ជាតិ
សហជីពណាហ្កាវើលដ៏ បានហែញត្តិដាក់ទៅខុទ្ទកាល័យសម្ដេច ហ៊ុន សែន និងរដ្ឋសភា
20, Jun 2022 , 12:19 pm        
រូបភាព
តំណាងសហជីព និងកម្មករនិយោជិតណាហ្កាវើលដ៏ យកញត្តិទៅដាក់នៅខុទុកាល័យសម្ដេច នាព្រឹកថ្ងៃទី ២០មិថុនា ២០២២។
តំណាងសហជីព និងកម្មករនិយោជិតណាហ្កាវើលដ៏ យកញត្តិទៅដាក់នៅខុទុកាល័យសម្ដេច នាព្រឹកថ្ងៃទី ២០មិថុនា ២០២២។
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ សហជីព និងកម្មករនិយោជិតណាហ្កាវើលដ៏ នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ បាននាំគ្នាហែញត្តិទៅដាក់នៅខុទ្ទកាល័យរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា ដើម្បីឱ្យសម្ដេចជួយជំរុញរកដំណោះស្រាយឱ្យពួកគេ។

 
សហជីព និងកម្មករនិយោជិតណាហ្កាវើលដ៏ ជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅមុខវត្តបទុមវតីរាជវរារាម ហើយដង្ហែញត្តិទៅដាក់នៅខុទ្ធកាល័យសម្ដេច ហ៊ុន សែន ដោយមានមន្ត្រីចេញមកទទួល ស្របពេលដែលនាយករដ្ឋមន្រ្តី កំពុងប្រារព្វពីធីអបអរសាទរខួបលើក៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នាខេត្តត្បូងឃ្មុំ។ 
 
ចេញពីទីតាំងនោះ ក្រុមអ្នកតវ៉ាទាំងនោះ បានបន្តដំណើរទៅកាន់រដ្ឋសភា ដើម្បីបន្តដាក់ញត្តិដដែលនេះ  ប៉ុន្តែអាជ្ញាធរ បានរារាំងមិនឱ្យកម្មករនិយោជិត ហែញត្តិច្រើនគ្នាឡើយ ពោលគឺអនុញ្ញាតឲ្យតែតំណាងណាហ្កាវើលដ៏ ១០នាក់ ទៅដាក់ញត្តិ។
 
កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គាវើលដ៍ បានលើកឡើងថា ការដាក់ញត្តិនៅខុទ្ទកាល័យសម្ដេច និងរដ្ឋសភានេះ ដោយសារតែពុំមានដំណោះស្រាយលើបញ្ហាវិវាទរបស់ពួកគេ ជាមួយក្រុមហ៊ុន។ តំណាងកម្មករណាហ្គាវើលដ៍ បាននាំគ្នាហែយកទៅដាក់នៅរដ្ឋសភាម្ដងហើយ។
 
កញ្ញាបានបញ្ជាក់៖« ខ្ញុំហែញត្តិទាំងអស់គ្នា ព្រោះខ្ញុំចង់ឱ្យរដ្ឋសភាឃើញថា ឥឡូវនេះមានប្រជាពលរដ្ឋច្រើនណាស់ ដែលមិនសុខចិត្តហើយមានបញ្ហាការងារច្រើនមែនទែន មិនមែនមានតែ ១០ ទៅ២០នាក់ទេ»។
 
វិវាទការងារនេះ មានការអូសបន្លាយពេលយូរហើយ ដោយកម្មករនិយោជិត បានចេញធ្វើកូដកម្មអស់រយៈពេល ៦ខែមកហើយ តាំងពីចុងឆ្នាំ២០២១មក តែពុំទាន់មានដំណោះស្រាយសមស្របណាមួយជូនពួកគេ។ 
 
កញ្ញា ស៊ីថរ លើកឡើង បន្តថា៖ «មូលហេតុដែលបងប្អូនកម្មករមិនព្រមទទួលយកសំណង ដោយសារមានពាក់ព័ន្ធជាមួយសេរីភាពរបស់សហជីពនៅកន្លែងធ្វើការ ។ អ៊ឹចឹងការបញ្ឈប់ថា្នក់ដឹកនាំសហជីព សមាជិកសហជីពមិនមានសំណង នោះមិនមែនជាដំណោះស្រាយទេ ព្រោះវាប៉ះពាល់សិទ្ធិសេរីភាពសហជីព»។
 
ការដាក់ញត្តិទៅសម្ដេចមាន ៣ចំណុចដែលសំខាន់ គឺនិយោជកណាហ្កាវើលដ៏ ត្រូវទទួលកម្មករនិយោជិតប្រមាណ ២០០នាក់ឱ្យចូលធ្វើការវិញ។ មួយទៀត សម្រាប់និយោជិតឯកភាពទទួលយកសំណង គឺពួកគេស្នើសុំឱ្យក្រុមហ៊ុនទូទាត់ឱ្យបានត្រឹមត្រូវតាមច្បាប់ និងចុងក្រោយ ពួកគេទាមទារឱ្យតុលាការទម្លាក់បទចោទលើថ្នាក់ដឹកនាំសកម្មជនសហជីពចំនួន ១៥នាក់ ដែលត្រូវបានចោទប្រកាន់កន្លងមក ។ នេះបើតាម កញ្ញា ស៊ីថរ។
 
កន្លងមកក្រុមអ្នកតវ៉ាទាំងនោះ បានស្វែងរកស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីជួយដោះស្រាយវិវាទនេះ តែមិនមានដំណោះស្រាយ។ បើតាមកញ្ញា ស៊ីថរ ស្ថាប័នទាំងនោះភាគច្រើនលម្អៀងទៅលើនិយោជក ដូច្នេះតំណាងកម្មករ និងកម្មករទាំងអស់ មានតែស្នើទៅដល់សម្ដេច ដើម្បីឱ្យជំរុញជួយរកដំណោះស្រាយឱ្យពួកគេប៉ុណ្ណោះ។
 
កញ្ញាបន្លឺសម្ដីថា ក្រៅពីសម្ដេចប្រហែលមិនមានស្ថាប័នមួយណា អាចជួយពួកគេបាននោះទេ ជុំវិញវិវាទការងាររបស់និយោជក និងកម្មករនិយោជិតណាហ្កាវើលដ៏។ ពួកគេសង្ឃឹម សម្ដេចអាចជំរុញ និងជួយរកដោះស្រាយពីបញ្ហាវិវាទរបស់ពួកគេបាន៕
 
 

Tag:
 វិវាទការងារ
  ណាហ្កាវើលដ៏
© រក្សាសិទ្ធិដោយ thmeythmey.com