ជាតិ
សង្គមជាតិ
កម្ពុជា​-​វៀតណាម ផ្លាស់ប្ដូរ​លិខិតតូបករណ៍​នៃ​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម​២០១៩
23, Dec 2020 , 4:24 pm        
រូបភាព
លោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ នៅថ្ងៃទី២២ធ្នូ ២០២០។ (រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
លោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ នៅថ្ងៃទី២២ធ្នូ ២០២០។ (រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
​ភ្នំពេញ​៖ កម្ពុជា​-​វៀតណាម បាន​ផ្លាស់ប្ដូរ​លិខិត​តូបក​រណ៍​នៃ​ការផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​២០១៩ ក្រោយ​បំពេញ​នីតិវិធី​ផ្ទៃក្នុង រវាង​ប្រទេស​ទាំង​២​ចប់សព្វគ្រប់​។ ការផ្លាស់ប្ដូរ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២២​ធ្នូ ២០២០ បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៨ ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​វីដេអូ ដោយ​លោក ប្រាក់ សុខុន រដ្ឋ​ម​ន្រី្ត​ក្រសួងការបរទេស​កម្ពុ​ជា និង​លោក ផាម ប៊ិ​ញ​មិញ រដ្ឋមន្ត្រីការបរទេស​វៀតណាម​។


 
​លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិកា​រ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការផ្លាស់ប្ដូរ​លិខិតូបករណ៍​សន្ធិសញ្ញា​បំពេញបន្ថែម​២០១៩​នេះ គឺជា​ដំណើរការ​នៃ​នីតិវិធី​នៃ​ច្បាប់​ដែល​ភាគី​ទាំងពីរ​ព្រមព្រៀងគ្នា ។ លោកស្រី បាន​សង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរ​លិខិតូបករណ៍​នេះ គ្មាន​ការកែប្រែ​ខ្លឹមសារ​ក្នុង​សន្ធិសញ្ញា​ឡើយ​។ 
 
«​សន្ធិសញ្ញា​ដែល​យើង​ផ្លាស់ប្ដូរ​កាល​ម្សិលមិញ ជា​លិខិតតូបក​រណ៍​សច្ចាប័ន​មាន​ពីរ​។ មួយ​គឺ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩ ហើយ​មួយទៀត​គឺជា​ពិធីសារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែនគោល​។ យើង​បាន​បោះបង់គោល​បាន​៨៤​ភាគរយ អ៊ីចឹង​យើង​ឆ្លង​សុំ​ការអនុម័ត​បែបបទ​ផ្ទៃក្នុង​យើង​មាន​រដ្ឋសភា ព្រឹទ្ធសភា បន្ទាប់​គឺ​ដាក់សំណើរ​ទៅ​ព្រះ​ករុណា ដើម្បី​លោក​ឡាយព្រះហស្ត ហើយ​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ហ្នឹង​។ អ៊ីចឹង បែបបទ​ផ្ទៃក្នុង​យើង​ចប់ ហើយ​ប្រទេស​វៀតណាម​គេ​ក៏​ឆ្លង​ផ្ទៃក្នុង​គេច​ប់ យើង​ក៏​ធ្វើការ​ធ្វើការ​ផ្លាស់ប្ដូរ មានន័យថា​ដូច​ជូនដំណឹង​គ្នា ដើម្បី​ឯកសារ​យើង​ចូល​ជា​ធរមាន​ពេញលេញ​យកមកអនុវត្ត​ដែលជា​ការងារ​ចប់សព្វគ្រប់​ហើយ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស្រី កុយ ពិសី ។​
 
​កាលពី​ថ្ងៃទី​៥​ធ្នូ ២០១៩ ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម​២០១៩ កម្ពុជា​-​វៀតណាម​។​សន្ធិសញ្ញា​បំពេញបន្ថែម ដែល​រដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ទទួលស្គាល់​បង្គោល​ព្រំដែន​ដែល​ភាគី​ទាំងពីរ បាន​បោះ​រួចរាល់​ចំនួន ៨៤​ភាគរយ​។ ចំណែក​សល់​១៦​ភាគរយ​ទៀត ភាគី​ទាំងពីរ​បន្ត​ពិភាក្សា និង​ដោះស្រាយ​បន្តទៀត​។​
 
​អ្នកនយោបាយ និង​អ្នកតាមដាន​បញ្ហា​ព្រំដែន​នេះ មានការ​ព្រួយបារម្ភ​ថា កម្ពុជា អាច​ចាញ់​ប្រៀប​វៀតណាម នឹង​ប្រឈម​ការខាតបង់​ទឹកដី​បន្ថែមទៀត​។ ពួកគេ យល់ឃើញថា ការប្រកាស​ឱ្យប្រើ​ច្បាប់​នេះ វា​ហាក់ដូចជា​លឿន​ពេក ខណៈដែល​សង្គម​កម្ពុជា​កំពុង​បែកបាក់​គ្នា និង​មិនទាន់​រក​ចំណុច​ឯកភាព​ជាតិ​បាន​។​
 
​ជុំវិញ​បញ្ហា​ព្រំដែន​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​កម្ពុជា ធ្លាប់ធ្វើ​បទ​បង្ហាញ​ប្រាប់​មហាជន​ថា កម្ពុជា​គ្មាន​ការខាតបង់​ទឹកដី ដោយសារតែ​សន្ធិសញ្ញា​បំពេញបន្ថែម​នោះទេ ពោលគឺ​កម្ពុជា​មានតែ​ទទួលបាន​ផលចំណេញ​ពី​កិច្ចព្រមព្រៀង​បំពេញបន្ថែម​នេះ​។ បើតាម​លោក វ៉ា គឹមហុង រដ្ឋាភិបាល​បោះបង្គោល​ព្រំ​ដែន​នេះ មិន​ធ្វើឱ្យប៉ះពាល់​ដល់​ពលរដ្ឋ ហើយក៏​មិន​ធ្វើឱ្យ​ពួកគេ​ស្រក់​ទឹកភ្នែក​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ គឺ​ដើម្បី​ការពារ​ពលរដ្ឋ​នៅតាម​ព្រំដែន​ប៉ុណ្ណោះ​។​
 
​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​ឯកសារ​ផែនទី​ថ្មី មានឈ្មោះ​ជា​ផ្លូវការ​ថា ផែនទី​លេខា​ព្រំដែន ខ្នាត ១/២៥ ០០០ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុក​ប៉ៃ ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។​
 
​ផែនទី​ខ្នាត ១/២៥ ០០០ គឺជា​ផែនទី ដែល​បង្ហាញ​ពី​ការកំណត់​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​៨៤​ភាគរយ​នេះឯង​។ ផែនទី​ថ្មី​នេះ ត្រូវបាន​បោះពុម្ព​សរុប​៥០០​ផ្ទាំង ដោយ​ប្រទេស​ដា​ណឺ​ម៉ាក​។ ២៥០​ផ្ទាំង ប្រគល់​មក​ឲ្យ​កម្ពុជា ហើយ​២៥០​ផ្ទាំង ប្រគល់​ទៅ​ឲ្យ​វៀតណាម​។ ភាគ​ទាំងពីរ ប្តេជ្ញាចិត្ត​ទាំងអស់គ្នា ថា​នឹង​ព​ន្លឿ​ន​ឲ្យ​ឆាប់​ចប់​លើ​ការបោះបង្គោល​ព្រំដែន​១៦​ភាគរយ​ទៀត ដែល​នៅសល់​។​
 
១/២៥ ០០០ គឺ​ប្រវែង​១​សង់ទីម៉ែត្រ លើ​ផែនទី ស្មើនឹង​២៥ ០០០ សង់ទីម៉ែត្រ ឬ​២៥០​ម៉ែត្រ នៅលើ​ដី​។ ១/៥០ ០០០ គឺ​ប្រវែង​១​សង់ទីម៉ែត្រ លើ​ផែនទី ស្មើនឹង​៥០ ០០០ សង់ទីម៉ែត្រ ឬ​៥០០​ម៉ែត្រ នៅលើ​ដី​។ ១/១០០ ០០០ គឺ​ប្រវែង​១​សង់ទីម៉ែត្រ លើ​ផែនទី ស្មើនឹង​១០០ ០០០ សង់ទីម៉ែត្រ ឬ​ស្មើនឹង​១០០០​ម៉ែត្រ ឬ​ស្មើនឹង​១​គីឡូម៉ែត្រ នៅលើ​ដី​៕ 
 

Tag:
 តុ​បក​រណ៍​
  សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម​២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com