦ភាគរយបន្ថែមទៀត បូកទៅវាបាន៩០ភាគរយ»។
 
ត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លៀតផ្លែផ្កាទៅអ្នករិះគន់សម្ដេចពីបញ្ហាព្រំដែន ក្នុងន័យនេះថា បើសម្ដេច កាត់ដីឱ្យវៀតណាមនោះ មិនមែនរដ្ឋាភិបាលសម្ដេច សុខចិត្តចំណាយពេលរាប់ឆ្នាំ ដើម្បីចរចាជាមួយវៀតណាម រកច្រកផ្លូវគូសបន្ទាត់ និងបោះបង្គោលព្រំដែនឡើយ។
 
« ក្នុងចំណុចនេះ ខ្ញុំគួរតែនិយាយបន្តិចដែរថា បើគួរតែឱ្យដីគេដដែល ចាំបាច់អីចរចាយូរឆ្នាំម្ល៉េះ។ និយាយគ្នាឱ្យច្បាស់នូវកន្លែងហ្នឹង ចាំបាច់អីទៅចុះហត្ថលេខា ម្ដងបាន៨៤ភាគរយ ឥឡូវសម្រេចបាន៦ភាគរយទៀត ហើយឯកភាពគ្នាថា នឹងចុះហត្ថលេខានៅក្នុងឆ្នាំ២០២២ អា(ព្រំដែន) ៦ភាគរយ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ក្រោយចុះហត្ថលេខាហើយ ភាគីកម្ពុជា និងវៀតណាម នឹងបោះបង្គោលព្រំដែន លើទីតាំងកំណត់៦ភាគរយនេះ ដោយបង្គោលព្រំដែននីមួយៗ សុទ្ធតែមានការកំណត់សម្គាល់ទីតាំងដោយប្រព័ន្ធផ្កាយរណប។ 
  


កាលពី​ថ្ងៃទី​៥​ធ្នូ ២០១៩ ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម​២០១៩ កម្ពុជា​-​វៀតណាម​។​សន្ធិសញ្ញា​បំពេញបន្ថែម ដែល​រដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ទទួលស្គាល់​បង្គោល​ព្រំដែន​ដែល​ភាគី​ទាំងពីរ បាន​បោះ​រួចរាល់​ចំនួន ៨៤​ភាគរយ​។ ចំណែក​សល់​១៦​ភាគរយ​ទៀត ភាគី​ទាំងពីរ​បន្ត​ពិភាក្សា និង​ដោះស្រាយ​បន្តទៀត​។​
 
ក្រោយមកនៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ គណៈកម្មាធិការ​កិច្ច​ការព្រំដែន​កម្ពុជា​និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​ឯកសារ​ផែនទី​ថ្មី មានឈ្មោះ​ជា​ផ្លូវការ​ថា ផែនទី​លេខា​ព្រំដែន ខ្នាត ១/២៥ ០០០ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុក​ប៉ៃ ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។
 
ផែនទី​ខ្នាត ១/២៥ ០០០ គឺជា​ផែនទី ដែល​បង្ហាញ​ពី​ការកំណត់​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​៨៤​ភាគរយ​នេះឯង​។ ផែនទីថ្មី​នេះ ត្រូវបាន​បោះពុម្ព​សរុប​៥០០​ផ្ទាំង ដោយ​ប្រទេស​ដា​ណឺ​ម៉ាក​។ ២៥០​ផ្ទាំង ប្រគល់​មក​ឲ្យ​កម្ពុជា ហើយ​២៥០​ផ្ទាំង ប្រគល់​ទៅ​ឲ្យ​វៀតណាម​។ ​ភាគ​ទាំងពីរ ប្តេជ្ញាចិត្ត​ទាំងអស់គ្នា ថា​នឹង​ព​ន្លឿ​ន​ឲ្យ​ឆាប់​ចប់​លើ​ការបោះបង្គោល​ព្រំដែន​១៦​ភាគរយ​ទៀត ដែល​នៅសល់​។​
 
កម្ពុជា​-​វៀតណាម បាន​ផ្លាស់ប្ដូរ​លិខិត​តូបក​រណ៍​នៃ​ការផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​២០១៩ ក្រោយ​បំពេញ​នីតិវិធី​ផ្ទៃក្នុង រវាង​ប្រទេស​ទាំង​២​ចប់សព្វគ្រប់​ កាលពីថ្ងៃទី​២២​ធ្នូ ២០២០ តាមរយៈលោក ប្រាក់ សុខុន រដ្ឋ​ម​ន្រី្ត​ក្រសួងការបរទេស​កម្ពុ​ជា និងសហប្រតិបត្តិការអន្តរជាតិ និង​លោក ផាម ប៊ិ​ញ​មិញ រដ្ឋមន្ត្រីការបរទេស​វៀតណាម​ ដើម្បីយកទៅអនុវត្តការងារព្រំដែននេះ៕
 

Tag:
 ហ៊ុន សែន
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com