អន្តរជាតិ
ណាតូ អញ្ជើញហ្វាំងឡង់និងស៊ុយអែត ចូលជាសមាជិកជាផ្លូវការ
30, Jun 2022 , 1:58 pm        
រូបភាព
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃសមាជិកអង្គការណាតូ ថតរូបជុំគ្នានៅថ្ងៃទី២៩ ខែមិថុនា។ រូបភាពយកពីTwitter ប្រធានាធិបតីអាម៉េរិក
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃសមាជិកអង្គការណាតូ ថតរូបជុំគ្នានៅថ្ងៃទី២៩ ខែមិថុនា។ រូបភាពយកពីTwitter ប្រធានាធិបតីអាម៉េរិក
សម្ព័ន្ធយោធាណាតូ បានអញ្ជើញហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិករបស់ខ្លួនជាផ្លូវការ។ នេះបើតាមសេចក្តីប្រកាសកិច្ចប្រជុំក្រុងម៉ាឌ្រីដចេញនៅថ្ងៃទី២៩ ខែមិថុនា។ ការអញ្ជើញនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយតួកគីយល់ព្រមដកសិទ្ធិវេតូរបស់ខ្លួនទៅលើការសុំចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែត។


 
តួកគី ស៊ុយអែត និងហ្វាំងឡាំង នៅថ្ងៃទី២៨ ខែមិថុនា បានចុះហត្ថលេខាលើអនុស្សរណៈ ដោយសន្យាការពារសន្តិសុខគ្នាទៅវិញទៅមក ហើយស៊ុយអែត និងហ្វាំងឡង់ ព្រមដោះស្រាយក្តីបារម្ភរបស់តួកគីជុំវិញភេរវកម្ម និងដកបម្រាមលក់អាវុធ។ មិនតែប៉ុណ្ណោះ តួកគីយល់ព្រមដកសិទ្ធិវេតូរបស់ខ្លួនទៅលើការសុំចូលជាសមាជិកណាតូរបស់ប្រទេសទាំងពីរផង។ មួយថ្ងៃបន្ទាប់ពីក្រុងអង់ការ៉ាបើកភ្លើងបៃតង សម្ព័ន្ធយោធាណាតូ បានអញ្ជើញហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិករបស់ខ្លួនជាផ្លូវការ។ 
 
«ថ្ងៃនេះ យើងសម្រេចអញ្ជើញហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិកសមាជិកណាតូ និងយល់ព្រមចុះហត្ថលេខាលើអនុស្សរណៈចូលជាសមាជិក»។ សេចក្តីប្រកាសកិច្ចប្រជុំក្រុងម៉ាឌ្រីដដែលធ្វើដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃសមាជិកអង្គការណាតូ បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៩ ខែមិថុនា ដោយបន្តថា​ ការចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែត នឹងធ្វើឱ្យប្រទេសទាំងពីរកាន់តែមានសុវត្ថិភាពជាងមុន។ 
 
បើតាមសេចក្តីប្រកាសដដែល អង្គការណាតូ បានចាត់ទុកសន្តិសុខរបស់ក្រុងហែលស៊ិនគី ​និងស្តុកខុល គឺសំខាន់សម្រាប់សម្ព័ន្ធយោធា បើទោះប្រទេសទាំងពីរស្ថិតក្នុងនីតិវិធីនៃការចូលជាសមាជិកក៏ដោយ។ 
 
ក្នុងនីតិវិធីបន្ទាប់ ការសម្រេចចិត្តនេះ នឹងធ្លាក់ទៅក្នុងដៃសភានៃសមាជិកណាតូទាំង៣០ ដើម្បីផ្តល់សច្ចាប័ន។ មេដឹកនាំណាតូ រំពឹងថា ការចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែត នឹងមានភាពឆាប់រហ័ស និងមិនធ្លាប់មានពីមុនមក ដើម្បីបង្ហាញពីសាមគ្គីភាពប្រឆាំងនឹងលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ ប្រមុខណាតូ លោក Jens Stoltenberg បានហៅការអញ្ជើញប្រទេសទាំងពីរចូលជាសមាជិក ជាសេចក្តីសម្រេចប្រវត្តិសាស្រ្ត។ 
 
ក្នុងអំឡុងជំនួបនៅក្រុងម៉ាឌ្រីដ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រកាសពីការពង្រឹងកម្លាំងទ័ពរបស់សម្ព័ន្ធយោធាណាតូ ស្របពេលរុស្ស៊ីកំពុងឈ្លានពានអ៊ុយក្រែន។ ក្នុងសន្និសីទមួយជាមួយលោក Stoltenberg លោក បៃឌិន បានលើកឡើងថា អាម៉េរិក និងសម្ព័ន្ធមិត្ត នឹងពង្រឹងសមត្ថភាពបន្ថែម ដើម្បីធានាថា អង្គការណាតូនឹងដើរតួនាទីសំខាន់ជាងពេលណាទាំងអស់។ មិនតែប៉ុណ្ណោះ អាម៉េរិក គ្រោងពង្រឹងកម្លាំងយោធាខ្លួននៅបណ្តាប្រទេសអឺរ៉ុបថែមទៀត ដើម្បីឆ្លើយតបនឹងការគំរាមកំហែង ដែលបង្កដោយរុស្ស៊ី។ 
 
ក្នុងថ្ងៃដដែលនោះ អង្គការណាតូ បានអនុវត្តឯកសារទស្សនទានយុទ្ធសាស្រ្ត សម្រាប់សម្ព័ន្ធយោធាដែរ ដើម្បីកំណត់ពីអាទិភាព កិច្ចការស្នូល និងចំណាត់ការផ្សេងៗសម្រាប់ទសវត្សរ៍ខាងមុខ។ ឯកសារដែលបានបន្ថែមព័ត៌មានចុងក្រោយនៅឆ្នាំ២០១០ មួយនេះ ក៏បានបញ្ជាក់ពីបញ្ហាប្រឈមរបស់អង្គការណាតូ រួមទាំងគោលដៅសំខាន់ៗ ដើម្បីធានាពីកិច្ចការពារបែបសមូហភាពផង៕ 
 

Tag:
 ហ្វាំងឡង់
  ស៊ុយអែត
  ណាតូ
  តួកគី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com